រដ្ឋមន្ត្រីជប៉ុន ស្នើសុំពលរដ្ឋកុំនៅជុំៗគ្នា ដើម្បីចៀសពីការឆ្លងវីរុសកូរ៉ូណា

  • 2020-02-17 01:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន បានជំរុញឲ្យសាធារណៈជនចៀសពីហ្វូងមនុស្ស និងការជួបជុំមិនចាំបាច់ណាមួយ រួមទាំងការធ្វើដំណើរតាមរថភ្លើងដែលមានមនុស្សច្រើន ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា (COVID-19) នៅក្នុងប្រទេស។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន លោក Katsunobu Kato

លោក Katsunobu Kato បានប្រាប់ឲ្យដឹងថា ជប៉ុនកំពុងចូលមកក្នុងដំណាក់កាលថ្មីមួយទៀត ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា ដែលចម្លងមនុស្សជិត ៦០នាក់នៅក្នុងប្រទេសជប៉ុន។

“យើងចង់សុំឲ្យសាធារណៈជនចៀសវាងការជួបជុំណាមិនចាំបាច់។ យើងចង់ឲ្យមនុស្សចាស់ និងអ្នកដែលមានអាការៈមិនស្រួល ចៀសវាងពីកន្លែងដែលមានមនុស្សច្រើន”។ នេះបើតាមសម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនខាងលើ។

លោក Kato បានបន្ថែមឲ្យដឹងទៀតថា ករណីជាច្រើនដែលមិនទាន់ដឹងមូលហេតុឆ្លងច្បាស់លាស់ និងពាក់ព័ន្ធមនុស្សដែលមិនបានធ្វើដំណើរទៅកាន់ប្រទេសចិនបែបនេះ មានន័យថាប្រទេសជប៉ុនកំពុងឈានចូលដំណាក់កាលថ្មីមួយទៀត។

យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុននឹងធ្វើសេចក្តីព្រាងការណែនាំថ្មី សម្រាប់វេជ្ជបណ្ឌិតអំពីពេលណាដែលសង្ស័យថា អាចកើតមានការឆ្លងមេរោគវីរុសកូរ៉ូណា និងសម្រាប់ប្រជាជនសាមញ្ញ ដើម្បីដឹងថាពេលណា ត្រូវស្វែងរកការព្យាបាល៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង