Samsung ចេញអាវុធខ្លាំងមួយ សម្រាប់ទប់ទល់ Xiaomi និង realme នៅឥណ្ឌា

  • 2020-02-25 09:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ Samsung ត្រកូល Galaxy M ដែល​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​លើ​អនឡាញ​នៅ​ឥណ្ឌា​នោះ បាន​បន្ថែម​សមាជិក​ថ្មី គឺ​ Galaxy M31 ដែល​ជា​អ្នក​ស្នង​តំណែង Galaxy M30 ឆ្នាំ​មុន។

Galaxy M31 នេះ​គឺ​នឹង​ត្រូវ​ប្រកួត​ប្រជែង​នឹង​​ស្មាតហ្វូន​តម្លៃ​ធូរ​ដទៃ​ទៀត​ដូច​ជា​ Poco X2, realme X2 និង Redmi Note 8 Pro សម្រាប់​ល្បាក់​តម្លៃ​ប្រហែល​គ្នា។

Samsung លើក​យក​ចំណុច​សំខាន់​បី ជា​ធ្នាក់​ទាក់​ទាញ​អតិថិជន​ឲ្យ​មក​ប្រើ​ Galaxy M31។ ក្នុង​នោះ​រួម​មាន​​ប្រព័ន្ធ​កាមេរ៉ា​ខាង​ក្រោយ​ ៤ គ្រាប់ ដែល​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP, ការ​ប្រើ​ប្រាស់​អេក្រង់ AMOLED និង​ថ្ម​ទំហំ ៦០០០ mAh។

ទូរសព្ទ​នេះ​មាន​អេក្រង់​ទំហំ ៦,៤ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD+ ជា​ប្រភេទ​ Super AMOLED និង​មាន​​​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ Infinity-U។ វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Exynos 9611 គួប​ផ្សំ​នឹង​ RAM ទំហំ ៦GB ដែល​មាន​ជម្រើស​អង្គ​ផ្ទុក ៦៤ និង ១២៨GB ហើយ​អាច​បន្ថែម​ដល់​ ៥១២ GB ឯណោះ។

ចំពោះ​ផ្នែក​កាមេរ៉ា​វិញ​ Galaxy M31 មាន​កាមេរ៉ា​មេ​កម្រិត ៦៤MP, មាន​កាមេរ៉ា​ម៉ាក្រូ​កម្រិត ៥MP, កាមេរ៉ា​វាស់​ជម្រៅ ៥MP និង​កាមេរ៉ា Ultra-Wide កម្រិត ៨MP។ កាមេរ៉ា​ខាង​មុខ​គឺ​មាន​កម្រិត ៣២MP។ Samsung បាន​បន្ថែម​មុខងារ​ថត​ពេល​យប់​ Night Mode ដល់​កាមេរ៉ា។ កាមេរ៉ា​ទាំង​មុខ​ទាំង​ក្រោយ​នេះ​ក៏​មាន​សមត្ថភាព​ថត​វីដេអូ​កម្រិត 4K រួម​ទាំង​វីដេអូ Super Slo-Mo និង Hyperlapse ផង​ដែរ។

Samsung អះអាង​ថា​ថ្ម​ទំហំ ៦០០០ mAh អាច​ទ្រាំទ្រ​សម្រាប់​ការ​ប្រើ​ប្រាស់​​បាន​ដល់ ២ ថ្ងៃ​យ៉ាង​ងាយ។ ក្នុង​នោះ​ដែរ​អាច​ទ្រាំទ្រ​ការ​ប្រើ​អ៊ីនធឺណិត​ជា​មួយ Wi-Fi បាន​ដល់ ២១ ម៉ោង, អាច​តេ​បាន ៤៨ ម៉ោង, ចាក់​វីដេអូ​បាន ២៦ ម៉ោង និង​ចាក់​ចម្រៀង​បាន ១១៩ ម៉ោង។ វា​ក៏​មាន​ភ្ជាប់​នូវ​ឆ្នាំង​សាក ១៥ វ៉ាត់ សម្រាប់​សាក​ថ្ម​ឲ្យ​ឆាប់​ពេញ​ផង​ដែរ។

Galaxy M31 នៅ​ឥណ្ឌា​មាន​តម្លៃ​ប្រមាណ ២០៨ ដុល្លារ​ សម្រាប់​ប្រភេទ ៦៤GB និង​តម្លៃ​ប្រមាណ​ ២២២ ដុល្លារ សម្រាប់​ប្រភេទ ១២៨GB ដែល​មាន​លក់​នៅ​លើ Amazon India ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​មីនា​ត​ទៅ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម