គួរឲ្យបារម្ភ! កូរ៉ូណាវីរុសឆ្លងរាលដាលក្រៅដីចិនលឿនពេក មន្ត្រី​សុខាភិបាល​ពិភពលោក​ចេញមុខព្រមាន

  • 2020-02-24 02:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចិន​បាន​រាយការណ៍​ការធ្លាក់​ចុះ​ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​COVID-19​ជាថ្មីទៀត​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ តែ​ពួក​មន្ត្រី​សុខាភិបាល​ពិភពលោក​បាន​ព្រមាន​​ថា ​វាលឿន​ពេក​ក្នុងការ​ព្យាករណ៍​អំពី​ការផ្ទុះ​ជំងឺឆ្លង​នេះ នៅពេល​ការឆ្លង​ថ្មី​និង​ការភ័យខ្លាច​បែរជា​កើន​ឡើង​នៅ​ក្រៅប្រទេស​ចិន​។​

​គណៈកម្មាធិការ​សុខាភិបាល​ចិន​កាលពី​ថ្ងៃអាទិត្យ ​បាន​អះអាង​ការឆ្លង​ថ្មី​៦៤៨​នាក់ ខ្ពស់​ជាង​មួយ​ថ្ងៃមុន តែ​នៅ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី​ដែលជា​ប្រភព​ផ្ទុះ​វីរុស​នេះ មានការ​​ឆ្លង​តែ​១៨​ករណី ដែល​ជា​ចំនួន​ឆ្លង​ទាប​បំផុត​ចាប់តាំងពី​អាជ្ញាធរ​ធ្វើការ​ចេញផ្សាយ​តួលេខ​ឆ្លង​និង​ស្លាប់​ប្រចាំថ្ងៃ​កាល​ពី​មួយ​ខែ​មុន​។​ ​ខេត្ត​ហ៊ូ​ប៉ី មាន​អ្នក​ឆ្លង​ថ្មី​៦៣០​នាក់​សម្រាប់​ថ្ងៃ​សៅរ៍ ដោយ​កើន​ពី​ចំនួន​៣៦៦​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​ចំណែក​អ្នកស្លាប់​ចុះ​បន្តិច​មក​នៅត្រឹម​៩៦​នាក់​និង​សរុប​​មនុស្ស ២.៣៤៦​នាក់​បាន​ស្លាប់​ដោយ​វីរុស​នេះ​នៅក្នុង​ខេត្ត​។​ ​ការចម្លង​COVID-19​នៅក្រៅ​ចិនដីគោក បន្ត​រាលដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយ​នៅ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​រាយការណ៍​អ្នកស្លាប់​ទី​៥​ដោយសារ​វីរុស​នេះ​​និង​១២៣​នាក់​ទៀត​ឆ្លង​។​សរុប មនុស្ស​៥៥៦​នាក់​បាន​ឆ្លង​COVID-19​នៅ​កូរ៉េ​ខាងត្បូង ដោយ​កើន​ទ្វេ​ចាប់ពី​ថ្ងៃ​សុក្រ​មក​ទល់​ថ្ងៃ​សៅរ៍​។​

​ករណី​នៅ​អ៊ីតាលី​ក៏​គួរឲ្យ​ព្រួយបារម្ភ ដោយ​មនុស្ស​៧៩​នាក់​បាន​ឆ្លង​វីរុស​នេះ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ក្នុងនោះ​២​នាក់​ស្លាប់​។​ក្នុងពេល​ជាមួយគ្នា​ ​មាន​ការឆ្លង​ថ្មី​១០​ករណី​​ទៀត​នៅ​អ៊ីរ៉ង់ ធ្វើឲ្យអ្នក​ឆ្លង​សរុប​នៅ​ទីនោះ​កើន​ដល់​២៩​នាក់ និង​៦​នាក់​បាន​ស្លាប់​។​ ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការឆ្លង​ថ្មី​ដែល​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ច្បាស់លាស់​ជា​មួយ​ចិន ដូចជា​ប្រវត្តិ​ធ្វើ​​ដំណើរ​ឬ​ការទាក់ទង​ជាមួយ​អ្នក​ឆ្លង​។​ ​សូមបញ្ជាក់​ថា ជាង​ពាក់កណ្តាល​នៃ​ករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង មាន​ពាក់ព័ន្ធ​ព្រះវិហារ​ស៊ីន​សេ​អ៊ុន​ជី នៅ​ក្រុង​ដេ​ហ្គូ​បន្ទាប់ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ជា​អ្នក​ជំងឺCOVID-19​ទី​៣១​បាន​ទៅ​ធ្វើការ​បន់ស្រន់​នៅ​ព្រះវិហារ​និង​ត្រូវ​ធ្វើ​តេស្ត​ឃើញ​COVID-19​កាលពី​សប្តាហ៍​មុន​។​ស្ត្រី​នេះ​មិន​មាន​ប្រវត្តិ​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ទេ​ក្នុងពេល​ថ្មីៗ​នេះ​។​

គួរឲ្យដឹង​ថា ​ជំងឺឬ​វីរុស​COVID-19​នេះ​ឥឡូវ​ចម្លង​មនុស្ស​ជិត​ ៧៨ ០០០​នាក់​ទៅ​ប្រទេស​និង​ទឹកដី​ប្រមាណ​២៦​។​ អង្គការ​សុខភាព​ពិភពលោក​ដាក់​ឈ្មោះ​វា​ថា​ជំងឺឬ​វីរុស​COVID-19 ដោយ​ចង់​សំដៅ​ពេល​វា​កើត​ឡើង​កាលពី​ចុងឆ្នាំ​២០១៩ និង​បង្ក​ឡើង​ដោយ​កូរ៉ូណា​វីរុស​ (coronavirus)​។​

ប្រភព ៖ rasmeinews