Dream Girls Design Contest រកឃើញ​ម្ចាស់​ពាន​ហើយ!

  • 2020-02-17 08:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតគំនូរសុបិន​ស្ត្រី​ រដូវ​កាល​ទី ៩ (Dream Girls Design Contest) បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ក្នុង​ចំណោម​ស្នាដៃ​ឌីហ្សាញ​របស់​យុវតី​ជាច្រើន​រូប ដែល​បាន​ចូលរួម​ប្រកួតប្រជែង ស្នាដៃ​គំនូរ​ជា​ការ​រចនា​ដោយ​យុវតី ប៊ុន រក្សា (Raksa NaGaHiMas) បាន​ទទួល​ជយលាភី​លេខ១។ យុវតីវ័យ១៧ឆ្នាំ​រូបនេះ ទទួលបានពាន​រង្វាន់មួយ អមជាមួយ​ទឹកប្រាក់ចំនួន ១០០០ដុល្លារ ដែល​ទទួល​ការឧបត្ថម្ភ​ដោយ Sabay។

យុវតី រក្សា ទទួលចំណាត់ថ្នាក់លេខ១

ចំណាត់ថ្នាក់​លេខ២ ដែល​មាន​ទឹកប្រាក់ ៣០០ដុល្លារ បានទៅយុវតី វ៉េត បុប្ផា និងចំណាត់ថ្នាក់​លេខ៣ ទឹកប្រាក់ ១០០ដុល្លារ បានទៅ​យុវតី មីសា ពិសី។ ក្រៅពីចំណាត់ថ្នាក់​កំពូលទាំង៣ នេះ នៅមានពាន​រង្វាន់ផ្សេងទៀត ដែលមានដូចជាពាន Special Award បានទៅ​យុវតី ដាលីហ្សា ពាន​កិត្តិយស បានទៅ​យុវតី ៧រូប គឺ រីណា ប៉ូរី ចរិយា គីមសាន លីមមួយ សុខណា និងកញ្ញា។ ពាន Growing Awards បានទៅ ភឿន ផា និងស្រីដួង, ពាន Yamada School of Art បានទៅលីលី ចរិយា និងរីណា ពាន La Corbeille Award បានទៅ ស្រីនាង និងពាន Iseki Sangyo បានទៅ លីលី។

សូមបញ្ជាក់ថា កម្មវិធី​ Dream Girl Design Contest រដូវកាលនេះ ក៏មានព្រះរាជវត្តមាន​ព្រះនាងតូច នរោត្តម ជេណា ចូលរួម​ជាព្រះរាជអធិបតី ផងដែរ។

ព្រះនាងតូច នរោត្តម ជេណា

"Dream Girl Design Contest” ត្រូវ​បាន​​បង្កើត​ឡើង​ដើម្បី​​ផ្ដល់​ឱកាស​ ដល់​នារី​ខ្មែរ​គ្រប់​រូប​ ​ចូលរួម​បញ្ចេញ​សក្ដានុពល ​លើ​ផ្នែក​ក្រាហ្វិក​ឌីហ្សាញ។ ឆ្នាំ ២០២០ នេះ គឺជា​លើក​ទី ៩ ដែលកម្មវិធីនេះ បាន​រៀប​ចំឡើង ខណៈ Sabay ក៏បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ តាំងពីដើមរហូត​មក៕

ស្នាដៃគំនូររបស់ម្ចាស់ជយលាភី
អត្ថបទពេញនិយម