រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យមន្ត្រីបម្រើការងារច្រកចេញ-ចូលតែមួយ ត្រូវពង្រឹងក្រមសីលធម៌ និងតម្លាភាពឱ្យបានល្អជូនប្រជាពលរដ្ឋ

  • 2020-02-20 08:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់នឹងពេលបច្ចុប្បន្ននេះ គ្រប់រាជធានី ខេត្តសុទ្ធតែមានអង្គភាពច្រកចេញចូលតែមួយ ចំពោះថ្នាក់ស្រុក ខណ្ឌ ក៏បានបង្កើតការិយាល័យច្រកចេញចូលតែមួយ រហូតដល់ចំនួន ១១៥ ស្រុក ក្រុង ខណ្ឌហើយ ដែល ស្មើនឹង ៥៧% នៃចំនួនក្រុង ស្រុក ខណ្ឌសរុប ហេតុនេះហើយ មន្ត្រីបម្រើការងារច្រកចេញ-ចូលតែមួយ ត្រូវតែពង្រឹងបន្ថែមទៀត នូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពការងារឱ្យបានល្អជូនប្រជាពលរដ្ឋ។ នេះបើតាមប្រសាសន៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បូកសរុបលទ្ធផលនៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃឆ្នាំ២០១៩។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានក្រើនរំលឹកដល់មន្ត្រីច្រកចេញ-ចូលតែមួយទាំងអស់ ត្រូវពង្រឹងការងារប្រត្តិបត្តិការនៅតាមការិយាល័យរបស់ខ្លួនបន្ថែមចំពោះមន្ត្រីដែលកំពុងតែបម្រើការងារស្រាប់ តាមរយៈការបង្កើនសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងអកប្បកិរិយាល្អ ព្រមជាមួយគ្នានេះ ចំពោះការិយាល័យមួយចំនួនត្រូវបន្តសហការផ្សព្វផ្សាយ ផ្តល់វគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីដែលទើបជ្រើសរើសថ្មី។

សម្តេចក្រឡាហោម បានលើកឡើងថា បើទោះបីជារចនាសម្ព័ន្ធរដ្ឋបាលក្រុង សុ្រក ខណ្ឌថ្មី តម្រូវឱ្យក្រុង ស្រុក ខណ្ឌទូទាំងប្រទេសត្រូវបង្កើនការិយាល័យច្រក-ចេញតែមួយ ប៉ុន្តែការិយាល័យមួយចំនួននៅតាមស្រុកនានា ពុំសូវមានតម្រូវការសេវាសារធារណៈច្រើននោះទេ ដែលករណីនេះ តម្រូវឱ្យមានការសិក្សាបន្ថែមលើជម្រើសការិយាល័យច្រកចេញចូលតែមួយ ដោយផ្អែកលើប្រភេទស្រុកមធ្យម ឬស្រុកតូចៗ ដើម្បីងាយស្រួលរៀបចំការិយាល័យជំនាញជួរក្រោយ ធ្វើយ៉ាងណាឱ្យការិយាល័យទាំងនោះ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេច បានស្នើដល់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សា ពិនិត្យ នឹងកែសម្រួលនូវបែបបទនិតិវិធីនៃការផ្តល់សេវា តាមវិស័យនានា ដែលមានលក្ខណៈស្មុគស្មាញ ដើម្បីសម្រួលដល់ការស្នើសុំ និងទទួលសេវាសាមញ្ញ និងងាយស្រួល ព្រមទាំងឆាប់រហ័សប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ជាការកត់សម្គាល់ថា ក្នុងរយៈពេល១ឆ្នាំ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទាំង២៥បានផ្តល់សេវារដ្ឋបាលសរុបចំនួន៥៣៥.០៥៤សេវា ក្រោមប្រភេទសេវាចំនួន ៥៥៩ប្រភេទ ក្នុងវិស័យចំនួន១៤ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងទទួលបានចំណូលសរុប ៤៦,៩១០,៣៧៧,៩២១រៀល ស្មើនឹងជាង ១១,៧២៧,៥៩៥ដុល្លារ។ ដោយឡែក ការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុក ខណ្ឌគោលដៅទាំង៨៣ បានផ្តល់សេវារដ្ឋបាលសរុបចំនួន ១,៣១៨,៨៨៤សេវា ក្រោមប្រភេទសេវាចំនួន២១១ប្រភេទ ក្នុងវិស័យចំនួន១៤ និងទទួលបានចំណូលសរុបចំនួន ២០,០១៧,៨៣៥,១២៥រៀល ស្មើនឹងជាង ៥,០០៤,៤៥៩ដុល្លារ៕

ប្រភព៖ ក្រសួងមហាផ្ទៃ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា