វីរុសកូរ៉ូណា៖ អង្គការសុខភាពពិភពលោកថា ពិភពលោកត្រូវត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត

  • 2020-02-25 00:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក World Health Organization ហៅកាត់ថា WHO បាននិយាយថា ពិភពលោកគួរតែធ្វើអ្វីបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការរីករាលដាល ជំងឺរាតត្បាតនៃវីរុសកូរ៉ូណាដែលអាចកើតមាន។

ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក បានបន្ថែមថា វាដូចជាលឿនពេកក្នុងការហៅវាថាជា "ជំងឺរាតត្បាត" ប៉ុន្តែប្រទេសនានាគួរតែស្ថិតក្នុងដំណាក់កាលត្រៀមខ្លួនជាមុន។

ជំងឺរាតត្បាត កើតឡើងនៅពេលដែលជំងឺមួយ អាចឆ្លងរាលដាលយ៉ាងងាយស្រួល ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅផ្នែកជាច្រើននៃពិភពលោក។

រហូតមកទល់ពេលនេះ ករណីវីរុសកូរ៉ូណាជាច្រើនទៀត នៅតែកើតឡើងជាបន្តបន្ទាប់ ដោយបានផ្ទុះឡើងនៅប្រទេសកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ ការឆ្លងភាគច្រើនបានកើតឡើងនៅក្នុងប្រទេសចិន ដែលជាប្រភពដើមនៃវីរុស ដែលចម្លងដល់មនុស្សជាង ៧៧ ០០០នាក់ និងសម្លាប់មនុស្សប្រមាណ ២ ៦០០នាក់ទៀតផង។ ដោយឡែក ចំនួនករណីថ្មីនៅទីនោះ កំពុងធ្លាក់ចុះវិញហើយ។

គួរឲ្យដឹងថា ការឆ្លងវីរុសកូរ៉ូណាជាង ១ ២០០ករណី បានកើតឡើងនៅក្នុងប្រទេសប្រមាណ ៣០ ផ្សេងទៀតក្រៅពីចិន ហើយមានមនុស្សស្លាប់ជាង ២០នាក់ផងដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង