ក្រុមហ៊ុនចិនមួយ តាមទិញរោងចក្រអាមេរិក បានទាំងពីរលើក
- 2020-02-19 04:06:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចិនមួយ តាមទិញរោងចក្រអាមេរិក បានទាំងពីរលើក
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តចិនឈ្មោះថា Great Wall Motor បានទិញយកនូវរោងចក្រផលិតរថយន្តរបស់រថយន្តក្រុមហ៊ុន General Motors មួយទៀតនៅអាស៊ី ដែលលើកនេះគឺនៅប្រទេសថៃ។
បន្ទាប់ពីការប្រកាសកាលខែមុនថាខ្លួននឹងទិញយករោងចក្ររបស់ General Motors នៅទីក្រុង Talegaon ក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន Great Wall Motors នៅពេលនេះបានសម្រេចនូវការជួយដូរស្រដៀងគ្នាមួយទៀត ដោយទិញយករោងចក្រផលិតរបស់ General Motors នៅក្នុងខេត្ត Rayong ប្រទេសថៃ។
ក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងមួយដែល Great Wall នឹងក្លាយជាម្ចាស់របស់ General Motors Thailand និង General Motors Powertrain Thailand ដែលក្នុងនោះរួមមានរោងចក្រដំឡើងរថយន្តនៅ Rayong និងរោងចក្រផលិតម៉ាស៊ីនផងដែរ។
Great Wall និង General Motors រំពឹងថាបញ្ចប់ការជួញដូរនៅត្រឹមដំណាច់ឆ្នាំ ២០២០ ដែលពេលនោះ General Motors របស់អាមេរិកនឹងប្រគល់រោងចក្រ General Motors Rayong Complex ឲ្យទៅក្រុមហ៊ុនចិន Great Wall។
Great Wall នឹងប្រើប្រាស់រោងចក្រទើបតែទិញថ្មីនៅប្រទេសថៃ ដើម្បីអភិវឌ្ឍន៍នូវមុខជំនួញរបស់ខ្លួនលើទីផ្សារអាស៊ាន ដោយយកប្រទេសថៃជាចំណុចកណ្ដាលមួយ ហើយក្រុមហ៊ុនក៏នឹងនាំចេញរថយន្តទៅអូស្ត្រាលីផងដែរ ក្រៅតែពីអាស៊ាន។ នេះបើតាមការលើកឡើងរបស់អនុប្រធានផ្នែកយុទ្ធសាស្ត្រសកលរបស់ Great Wall។
គួរដឹងថាចាប់តាំងពីដំណើរការនៅឆ្នាំ ២០០០ មក រោងចក្រនៅ Rayong របស់ General Motors បានផលិតរថយន្តដឹកទំនិញ និងរថយន្ត SUV ខ្នាតធំជិត ១,៤ លានគ្រឿង សម្រាប់ទីផ្សារក្នុងស្រុកនិងការនាំចេញ។ បច្ចុប្បន្ននេះរោងចក្រគឺមានផលិតរថយន្តភីកអាប់ Colorado និងរថយន្ត SUV Trailblazer ក្រោមម៉ាក Chevrolet និង Holden។ ចំណែករោងចក្រផលិតម៉ាស៊ីនគឺមានផលិតម៉ាស៊ីនម៉ាស៊ូត Duramax ចំណុះ ២,៨ លីត្រ មាន ៤ស៊ីឡាំង។
តាមការលើកឡើងរបស់លោក Andy Dunstan ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារក្រុមហ៊ុន GM បាននិយាយថា “ការប្រើប្រាស់រោងចក្រតិចតួច និងតម្រូវការក្នុងស្រុក ព្រមទាំងការនាំចេញទាប បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មនេះ”។ ដែលទាំងនេះហើយគឺជាកត្តានាំឲ្យមាន GM សម្រេចចិត្តលក់រោងចក្រនៅថៃ៕