កូរ៉ូណាវីរុស ៖ កម្ពុជាស្ថិតក្នុងចំណោម ៧ប្រទេស ប្រឈមផលប៉ះពាល់សេដ្ឋកិច្ចពីចិន

  • 2020-02-11 08:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឆ្លង​ថ្មី​កូរ៉ូណា​វីរុស នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ប្រទេស​ជា​ច្រើន​ជា​ពិសេស​ដែល​ក្រី​ក្រ បើទោះ​បី​ជា​ពួកគេ​មិ​នមាន​របាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​ក៏​ដោយ។

យោង​តាម​ការ​សិក្សា​ថ្មី​បង្ហាញ​ថា ផល​ផលប៉ះពាល់​បណ្ដាល​មក​ពី​ការធ្លាក់ចុះនៃតម្លៃទីផ្សារភាគហ៊ុន, ការ​ផ្អាក​ផលិតកម្ម, ការ​បិទព្រំដែន និង​ការ​លុបចោលជើងហោះហើរ​ជា​ដើម។ លើស​ពី​នេះ​ទៀត តម្រូវ​ការ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ១% ដែល​បណ្ដាល​ឲ្យ​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម ប្រឈម​ខាតបង់​ទំនិញ​ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ ៤ប៊ីលាន​ដុល្លារ ដោយ​សារ​ការ​បិទ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ហើយ ០,៦%​ទៀត​ដោយ​សារ​វិស័យ​ទេសចរ​ចិន មកកាន់​ប្រទេស​របស់​ពួកគេ។

ផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃការផ្ទុះឡើងនៃមេរោគនេះ ត្រូវបានទទួលការចាប់អារម្មណ៍ពីបណ្តាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនតាមរយៈពាណិជ្ជកម្ម, ការវិនិយោគ និង​ការ​បំលាស់​ទី​របស់​ប្រជាជន។ ម៉ុងហ្គោល, កម្ពុជា និងឡាវ គឺជាប្រទេសអាស៊ីដែលមានការប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺមីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម។ ភាគច្រើននៃប្រទេសទាំងនេះ នាំចេញច្រើនជាងមួយភាគប្រាំមួយនៃការនាំចេញសរុប​ក្នុង​ប្រទេស ទៅកាន់ប្រទេសចិនហើយ​ប្រទេស​ខ្លះ​មាន​ដល់ ៩០%។ ក្រៅពីនេះ ច្រើនជាងមួយភាគប្រាំនៃចំនួនអ្នកទេសចរសរុបក្នុងប្រទេសមីយ៉ាន់ម៉ា, ថៃ, ម៉ុងហ្គោល, កម្ពុជា និងវៀតណាម គឺ​សុទ្ធ​តែ​ជា​ភ្ញៀវទេសចរចិន។

ជាក់​ស្ដែង​បើ​គិត​ត្រឹមរយៈ​ពេល​ជាង ២​ខែ​នៃ​ការ​ផ្ទុះ​វីរុស​នេះ​ឡើង វិស័យ​នាំ​ចេញ​ផលិតផល​កសិកម្ម​វៀត​ណាម​ទៅ​ចិន បាន​ធ្លាក់​ចុះ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៨០០​លាន​ដុល្លារ។ ក្រសួងឧស្សហកម្ម-ពាណិជ្ជកម្មចិន ព្រមាន​ថា​ប្រសិន​បើ​មិន​មាន​ការ​ទប់ស្កាត់​ទាន់​ពេល​ក្នុង​រយៈ​ពេល ៣​ខែ​ទេ ទំហំ​ការ​ខាត​បង់​អាច​នឹង​ឡើង​ពី​ចន្លោះ ៤០០ ទៅ ៦០០​លាន​ដុល្លារ។ ប្រសិន​បើ​ជំងឺ​នេះ​នៅ​តែ​អូស​បន្លាយ​ពេល​យូរ​ជាង​នេះ​ទៀត តួលេខ​អាច​នឹង​ឡើង​ដល់​ពី ៦០០ ទៅ ៨០០​លាន​ដុល្លារ។ ការ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​របស់​វៀត​ណាម​នេះ គឺ​បណ្ដាល​មក​ពី​ការ​បិទ​ចក្រ​ព្រំ​ដែន​ភាគ​ខាង​ជើង​ប្រទេស​ជា​មួយ​ចិន ដើម្បី​ទប់ស្កាត់​នៃ​ការ​ឆ្លង​រាល​ដាល​កូរ៉ូណា​វីរុស។

ក្រឡេក​មក​មើល​ខាង​ប្រទេស​ថៃ​ឯណេះ​វិញ វិស័យ​ទេសចរ​របស់​ខ្លួន​ពី​ភ្ញៀវ​ចិន បាន​ធ្លាក់​ចុះ​ប្រមាណ ៥៨%​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ចិន ស្មើ​នឹង ២០​ម៉ឺន​នាក់ បើ​ធៀប​នឹង​រដូវ​កាល​ចូល​ឆ្នាំ​ល់​មុន ដែល​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ខាតបង់​ចំណូល​ប្រមាណ ២៩២​លាន​ដុល្លារ។ យោង​តាម​ស្ថិតិ​បង្ហាញ​ថា ប្រហែល ៦០% នៃចំនួនអ្នកទេសចរចិន ធ្វើ​ដំណើរ​កម្សាន្ដ​មក​កាន់​ប្រទេស​ថៃ​តាម​រយៈ​កញ្ចប់​ធូរ។ ការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីប្រទេសចិនបានដាក់កម្រិតលើការធ្វើដំណើរជាក្រុម (កញ្ចប់ធួរ) ដែលជាសកម្មភាពមួយដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគឆ្លងវីរុសនេះ។ គួរបញ្ជាក់​ថា ផ្អែកលើទិន្នន័យផ្លូវការភ្ញៀវទេសចរប្រមាណ ១០,៩ លាននាក់មកពីប្រទេសចិនដីគោក បានមកលេងប្រទេសថៃក្នុងឆ្នាំ ២០១៩ ដែលជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត។ ភ្ញៀវទេសចរចិន មានចំនួនយ៉ាងហោចណាស់ ៤២៦ ពាន់លានបាត (១៣,៦ ពាន់លានដុល្លារ) ក្នុងចំណូលទេសចរណ៍​របស់​ថៃ​ផង​ដែរ។

មិនខុសពីថៃ និង​វៀតណាម​ប៉ុន្មាន​ទេ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពឹងផ្អែកកាន់តែខ្លាំងឡើងលើការវិនិយោគ និងជំនួយបរទេសរបស់ចិនជាពិសេសនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ។ យោងតាមក្រុមប្រឹក្សាដើម្បីការអភិវឌ្ឍន៍កម្ពុជា​ឲ្យ​ដឹង​ថា គិតចាប់ពីឆ្នាំ ២០១៦ ដល់ខែសីហាឆ្នាំ ២០១៩ ប្រទេសចិនមានទឹកប្រាក់ជិត ៨ ពាន់លានដុល្លារនៃការវិនិយោគផ្ទាល់ ក្នុង​ចំណោម​ការ​វិនិយោគ​ទាំង​អស់​ពីបរទេសចំនួន ២២,៥ ពាន់លានដុល្លារនៅកម្ពុជា។ អ្នក​សេដ្ឋកិច្ច​កម្ពុជា​លោក ង៉ែត ជូ ឲ្យ​ដឹង​ថាវិស័យសេដ្ឋកិច្ចសំខាន់ៗ ចំនួន ៤របស់ប្រទេសកម្ពុជា គឺវិស័យកសិកម្ម, ទេសចរណ៍, វិស័យ​កាត់ដែរ និងសំណង់ មានវិនិយោគិន ៥០ ភាគរយមកពីប្រទេសចិនហើយផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសមក​លើ​កម្ពុជា នឹងអាស្រ័យលើភាពធ្ងន់ធ្ងរនិងរយៈពេលរបស់វា។

គួរ​រំលឹក​ថា មកទល់ពេលនេះ ចំនួនអ្នកស្លាប់ជាផ្លូវការពីការផ្ទុះឡើងនៃវីរុស​កូរ៉ូណា បានកើនឡើងនៅថ្ងៃអង្គារ​នេះដល់ ១ ០១៦ នាក់ហើយ​ដោយរដ្ឋាភិបាលនិយាយថាការឆ្លងសរុបបានកើនឡើងដល់ ៤២ ៦៣៨នាក់៕

ប្រភព៖ asiantown | The Asean Post   ប្រែ​សម្រួល៖ រ័ត្ន