អ្នកដំណើរជនជាតិថៃ ២នាក់ ចុះពីនាវា Westerdam រកមិនឃើញមានឆ្លងកូរ៉ូណាវីរុស

  • 2020-02-17 02:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដំណើរជនជាតិថៃពីរនាក់ដែលជិះនៅលើនាវាទេសចរណ៍ប្រណីត Westerdam មិនមានសញ្ញានៃវីរុសកូរ៉ូណាទេ បើទោះបីជាអ្នកដំណើរជនជាតិអាមេរិកាំងអាយុ ៨៣ ឆ្នាំម្នាក់នៃនាវាទេសចរណ៍ប្រណីតនេះ បានធ្វើតេស្ត៍វិជ្ជមាន Covid-19 ចំនួនពីរដងដោយមន្ត្រីសុខាភិបាលម៉ាឡេស៊ីក៏ដោយ។

អ្នកដំណើរជនជាតិថៃពីរនាក់ ស្ថិតក្នុងចំណោមអ្នកដំណើរ ៣៥ នាក់ដែលបានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិកាលពីម្សិលមិញ។ អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈលោក Rungrueng Kitphati បាននិយាយថាអ្នកដំណើរទាំង ៣៥ នាក់ត្រូវបានពិនិត្យរកមេរោគឆ្លង ហើយលទ្ធផល​បង្ហាញ​ថា​អវិជ្ជមាន។ អ្នកដំណើរ បានមកដល់កាលពីម្សិលមិញបន្ទាប់ពីត្រូវបានត្រួតពិនិត្យ ដោយអាជ្ញាធរសុខាភិបាលកម្ពុជានៅពេលពួកគេធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។

ទោះយ៉ាងណាអាជ្ញាធរម៉ាឡេស៊ីបានរាយការណ៍ថាស្ត្រីជនជាតិអាមេរិកអាយុ ៨៣ ឆ្នាំម្នាក់ដែលជាអ្នកដំណើររបស់ Westerdam ផងដែរនោះ បានធ្វើតេស្តវិជ្ជមានចំនួនពីរដងសម្រាប់ Covid-19។ ស្ត្រី​រូប​នេះ ត្រូវបានមន្ត្រីសុខាភិបាលរបស់ប្រទេសកម្ពុជា​ធ្វើ​តេស្ដ​រក​ឃើញ​លទ្ធផល​អវិជ្ជមាន Covid-19 មុន​ពេល​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ម៉ាឡេស៊ី​ជាមួយ​ស្វាមី​របស់​ខ្លួន។ ជាមួយគ្នាដែរ ប្ដី​របស់​ស្ត្រី​រូប​នេះ មិន​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ផ្ទុក Covid-19 នោះ​ទេ ប៉ុន្តែ​ត្រូវ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​សិន។

កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សប្រមាណជា ២ ២០០នាក់ ក្នុងនោះអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ ដែលចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវ​បាន​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត​ក្រោយ​ពេល​ដែល កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ រ័ត្ន