តារា​ចម្រៀង​ប្រុស​ចិន​ត្រូវ​ប្រឈមមុខច្បាប់​ ព្រោះ​បោក​ប្រាស់​រឿង​លក់​ម៉ាស

  • 2020-02-17 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ឈ្មោះ Huang Ji Bei កំពុង​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លូន ក្រោយ​ពេល​បោក​ប្រាស់​រឿង​លក់​ម៉ាស ខណៈ​ប្រទេស​ចិន​កំពុង​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ពី​វីរុស Corona។

បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង Huang Ji Bei ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ បោក​ប្រាស់ ដោយ​ការ​ដាក់​លក់​ម៉ាស​អនឡាញ ខណៈ​កំពុង​មាន​វីរុស​កូរ៉ូណា​វាយ​លុក។

តាម​ប្រភព​ដដែល នារី​ម្នាក់​មក​ពី​សៀង​ហៃ​បាន​កម្ម៉ង​ទិញ​ម៉ាស​ចំនួន ៤​សែន​សន្លឹក​ក្នុង​តម្លៃ ០.៩ យាន់ (០.១៣ ដុល្លារ) ពី​ប្រុស​ស្អាត​វ័យ​២១​​ឆ្នាំ​ខាង​លើ ដោយ​តម្លៃ​សរុប​គឺ ៥២000 ដុល្លារ​ ហើយ​លោក​ស្រី​បាន​កក់​លុយ​ចំនួន ១៥០០០​ដុល្លារ​ឲ្យ​គេ​រួច​ហើយ។

ក្រោយ​ពេល​វេរ​លុយ​រួច តារា​ខាង​លើ​បាន​ណាត់​លោក​ស្រី​ឲ្យ​ទៅ​យក​ម៉ាស​នៅ​ Yang Zhou ប៉ុន្តែ​នៅ​ពេល​មក​ដល់​កន្លែង ក៏​ទាក់​ទង​រូប​គេ​លែង​បាន។ នារី​រូប​នេះ​ដឹង​ថា​ខ្លួន​ត្រូវ​បោក​ហើយ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស​សៀងហៃ។ ក្រោយ​ពេល ស៊ើប​អសយដ្ឋាន​​អ៊ីនធឺណិតរ​បស់​តារា​រូប​នេះ គេ​បាន​រក​ឃើញ​លោក​កំពុង​គេង​នៅ​ផ្ទះ ហើយ​ក៏​បាន​ចាប់​ឃាត់​ខ្លួន​នៅ​នឹង​កន្លែង​តែ​ម្ដង។

នៅ​ប៉ុស្តិ៍​ប៉ូលិស លោក​បាន​សារភាព​ថា ដោយ​សារ​តែ​ការងារ​ខ្លួន​ត្រូវ​កក​ស្ទះ ទើប​លោក​ធ្វើ​បែប​នេះ។ បើ​តាម​ច្បាប់​របស់​ប្រទេស​ចិន ទង្វើ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​តារា​កើតឆ្នាំ​១៩៩៩ ជាប់​គុក​ពី​៨ ទៅ​១០​ឆ្នាំ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ទ្រាំ​មិន​បាន​នោះ​គឺ មុន​នោះ​តែ​មួយ​ថ្ងៃ លោក​បាន​សរសេរ​សំបុត្រ​​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត៕

ប្រភព៖ Zing   ប្រែសម្រួល៖ Caramel