វីរុសកូរ៉ូណា៖ ចិន បញ្ជាឲ្យពលរដ្ឋ ៦០លាននាក់នៅផ្ទះ ៣ថ្ងៃទើបអនុញ្ញាតឲ្យចេញទិញស្បៀងម្តង

  • 2020-02-18 00:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន បាន និងកំពុងរឹតបន្តឹងលើសកម្មភាពមួយចំនួនរបស់ពលរដ្ឋខ្លួន នៅក្នុងខេត្ត Hubei ខណៈពេលដែលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

មនុស្សប្រមាណជា ៦០លាននាក់ ត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែមានភាពអាសន្ន ហើយការប្រើប្រាស់រថយន្តឯកជនក៏ត្រូវបានហាមឃាត់ដែរ។ គួរឲ្យដឹងថា ខេត្ត Hubei និងទីក្រុង Wuhan គឺជាកន្លែងដែលទទួលរងគ្រោះខ្លាំងបំផុត។

ថ្វីបើពលរដ្ឋត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ប៉ុន្តែពួកគេនឹងអនុញ្ញាតឲ្យចាកចេញ នៅពេលមានករណីអាសន្នណាមួយ។ មិនតែប៉ុណ្ណោះ មនុស្សម្នាក់ក្នុងគ្រួសារ នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីផ្ទះ រៀងរាល់៣ថ្ងៃម្តង ដើម្បីទិញស្បៀង និងរបស់របរចាំបាច់។

ចំណែកឯអ្នករស់នៅក្នុងអគាររួម ច្រកទ្វារមួយនឹងបើកចំហឲ្យចេញចូល ហើយមានអ្នកយាមការពារ ដើម្បីធានាថាមានតែអ្នកនៅក្នុងអគារប៉ុណ្ណោះ ដែលអាចចេញចូលបាន។

ក្នុងនោះផងដែរ អាជីវកម្មទាំងអស់ត្រូវបិទទ្វារ លើកលែងតែអ្នកគីមីវិទ្យា, សណ្ឋាគារ, ហាងអាហារ និងសេវាកម្មវេជ្ជសាស្រ្តប៉ុណ្ណោះ។ រថយន្តដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញចាំបាច់ ក៏ត្រូវបានលើកលែងពីការហាមឃាត់ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី