ក្ដៅ! ប្រធាន​សហគមន៍​ខ្មែរ-Canada ផ្ដាំ​ឲ្យ​ធ្វើ​រឿង​មួយ​ដាច់​ខាត ប្រសិន​សិល្បករ​ខ្មែរ ​មិន​ចង់​ឲ្យ​ប៉ូលីស​កាណាដា​ឃាត់​ខ្លួន

  • 2020-02-21 07:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហគមន៍​ខ្មែរ-Canada និង​ជា​ម្ចាស់​ស្ពុនស័រ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Khundavid នៅ​មិន​សុខ​បាន​ចេញ​មុខ​មក​ផ្ដាំ​ផ្ញើ​ដល់​សិល្បករ​ខ្មែរ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​រាល់​ពេល​មាន​បេសកកម្ម​ការងារ​ទៅ​ប្រទេស​កាណាដា ដោយ​ត្រូវ​ធ្វើ​រឿង​កុំ​ខាន បើ​មិន​ចង់​មាន​រឿង​ដល់​ខ្លួន។

ម្ចាស់​ស្ពុនស័រ​ដែល​អះអាង​ថា ធ្លាប់​បាន​ធានា​សិល្បករ​ខ្មែរ​ប្រមាណ​៤០នាក់​ទៅ​កាណាដា​រូប​នេះ បាន​ចេញ​មុខ​មក​ប្រកាស​ដូច្នេះ បន្ទាប់​ពី​កន្លង​មក​លោក​បាន​ដឹង​ថា មាន​រឿង​រ៉ាវ​មួយ​ចំនួន​បាន​កើត​ឡើង​រួច​ទៅ​ហើយ​នៅ​កាណាដា​ទៅ​លើ​សិល្បករ​ខ្មែរ​ ដោយ​ត្រូវ​ប៉ូលីស​អន្តោប្រវេសន៍​ប្រទេស​គេ​ចាប់​ឃាត់​ខ្លួន ដោយ​​សារ​តែ​ពួក​គេ​បាន​ចូល​ទៅ​កាណាដា​ខុស​ច្បាប់​ការងារ។

លោក​ថា ដូច​នៅ​សហរដ្ឋ​អាមេរិក​ដែរ នៅ​កាណាដា គឺ​មាន​ច្បាប់​មួយ ដែល​តម្រូវ​ឲ្យ​សិល្បករ​បរទេស​ចូល​ទៅ​ប្រទេស​ខ្លួន​ត្រូវ​បំពេញ​ជា​ដាច់​ខាត នោះ​គឺ​ច្បាប់ "Work Permit”។ ច្បាប់​នេះ តម្រូវ​ឲ្យ​សិល្បករ​បរទេស​ត្រូវ​បង់​ពន្ធ​ចំនួន ១០២៥ដុល្លារ​ក្នុង​ម្នាក់ ដើម្បី​អាច​ចូល​ទៅ​ដោយ​ស្រប​ច្បាប់។ ប៉ុន្តែ​កន្លង​មក​សិល្បករ​ខ្មែរ​មួយ​ចំនួន​ធំ បាន​ឆក​ល្វែង​លើ​ច្បាប់​មួយ​នេះ ហើយ​ចូល​ប្រទេស​របស់​គេ។ លោក​ថា នេះ​មិន​មែន​ជា​កំហុស​សិល្បករ​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​អាច​មាន​ម្ចាស់​ស្ពុនស័រ​ខ្លះ​បាន​គេចវេស ព្រោះ​មិន​ចង់​ចំណាយ​ច្រើន​​លើ​សិល្បករ។

ប្រធាន​សហគមន៍​ខ្មែរ កាណាដា បាន​បញ្ជាក់ថា កាល​ពី​អតីតកាល មាន​សិល្បករ​ខ្មែរ​មួយ​ចំនួន(សុំ​មិនបញ្ចេញ​ឈ្មោះ)ត្រូវ​ប៉ូលីស​ឃាត់​ខ្លួន ហើយ​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ឲ្យ​លើក​យន្តហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ថែម​ទៀត ក្រោយ​ពី​ត្រួត​ពិនិត្យ​ដឹង​ថា សិល្បករ​ខ្មែរ​ទាំង​នោះ បាន​ខក​ខាន​បង់​ប្រាក់ Work Permit(កាតព្វកិច្ច​ស្ពុនស័រ) បើ​ទោះ​សូម្បី​ពួក​គេ​បាន​ចុះ​ដល់​ដី​ក្នុង​ប្រលាន​យន្តហោះ​កាណាដា​ទៅ​ហើយ​ក្ដី។

រូប​តំណាង​សិល្បករ​ច្រៀង​នៅ​កាណាដា(ហ្វេសប៊ុក ឃុនដាវីដ)

ជាមួយ​នឹង​ការ​ចេញ​មុខ​របស់​ម្ចាស់​ស្ពុនស័រ​ខាង​លើ ក្រោយ​ថ្មី​ៗ​នេះ មាន​ដំណឹង​ថា មាន​សិល្បករ​ខ្មែរ​មួយ​ក្រុម​ទៀត សុទ្ធ​តែ​តារា​ល្បី​ៗ គ្រោង​នឹង​ទៅ​បំពេញ​បេសកកម្ម​សិល្បៈ​នៅ​ប្រទេស​កាណាដា​ទៀត។ ដូច្នេះ​ហើយ​ក្នុងនាមជាប្រធានសហគមន៏ ខ្មែរ Canada លោក​សូម​ក្រើន​រំលឹក ឲ្យ​សិល្បករ ទំនាក់ទំនង​ឲ្យ​ច្បាស់​លាស់​​ជាមួយ​ម្ចាស់​ស្ពុនស័រ លើ​ប្រាក់​បង់​ពន្ធ “Work Permit” ចៀសវាង​មាន​រឿង ធ្វើ​ឲ្យ​បង់​ខាត​កិត្តិយស និង​មុខមាត់​សិល្បករ​ខ្លួន​ឯង។

លោក Khundavid បាន​សង្កត់​ធ្ងន់​ថា "បើ​មាន​រឿង គេ​ចាប់​តារា​យើង​សុទ្ធ​តែ​ល្បី​ៗ មិន​ប៉ះពាល់​ដល់​គ្នា ហើយ​មួយ​ទៀត​មិន​មែន​ប៉ះ​តែ សិល្បករ​ខ្លួន​ឯង​ទេ គឺ​ជះ​ឥទ្ធិពល​ដល់​សិល្បៈ​វប្បធម៌​ខ្មែរ​ទាំង​មូល និង​ប៉ះពាល់​ដល់​សហគមន៍​ខ្មែរ​នៅ​កាណាដា​ថែម​ទៀត!”។ លោក​បន្ត​ថា ដូច្នេះ​ហើយ លោក​ស្នើ​ឲ្យ​សិល្បករ និង​ម្ចាស់​ឧបត្ថម្ភ​​ធ្វើ​ការ​ជាមួយ​គ្នា​ឲ្យ​ច្បាស់​លាស់​លើ​ប្រាក់ Work Permit ចៀស​វាង​ជួប​រឿង​ស្ដាយ​ក្រោយ។

តាម​ការ​បញ្ជាក់​របស់​លោក ដាវីដ បាន​ឲ្យ​ដឹង​ថា កន្លង​មក ដោយសារ​តែ​ធ្លាប់​មាន​បាតុភាព​បែប​នោះ សិល្បករ​ខ្មែរ​ខ្លះ ត្រូវ​បាន​ស្ថានទូត​កាណាដា​បដិសេធ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ចូល​ទៅ​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​គេ​ថែម​ទៀត ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​ផល​ប្រយោជន៍​ពី​ការងារ។ ដូច្នេះ​ហើយ លោក​ថា ករណី​នេះ ប៉ះពាល់​ដល់​សិល្បៈ​វប្បធម៌​ខ្មែរ​ទាំង​មូល។

"Work Permit" គឺ​ជា​ច្បាប់​ពន្ធដា​របស់​កាណាដា សម្រាប់​អនុវត្ត​លើ​ជន​បរទេស​ទាំង​ឡាយ​ដែល​ចូល​ទៅ​បំពេញ​កិច្ចការងារ រកស៊ី​រយៈ​ពេល​ខ្លី​​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ សម្រាប់​សិល្បករ​ដែល​ចូល​ទៅ​ក្នុង​ដំណើរ​កម្សាន្ត មិន​ជាប់​កាតព្វកិច្ច​លើ​ច្បាប់​ពន្ធ​នេះ​ទេ ប៉ុន្តែ​បើ​ទៅ​បំពេញ​ការងារ​សិល្បៈ គឺ​ជាប់ ប៉ុន្តែ​តាម​ធម្មតា​ជា​បន្ទុក​របស់​ស្ពុនស័រ​អ្នក​នាំ​ទៅ។​ ប៉ុន្តែ​ប្រសិន​បើ​សិល្បករ​ចូល​ទៅ​ប្រទេសកាណាដា​ដោយ​ដាក់​ថា ដំណើរ​កម្សាន្ត​ តែ​ក្រោយ​មក​បាន​លួច​ធ្វើ​កិច្ចការងារ​សិល្បៈ​លើ​ដី​គេ គឺ​ខុស​ច្បាប់​ហើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​បណ្ដេញ​ចេញ​ក្រោម​នៃ​ច្បាប់​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី