គ្រូគុនល្បុក្កតោ ឆន ច័ន្ទវីរៈ ត្រៀមបញ្ចេញស្នាដៃសិល្បៈលើកដំបូង

  • 2020-02-27 07:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​អាថាន់ភាពយន្ដ គ្រោង​បញ្ចេញ​ខ្សែភាព​យន្ដ​ខ្នាត​ធំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ដើម​ឧសភា ឆ្នាំ​២០២០ ដែល​ជា​ស្នាដៃ​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​ផ្ទាល់​ពី​គ្រូ​គុនល្បុក្កតោ​ក្មេង​វត្ដ​ថាន់​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោកគ្រូ ឆន ច័ន្ទវីរៈ។

លោក ឆន ច័ន្ទ​វីរៈ បាន​ផ្ដល់​បទសម្ភាសន៍​ខ្លី​មួយ​ដល់ Sabay ក្នុង​ពេល​ដែល​លោក​កំពុងដឹកនាំ​ថត​ឈុត​វាយ​តប់​មួយ​នៅ​អតីត​ផ្សារ​ទំនើប​សុវណ្ណា កាល​ពី​ថ្មី​ៗ​នេះ​ថា ក្បាច់​គុន​ខ្មែរ របាំ​អប្សរា ស្នេហា​ជូរចត់ និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ នឹង​បង្ហាញ​ជូន​នៅ​ក្នុង​សាច់​រឿង"មិត្ដ​ក្របី" នេះ។ តួ​ភាគ​ច្រើន​ជា​គ្រូ​ក្បាច់គុន អ្នក​ប្រដាល់​ល្បីៗ និង​មាន​អ្នក​ចូល​រួម​សម្ដែង​សរុប​២៥០​នាក់​ផ្សេង​ទៀត។

លោក ច័ន្ទ​វីរៈ៖"ខ្ញុំ​មិន​មែន​ជា​កវី​អី​ទេ…! តែ​ដោយ​ខ្ញុំ​ស្រឡាញ់​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ និង​ភាព​យន្ដ​ខ្មែរ ទើប​ខ្ញុំ​សម្រេច​ផលិត​រឿង​នេះ​ឡើង ក្នុង​គោលបំណង​សំខាន់​ចង់​ច្របាច់​ឲ្យ​ក្បាច់​គុន​ទៅ​ជា​ទម្រង់​សិល្បៈ និង​អប់រំ​មនុស្ស​ក្នុង​សង្គម​យើង​ផង"។

លោក ឆន ច័ន្ទ​វីរៈ បញ្ជាក់​ថា រូប​លោក​ជា​អ្នក​គ្រប់គ្រង​នៅ​ក្នុង​ផលិតកម្ម​អាថាន់​ភាពយន្ដ ហើយ​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន និង​មាន​លើក​ទឹកចិត្ដ​ជាមួយ​បច្ច័យ​ខ្លះ​ពី​ព្រះចៅ​អធិការ​វត្ដ​ថាន់ រាជធានីភ្នំពេញ។ រយៈ​ពេល​ជិត​៥​ខែ ដែល​លោក​បាន​ថត​រឿង​នេះ បាន​ចំណាយ​ថវិកា​ច្រើន តែ​សង្ឃឹម​ថា​មិន​យូរ​ទៀត​ទេ​រឿង​នេះ​នឹង​ត្រូវ​ថត​បញ្ចប់ ហើយ​បាន​បញ្ចាំង​នៅ​ខែ​ឧសភា។

រឿង"មិត្ដ​ក្របី" ថត​បាន​ប្រមាណ​៧០%ហើយ ដោយ​រឿង​នេះ ត្រូវ​បាន​អ្នក​និពន្ធ​កំណត់​យក​រយៈ​ពេល​១​ម៉ោង និង​៤៥​នាទី៕

អត្ថបទ៖ ជិន សុភ័ក្រ្ត