គ្រូវិសាខាថា បឹងកេតធ្វើបានល្អ កាលប៉ះជាមួយ Angkor Tiger
- 2020-02-22 05:25:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូវិសាខាថា បឹងកេតធ្វើបានល្អ កាលប៉ះជាមួយ Angkor Tiger
ចន្លោះមិនឃើញ
គ្រូបង្គោលវិសាខាលោក Curtis Colum Gerard បានបង្ហាញទស្សនៈរបស់ខ្លួនថា បឹងកេតធ្វើបានល្អកាលលេងស្មើ ១-១ ជាមួយ Angkor Tiger នៃពានរង្វាន់លីគកំពូលកម្ពុជា នៅកីឡដ្ឋាន អេស អ យូ ខេត្តសៀមរាបកាលពីសប្ដាហ៍ទី១។
លោក Colum Gerard ថា ៖«ខ្ញុំក៏បានទៅមើលដែរ បឹងកេតរៀបចំបានល្អ ហើយខ្ញុំជឿជាក់ថា រដូវកាលថ្មីនេះ ក្លឹបនីមួយៗនឹងរៀបចំបានល្អ ដើម្បីប្រជែងគ្នា»។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទីរសៀលនេះ ក្លឹបវិសាខា នឹងជិះឡានក្រុងទៅស្វាគមន៍ម្ចាស់ផ្ទះបឹងកេត នៅកីឡដ្ឋានខេមបូឌាអ៊ែវេ ដែលជាក្លឹបខ្លាំងមួយក្នុងលីគកំពូលកម្ពុជា។ ការប្រកួតនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាជំនួបល្អមើលនិងតានតឹង ដ្បិតក្លឹបទាំងពីរសំបូរកីឡាករខ្មែរ-បរទេសល្អៗ តួយ៉ាង កែវ សុខផេង, AJAYI OPEYEMI KOREDE និងកីឡាករផ្សេងទៀត ខណៈបឹងកេតមាន ចាន់ វឌ្ឍនាកា, សៀង ចាន់ធា និង ម៉ាត់ នូរុណជាដើម។
មិនថាក្រុមខ្លាំង ឬខ្សោយទេ លោក Colum Gerard បានឱ្យដឹងថា លោកនឹងរៀបចំក្រុមឱ្យបានល្អ លេងឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះការប្រកួតយក៣ពិន្ទុ។
ងាកមកបឹងកេតវិញ បើទោះបីជាមានការសរសើរពីគ្រូបង្គោលវិសាខាក្ដី លោក APISITH IM-AMPHAI ដែលជាគ្រូបង្គោល បានអះអាងក្រុមរបស់លោក ធ្វើមិនទាន់បានល្អទេកាលលេងជាមួយ Angkor Tiger ហើយមានកំហុសច្រើនត្រូវកែតម្រូវ។ យ៉ាងណាការប្រកួតជាមួយវិសាខាថ្ងៃនេះ លោកនឹងធ្វើឱ្យបានល្អជាងការប្រកួតមុន។
លោក IM-AMPHAI បញ្ជាក់យ៉ាងដូច្នេះ ៖«ប្រកួតមុនយើងធ្វើអត់បានល្អ ចំណែកការប្រកួតនេះ យើងនឹងរៀបចំឱ្យបានល្អ ព្រោះនៅក្នុងផ្ទះយើង»។
ក្លឹបចំណូលថ្មី និងសំបូរធន់ធានកីឡាករល្អៗ វិសាខា បានយកឈ្នះនគរបាលជាតិ ២-១ នៅកីឡដ្ឋានព្រីនស៍កាលពីសប្ដាហ៍ទី១ ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០។ ទាំងពីរគ្រាប់របស់វិសាខា រកបានដោយកីឡាករលេខ២៤ ច្រឹង ពលរដ្ឋ នៅនាទី ៥០ និងកីឡាករលេខ៣៣ FILIP MIHALJEVIC នៅនាទី ៦១។
ចំណែកក្រុម បឹងកេត រកបានបាល់ពិន័យ១១ម៉ែត្រ នៅនាទី ៦៧ ដោយខ្សែប្រយុទ្ធរហស្សនាម Messi ម៉ាត់ នូរុណ ក្រោយខ្សែការពារ Angkor Tiger បង្កកំហុសលើ ចាន់ វឌ្ឍនាកា ក្នុងប្រអប់គ្រោះថ្នាក់៕