មិនធម្មតា! វៀតណាមបិទលែងឲ្យចូលទាំងអស់ សម្រាប់អ្នកមកពីប្រទេសដែលមានករណីឆ្លងវីរុស

  • 2020-02-26 06:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្ទាល់​កាលពីថ្ងៃអង្គារថា​គ្មានអ្នកណាម្នាក់​ដែល​មកពីតំបន់មាន​ករណី​ឆ្លង Covid-19 នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសវៀតណាម​ទៀត​នោះ​ទេ។

នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc

នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បានស្នើឱ្យក្រសួងការបរទេសអនុវត្តគោលនយោបាយថ្មីចំពោះប្រទេសកូរ៉េខាងត្បូង, ជប៉ុន, អ៊ីតាលី, អ៊ីរ៉ង់ និងប្រទេសនិងដែនដីទាំងអស់ដែលធ្លាប់​មាន​ការ​រាយការណ៍ពីករណីនៃជំងឺ Covid-19។ ពលរដ្ឋនៃប្រទេសដែលរងការវាយប្រហារដោយ Covid-19 សូម្បីតែពីតំបន់ដែលគ្មានការរីករាលដាលក៏ដោយ នឹងត្រូវដាក់លិខិតប្រកាសសុខភាពនិងបញ្ជូនទៅនីតិវិធីបន្ថែមទៀតដែលចាំបាច់មុនពេលចូលប្រទេសវៀតណាម។ យ៉ាងណាមិញ សម្រាប់អ្នកដែលត្រូវចូលប្រទេសវៀតណាមសម្រាប់កិច្ចការរដ្ឋ ឬបញ្ហាផ្តាច់មុខ រដ្ឋាភិបាលស្នើសុំឱ្យពួកគេធ្វើតាមនីតិវិធីប្រកាសសុខភាពរបស់ប្រទេសនិងស្នាក់នៅដាច់ពីគេរយៈពេល ១៤ ថ្ងៃសិន។ ចំណែក​ឯ​ពលរដ្ឋវៀតណាមមកពីតំបន់ដែលរងការរាតត្បាតនៅប្រទេសចិន អាចវិលត្រឡប់ទៅផ្ទះវិញបានតែតាមរយៈច្រកព្រំដែនអន្តរជាតិ ហើយនឹងត្រូវ​ដាក់​ដោយ​ឡែក​ពី​គេ​រយៈពេលពីរសប្តាហ៍ នៅពេលចូលមកដល់ដោយបន្តគោលនយោបាយដែលត្រូវបានអនុវត្តសម្រាប់រយៈ​ពេល​ប៉ុន្មាន​ខែចុងក្រោយនេះ។

ចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈមក ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរទៅកាន់ និងត្រឡប់មកពីប្រទេសចិន ហើយបានបញ្ឈប់ការផ្តល់ទិដ្ឋាកាទេសចរណ៍ដល់ជនជាតិចិនពីតំបន់ដែលមានការរីករាលដាលនៃ Covid-19។ ជាមួយគ្នាដែរ មកទល់ពេលនេះ វៀតណាមបានរាយការណ៍​ថា​មាន​ករណី​ឆ្លង​កូរ៉ូណាវីរុស​ចំនួន ១៦ នាក់ ហើយ​មិនមាន​ករណី​ថ្មី​ទៀត​នោះ​ទេ​ក្នុង​រយៈពេល ១៣​ថ្ងៃ​ចុងក្រោយ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី