វីរុសកូរ៉ូណា៖ កុំកុំ បរិច្ចាគ១លានដុល្លារហុងកុង ឲ្យគ្រូពេទ្យជួរមុខនៅ Wuhan រួចនិយាយពាក្យមួយឃ្លា

  • 2020-02-20 00:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងដ៏ល្បីឈ្មោះ កុំកុំ ដែលមានឈ្មោះពិតថា Donnie Yen បានបរិច្ចាគលុយចំនួន ១លានដុល្លារហុងកុង (ជិត ១៣ម៉ឺនដុល្លារ) ទៅដល់ក្រុមគ្រូពេទ្យជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា រួចនិយាយពាក្យមួយឃ្លាថា "ចិន នឹងយកឈ្នះវីរុសកូរ៉ូណា”។

កុំកុំ ក្នុងរឿង Ip Man

តារាសម្តែងហុងកុងវ័យ ៥៦ឆ្នាំ ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក តាមរយៈខ្សែភាពយន្តរឿង "Ip Man” រូបនេះ បានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅលើបណ្តាញសង្គមចិន Weibo ថា លោកពិតជាចង់អរគុណដល់បុគ្គលិកពេទ្យទាំងអស់នៅក្នុងប្រទេសចិន ក្នុងការខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធជាមួយនឹងវីរុសកូរ៉ូណា។

គួរឲ្យដឹងថា ទីក្រុង Wuhan គឺជាទីកន្លែងដែលវីរុសកូរ៉ូណាផ្ទុះឡើង រួចក៏បង្កដល់ខេត្ត Hubei និងផ្នែកផ្សេងទៀតនៃប្រទេសចិន ព្រមទាំងប្រទេសមួយចំនួនទៀតសរុបជាង ២៥ប្រទេសមកហើយ។

គិតមកត្រឹមថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិន បានកើនឡើងដល់ ២ ១១២នាក់មកហើយ៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ សេង ឡុង