រង្វង់​មូល​​ស្រអែម​​​ខេត្ត​ព្រះវិហារ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

  • 2020-02-12 02:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង្វង់​មូល​ស្រអែម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទី​ប្រជុំ​ជន​ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​ឱ្យ​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃ​ណី​ជាតិ​ខាង​មុខ​។​ នេះ​បើ​តាម​​លោក​​ សំ លាង​ទ្រី​ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ ខេត្ត​ព្រះ​វិហារ​បាន​​ថ្លែង​ប្រាប់​ sabay ។ ​​​​

លោក​បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​ការ​សាង​សង់​សម្រេច​បាន​ជាង​​ ៥០% ខណៈ​​រចនាបថ​​យក​តាម​លំនាំ​​​​សំណង់​យក​ប្រាសាទ​ព្រះវិហារ​ប្រមាណ​ ៧៥​%​​ នៃ​តួ​ប្រាសាទ​ទាំង​មូល​។ ​ចំពោះ​ខ្ទង់​ចំណាយ​​​សាង​សង់​​មាន​​ប្រមាណ​ជាង​ ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​​ បាន​​មក​ពី​ការ​ចូល​រួម​របស់​សប្បុរស​ជន​សុទ្ធ​សាធ​​ ដោយ​មិន​មាន​​ការ​ចំណាយ​ថវិកា​រដ្ឋ​ឡើយ។​

​​រង្វង់​មូល​នេះ​ត្រូវ​សាងសង់​ឡើង​ ដោយ​មាន​អង្កត់ផ្ចិត​៤០​ម៉ែត្រ រូប​សំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ ខ្នាត​១​លើ​២៥ ស្មើនឹង​៧៥%​នៃ​តួ​ប្រាសាទ​ព្រះវិហារ​ដើម មាន​រូប​នាគ​២ ហើយ​នៅ​លើ​រង្វង់​មូល​នេះ​ក៏​នឹង​មាន​ការ​ដាំ​ស្មៅ ផ្កា​និង​ដើមឈើ លម្អ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​។​ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង​។​

លោក​បាន​បន្ថែម​​ថា​ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​ខេត្ត​ព្រះ​វិហារ​ បន្ទាប់ពី​ផ្លូវ​ភ្លោះ​ និង​ បុស្បុក​លោកតា​សួង​​ ដែល​មាន​ លោក​ អ៊ុន​ ចាន់ដា​ ​ជា​អតីត​អភិបាលខេត្ត​​ផ្ដួច​ផ្ដើម​នា​ពេល​កន្លង​មក​​។​ ​ការ​សង់​រង្វង់​មូល​នេះ​ក្នុង​គោលបំណង​កែ​លំអ​សោភ័ណ​ភាព​ទីប្រជុំជន​មួយ​នេះ​ឲ្យ​កាន់តែ​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះវិហារ​កាន់តែ​ច្រើន​ឡើង ។

រង្វង់​មូល​នេះ​​បាន​ធ្វើ​ពិធី​បែប​សាសនា ក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាងសង់ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ​កន្លង​មក​ក្រោម​អធិបតីភាព​លោក​មាស សុភា ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខេត្ត​ព្រះវិហារ៕

អត្ថបទថ្មី