ប៊ុន សុធា ចាប់ផ្ដើមបន្តដំណើរក្ដីស្រមៃរបស់ខ្លួនទៀតហើយ ក្រោយឈ្នះថៃកាលពីថ្ងៃអាទិត្យ
- 2020-02-19 08:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន សុធា ចាប់ផ្ដើមបន្តដំណើរក្ដីស្រមៃរបស់ខ្លួនទៀតហើយ ក្រោយឈ្នះថៃកាលពីថ្ងៃអាទិត្យ
ចន្លោះមិនឃើញ
អ្នកប្រដាល់កំពុងឡើងកូដខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល ២គ្រឿង ប៊ុន សុធា បានបន្តក្ដីស្រមៃខ្សែក្រវាត់ប្រាក់របស់ខ្លួនទៀតហើយ បន្ទាប់ពីយកឈ្នះអ្នកលេងគុនថៃ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនវគ្គជម្រុះនៅ PNN ។
ប៊ុន សុធា ធ្លាប់បានប្រាប់ Sabay ពីមុនថា បន្ទាប់ពីចប់ការប្រកួតរដូវការទី១ កម្មវិធីខ្សែក្រវាត់ប្រាក់ និងមាស របស់ PNN រួចមក ខ្លួនមានក្ដីស្រមៃចង់ចូលលេងកម្មវិធីនេះ រួមទាំងបានដាក់ក្ដីសង្ឃឹមក៏ដូចជាប្ដេជ្ញាយកខ្សែក្រវាត់ប្រាក់នៅពេលណាមួយ។ ឥលូវនេះកូនសិស្សលោក ធន់ សុភា រូបនេះបានសម្រេចក្ដីស្រមៃមួយដំណាក់កាលហើយ ក្រោយឈ្នះថៃបានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ ទម្ងន់ ៦០គីឡូក្រាមរបស់ PNN ដែលជម្រុះសប្ដាហ៍មុននេះ។
ជើងខ្លាំងវ័យក្មេងខាងលើនេះ បន្តទៀតថា ស្រមៃគិតត្រឹមខ្សែក្រវាត់ប្រាក់សិន មិនទាន់ហ៊ានថាអាចគ្រងខ្សែក្រវាត់មាស ឬយ៉ាងណានោះទេ ពោលគឺខំប្រឹងឲ្យខ្លាំងបំផុតដើម្បីបានឆ្លងខ្សែក្រវាត់ដំបូងនេះសិន។
រំលឹកដែរថា កីឡាករ ប៊ុន សុធា បានឈ្នះពិន្ទុកីឡាករថៃ Jaophahin កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ សប្ដាហ៍មុននេះនៅលើសង្វៀន PNN ក្នុងកម្មវិធីជម្រុះដណ្ដើមខ្សែក្រវាត់ប្រាក់។ អ្នកប្រដាល់រូបនេះជាបេក្ខភាពខ្មែរ១រូបទៀតហើយ ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់ខាងលើ។ បច្ចុប្បន្ននេះបេក្ខភាពដែលបានឡើងទៅមាន៧នាក់ហើយ ក្នុងនោះរួមមាន ឃុមភីឈិត(ថៃ) ឃួន ឡាំងកូស៊ីន លាភ រដ្ឋា វ៉ាន់ វឿន អេ ណារ័ត្ន អេលីត ចំរើន ប៊ុន សុធា។ សប្ដាហ៍នេះដល់ការប្រកួតជម្រុះរបស់ ពេជ្រ ម្ទេសខ្មាំង ហើយ ៕
វីដេអូប្រកួត៖