មិន​ខ្វល់​ពី​វីរុស​កូរ៉ូណា ផ្សារ​ឥណ្ឌូនេស៊ី​នៅ​តែ​ដាក់​លក់​ប្រចៀវពស់​ថ្លាន់ និង​កណ្ដុរ​ជា​ធម្មតា

  • 2020-02-14 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​បញ្ជា​ពី​រដ្ឋាភិបាល​ឲ្យ​ផ្អាក​លក់​សត្វ​ព្រៃ​ក៏​ដោយ ប៉ុន្តែ​ផ្សារ​សត្វ​​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​តែ​ដាក់​លក់​សត្វ​ប្រចៀវ ពស់​ថ្លាន់ និង​កណ្ដុរ​ជា​ធម្មតា។

ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បណ្ដាញ​ព័ត៌មាន AFP បាន​នាំ​ពាក្យ​ប្រជាជន​នៅ​ផ្សារ Tomohon កោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី​ថា សកម្មភាព​លក់​ដូរ​សត្វ​ព្រៃ​របស់​ពួក​គេ​ឲ្យ​ប្រជា​ជន​ក្នុង​តំបន់ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​នៅ​តែ​ប្រព្រឹត្ត​ឡើង​ជា​ធម្មតា ទោះ​បី​ជា​អ្នក​អភិរក្ស​សត្វ​ព្រៃ ក៏​ដូច​ជា​រដ្ឋាភិបាល​បាន​ហាម​ឃាត់​ហើយ​ក៏​ដោយ។

ខណៈ​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​បាន​កើន​ឡើង​ហួស​ពី​១០០​០​នាក់​ហើយ​នោះ ហើយ​វីរុស​នេះ​បាន​សាយភាយ​ចេញ​ពី​ផ្សារ​លក់​សត្វ​ព្រៃ​ឆៅ​មួយ​នៅ​ខេត្ត​ Wuhan ប្រទេស​ចិន​នោះ ក៏​ប្រជាជន​នៃ​ផ្សារ​ខាង​លើ​មិន​ចាប់​អារម្មណ៍​នោះឡើយ។

ទន្ទឹម​នឹង​អ្នក​លក់​នៅ​តែ​លក់​ជា​ធម្មតា​នោះ គេ​សង្កេត​ឃើញ​ថា ចំនួន​អ្នក​ទិញ​ក៏​មិន​បា​ធ្លាក់​ចុះ​ច្រើន​ ​ដ្បិត​ពួក​គេ​នៅ​តែ​រក​សាច់​មក​​លក់​ដូច​រាល់​ដង។ ឥវ៉ាន់​ដែល​លក់​ដាច់​ជាង​គេ​នៅ​ផ្សារ​សត្វ​ព្រៃ​នេះ​គឺ ប្រចៀវ ឈាម​ពស់​ថ្លាន់ និង​កណ្ដុរ។ ក្រៅ​ពី​នោះ ផ្សារ​នេះ​ក៏​មាន​លក់​សាច់​សុនក​ផង​ដែរ។

លោក Stenly Timbuleng អ្នក​លក់​ប្រចៀវ​ក្នុង​ផ្សារ​បាន​ថ្លែង​ថា លោក​នៅ​តែ​លក់​ប្រចៀវ​​ក្នុង​តម្លៃ​៤,៤​ដុល្លារ មួយ​គីឡូ ហើយ​មួយ​ថ្ងៃ​លក់​ចេញ​បាន ពី​៤០​ទៅ​៦០​គីឡូ។ បុរស​វ័យ​៤៥​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ការ​រាលដាល​នៃ​វីរុស​មិន​បាន​ប៉ះពាល់​ដល់​អាជីវកម្ម​ឡើយ។ អ្នក​លក់​នៅ​ផ្សារ​នេះ​បាន​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ទិញ​ថា​ សត្វ​ព្រៃ​ទាំង​នេះ​អាច​ព្យាបាល​ជំងឺ​១០​០​មុខ ហើយ​បើ​​ចេះ​ចម្អិន​​ឲ្យ​ត្រឹម​ត្រូវ​គឺ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ៕

ប្រភព៖ Zing   ប្រែសម្រួល៖ Caramel