Sony Xperia 1 II ចេញជាផ្លូវការ កាមេរ៉ា Focus សាហាវជាងមុន និងនាំយករន្ធចាស់មួយមកវិញ
- 2020-02-24 08:34:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony Xperia 1 II ចេញជាផ្លូវការ កាមេរ៉ា Focus សាហាវជាងមុន និងនាំយករន្ធចាស់មួយមកវិញ
ចន្លោះមិនឃើញ
ទោះបីជាកម្មវិធី MWC ឆ្នាំ ២០២០ ត្រូវបានរំសាយចោលមែន ប៉ុន្តែ Sony នៅតែបន្តការប្រកាសចេញស្មាតហ្វូន Xperia ជំនាន់ថ្មីរបស់ខ្លួន តាមរយៈការប្រកាសអនឡាញ។ វាគឺម៉ូដែល Sony Xperia 1 II (អានថា Xperia One Mark Two) ដែលនាំមកនូវបន្ទះឈីបជំនាន់ចុងក្រោយ, ប្រព័ន្ធកាមេរ៉ាថ្មី និងទ្រាំទ្រសេវា 5G។ ទន្ទឹមនឹងនោះក្រុមហ៊ុនក៏បានបញ្ជាក់អំពីការអភិវឌ្ឍនូវ Xperia Pro ដែលជាប្រភេទខ្លាំងមួយផងដែរ។
Sony Xperia 1 II
អេក្រង់ Xperia ជំនាន់ថ្មីនៅតែជាប្រភេទ 4K OLED HDR មានទំហំ ៦,៥ អ៊ីញ មានមាត្រដ្ឋានទ្រវែង 21:9។ Sony មិនបានដំឡើងនូវ Refresh Rate នៃអេក្រង់នោះឡើយ ដោយប្រើប្រាស់មុខងារ Motion Blur Reduction ជំនួសវិញ។ មុខងារនេះអះអាងថាមានផលប្រយោជន៍ដូចជាអេក្រង់ 90Hz ដែរ ដោយអាចវិភាគអំពីអ្វីដែលនៅអេក្រង់ និងផ្លាស់ប្ដូរនូវ Frame នីមួយៗ។
កាមេរ៉ា ៣ គ្រាប់ផ្នែកខាងក្រោយបានប្ដូរទីតាំងមកនៅផ្នែកលើខាងឆ្វេងវិញ ខុសពី Xperia 1 ដែលដាក់នៅចំកណ្ដាល។ ទំហំនៃកាមេរ៉ាមិនមានប្រែប្រួលឡើយ គឺមានទំហំ ១២ MP ដូចគ្នាទាំងបី ប៉ុន្តែវានាំមកនូវ Sensor ធំជាងមុន និងឡេនល្បឿនលឿនជាងមុខ។ កាមេរ៉ាមុខទំហំ ៨MP ដដែល ដោយមិនផ្លាស់ប្ដូរ។
កាមេរ៉ាផ្នែកលើគេគឺជាប្រភេទ Ultra Wide ដែលមាន Aperture f/2.2 និងមាន Sensor ទំហំ 1/2.6" ជាមួយបច្ចេកវិទ្យា Dual-PD Autofocus។ បន្ទាប់មកគឺជាកាមេរ៉ា Telephoto ដែលមាន Aperture f/2.4 មាន Sensor ទំហំ 1/3.4 ជាមួយបច្ចេកវិទ្យា PD Autofocus។ ចុងក្រោយគឺកាមេរ៉ាមេដែលមាន Sensor ទំហំធំ 1/1.7” ជាប្រភេទ Exmor មានបច្ចេកវិទ្យា Dual PD AF និងបច្ចេកវិទ្យារក្សាលំនឹង OIS ហើយមាន Aperture f/1.7។
នៅចំកណ្ដាលនៃកាមេរ៉ាមេ និងកាមេរ៉ា Telephoto គឺប្រព័ន្ធ Sensor 3D iTOF ដែលជួយបង្កើនល្បឿន Focus បានកាន់តែប្រសើរ។ និយាយដល់ Focus នៅលើ Xperia 1 II គឺមានមុខងារ Eye AF ដូច Xperia 1 ដែរ ប៉ុន្តែម្ដងនេះអាចដំណើរការលើសត្វបាន។ Sony និយាយថានេះជាស្មាតហ្វូនដំបូងដែលអាចថតរូបភាព Burst ២០ ប្លង់ក្នុងមួយវិនាទី ជាមួយការចាប់ Autofocus ជាប់ មានន័យថារូបភាពទាំង ២០ សន្លឹកដែលថតបានក្នុងមួយវិនាទីនឹងសុទ្ធតែមានការ Focus។
Sony Xperia 1 II ដំណើរការដោយ Snapdragon 865 ភ្ជាប់ជាមួយ Modem 5G ដែលដំណើរការលើ Network ប្រភេទ Sub6។ វាមាន RAM ទំហំ ៨GB និងអង្គផ្ទុកទិន្នន័យទំហំ ២៥៦ GB។
ទូរសព្ទនេះក៏មានសមត្ថភាពធន់កម្រិត IP65 សម្រាប់ទឹក និង IP68 សម្រាប់ធូលីដី និងមានថ្មទំហំ ៤០០០ mAh ហើយទ្រាំទ្រការសាកថ្មឥតប្រើខ្សែ។ គួរឲ្យភ្ញាក់ផ្អើលនោះគឺវាមាននាំយកមកវិញនូវរន្ធកាស 3.5 mm ដែលត្រូវបានដកចេញពី Xperia 1។
Xperia 1 II នឹងចេញលក់នៅក្នុងត្រីមាសទី ២ ប៉ុន្តែតម្លៃនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។
Sony Xperia Pro
ស្មាតហ្វូននេះកំពុងស្ថិតក្នុងដំណាក់កាលផលិតនៅឡើយ ប៉ុន្តែវាមានអេក្រង់ និងកាមេរ៉ាដូច 1 II ដែរ។ ពិសេសនោះគឺវាមានរន្ធ HDMI សម្រាប់ភ្ជាប់ជាមួយកាមេរ៉ា Sony Alpha ដើម្បីប្រើវាជាអេក្រង់សម្រាប់មើល ឬធ្វើការផ្សាយផ្ទាល់តាមសេវា 5G បានចេញពីកាមេរ៉ាផ្ទាល់។ ប្រភេទ Pro នឹងនឹងមានអង្គផ្ទុកទំហំដល់ ៥១២ GB និងមានតួខ្លួនរឹងមាំ យកលំនាំតាមកាមេរ៉ា Alpha ហើយសម្រាប់តម្លៃ និងថ្ងៃចេញលក់នៅមិនទាន់ដឹងនៅឡើយទេ៕