រោងចក្រផលិត iPhone ហ៊ានឲ្យប្រាក់រង្វាន់ជិតពាន់ដុល្លារដល់បុគ្គលិក
- 2020-02-25 07:07:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រផលិត iPhone ហ៊ានឲ្យប្រាក់រង្វាន់ជិតពាន់ដុល្លារដល់បុគ្គលិក
ចន្លោះមិនឃើញ
Foxconn Technology Group ដែលជារោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកធំជាងគេក្នុងលោក កំពុងស្វែងរកវិធីលើកទឹកចិត្តឲ្យបុគ្គលិកវិលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីការឈប់សម្រាកថ្ងៃចូលឆ្នាំចិនរយៈពេលយូរ និងមានការបិទរោងចក្រដោយសារវីរុសកូរ៉ូណាផងដែរ។
រោងចក្រដែលជាដៃគូដំឡើង iPhone ឲ្យ Apple នេះ បានពន្យារពេលបើកនូវរោងចក្របន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដោយសារបញ្ហាឈឺក្បាលទាក់ទងនឹងការផ្ទុះវីរុស។ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុននិយាយថាបានចាប់ផ្ដើមបើកដំណើរការរោងចក្រធំៗមួយចំនួននៅប្រទេសចិន។
ជាក់ស្ដែងនៅរោងចក្រធំជាងគេរបស់ Foxconn ដែលមានទីតាំងនៅ Zhengzhou ខេត្ត Henan កម្មករម្នាក់ៗអាចទទួលបានប្រាក់រង្វាន់ជិត ១ ពាន់ដុល្លារ ប្រសិនបើអាចបំពេញតាមតម្រូវការមួយចំនួន។ ទឹកប្រាក់នេះគឺស្មើប្រហែល ២ ទៅ ៣ ខែនៃប្រាក់ធម្មតា ដែលនឹងបើកជូនរយៈពេល ២ លើកក្នុងពេល ៥ ខែ។
ប្រាក់រង្វាន់នេះគឺដើម្បីលើកទឹកចិត្តឲ្យកម្មករវិលត្រឡប់មកធ្វើការវិញ និងកាត់បន្ថយការខូចខាតដោយសារការពន្យារពេលការផលិត។ មុននេះ អ្នកតំណាង Foxconn ធ្លាប់បានបញ្ជាក់ថាការពន្យារពេលគឺប៉ះពាល់ធ្ងន់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន៕