សង្វៀន​ប្រដាល់​ថ្មី​១ ទៀត​ហើយ​ បង្កើត​ឡើង​លើក​ស្ទួយ​កីឡាករ​ និង​ទិសដៅ​ ស៊ីហ្គេម​ ២០២៣

  • 2020-02-24 05:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​បាយ័ន​ បាន​បង្កើត​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ថ្មី​មួយ​សង្វៀន​ទៀត​ហើយ​ គោលបំណង​លើក​ស្ទួយ​កីឡាករ​ដែល​មិន​ទាន់​ល្បី​ ឬ​កីឡាករ​ដែល​មិនមែន​កម្រិត​ A​ ឲ្យ​មាន​អ្នក​គាំទ្រ​សម្រាប់​ទិសដៅ​ស៊ីហ្គេម​ ឆ្នាំ​ ២០២៣​ តាម​រយៈ​ការ​ប្រកួត​នេះ​ទៅ។​

ទិដ្ឋភាពថ្ងៃបើក​ការ​ប្រកួត

លោក​ នាង​ ស៊ីវុត្ថា​ អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍​បាយ័ន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​ការ​សហការ​គ្នា​ជា​មួយ​ខាង​ក្រុមហ៊ុន​ Cambodia Beer​ ដូច្នេះ​ហើយ​ខាង​ស្ថានីយ​បាន​ពិភាក្សា​ជា​មួយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បង្កើត​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ថ្មី​មួយ​ឡើង​ដែល​កីឡាករ​ខ្មែរ​៨រូប​ត្រូវ​ប៉ះ​គ្នា។​

កម្មវិធី​ប្រដាល់​ថ្មី​នេះ​ទិសដៅ​សំខាន់​នោះ​ គឺ​ផ្ដោត​លើ​ ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដូច្នេះ​ហើយ​តាម​រយៈ​ការ​ប្រកួត​នេះ​ កីឡាករ​ខ្មែរ​ ៨រូប​ ដែល​ចែក​ជា​២ពូល​នោះ​នឹង​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​។ បន្ទាប់​មក​រក​ឃើញ​កីឡាករ​លេខ​ ១-២​ នៃ​ពូល​និមួយៗ​ឡើង​ទៅ​វគ្គ​ខ្វែង​ នឹង​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ជើងឯក​តែ​ម្ដង។​ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​៨រូប​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​និយម​គុន​ខ្មែរ​បាន​ស្គាល់​ពី​សមត្ថភាព​ ចាប់​ផ្ដើម​ជួយ​គាំទ្រ​ពួកគេ​ដើម្បី​បាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ស៊ីហ្គេម​ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ទាំង​នេះ​គឺ​ជា​ការ​លើក​ស្ទួយ​កីឡាករ​ដែល​មិន​ទាន់​មាន​កេរ្តិ៍ឈ្មោះ​ឲ្យ​បាន​ល្បី​ផង​ដែរ​ក្នុង​វិស័យ​គុន​ខ្មែរ។​

ទិដ្ឋភាពថ្ងៃបើក​ការ​ប្រកួត

ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ទិសដៅ​ ស៊ីហ្គេម​ ២០២៣​ នេះ​ធ្វើ​ឡើង​រៀងរាល់​ព្រឹក​ថ្ងៃ​អាទិត្យ​ចាប់​ពី​ម៉ោង​ ៨​តទៅ​ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​ ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ទម្ងន់​ ៦០​គីឡូក្រាម​ នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ដើម​ខែ​ឧសភា​ ឆ្នាំ​២០២០។​ កីឡាករ​ជាប់​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ៣០០០​ដុល្លារ​ លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០០​ដុល្លារ​ លេខ៣​ ១០០០​ដុល្លារ​ និង​លេខ៤​ ទទួល​បាន​ ៧៥០​ដុល្លារ ៕​

ឈ្មោះកីឡាករ និង​កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​