ទូរសព្ទជប៉ុនមួយនេះ ប្រើ AI ដើម្បីទប់ស្កាត់ការថតរូបអាក្រាត

  • 2020-02-20 01:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ជប៉ុន​ Tone មាន​មុខងារ​មួយ​ឈ្មោះ​ថា​ Smartphone Protection ដែល​មុខងារ​នេះ​ប្រើ​ប្រាស់​នូវ AI ដែល​មាន​ក្នុង​កាមេរ៉ា​ដើម្បី​ចាប់​នូវ​រូបភាព​អាក្រាត​ដែល​ថត​ជា​មួយ​ទូរសព្ទ។

ប្រសិន​បើ​ AI ចាប់​បាន​ថា​​ជា​រូបភាព​អាក្រាត​មែន​ វា​នឹង​ធ្វើ​ការ​បិទ​ មិន​ឲ្យ​រូបភាព​ដែល​ថត​បាន​នោះ​អាច​ Save (រក្សា​ទុក) ចូល​ទៅ​ក្នុង​ Gallery នៃ​ទូរសព្ទ​នោះ​ឡើយ។ រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ទូរសព្ទ​អាច​ភ្ជាប់​ជា​មួយ​​ឧបករណ៍​របស់​អាណាព្យាបាល​ និង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង ប្រសិន​បើ​មាន​នរណា​ម្នាក់​ព្យាយាម​ថត​រូបភាព​អាក្រាត​របស់​ខ្លួន​ឯង ឬ​អ្នក​ដទៃ។

គួរ​ដឹង​ស្មាតហ្វូន​​របស់ Tone គឺ​ជា​ម៉ូដែល E20 ដែល​ជា​ទូរសព្ទ​លំដាប់​ថវិកា​មាន​តម្លៃ​ប្រហែល ១៨០ ដុល្លារ។ វា​ប្រើ​ប្រាស់​បន្ទះ​ឈីប​ស៊េរី​ទាប Helio P22, កាមេរ៉ា​ចំនួន​បី​គ្រាប់​ផ្នែក​ខាង​ក្រោយ (១២MP+១៣M កាមេរ៉ា Ultra Wide+២MP កាមេរ៉ា​វាស់​ជម្រៅ), មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ និង​ថ្ម​ទំហំ ៣៩០០ mAh។

អេក្រង់​មាន​ទំហំ ៦,២៦ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត HD+, មាន​អង្គ​ផ្ទុក​ទិន្នន័យ ៦៤GB, កាមេរ៉ា Selfie ទំហំ ៨MP ស្ថិត​ក្នុង​ក្បាល​ឆក​នៃ​អេក្រង់, ប្រព័ន្ធ​ស្កេន​មុខ​ដោះ​សោ និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pie៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង