Nguyen Tran Duy Nhat និយាយពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ សុខ ធី
- 2020-03-05 06:44:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nguyen Tran Duy Nhat និយាយពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ សុខ ធី
ចន្លោះមិនឃើញ
អ្នកប្រដាល់វៀតណាម ដែលកំពុងឡើងកូដ Nguyen Tran Duy Nhat នឹងត្រូវប៉ះអ្នកប្រដាល់កម្ពុជា សុខ ធី ក្នុងព្រឹត្តិការណ៍ ONE: Hearts of Heroes របស់ ONE Championship នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
មុនការប្រកួតមកដល់ Nguyen Tran Duy Nhat បានឆ្លើយសំណួរមួយចំនួនរបស់ [Sabay] ប៉ុន្តែថ្ងៃនេះ Sabay សូមលើកយកមួយចម្លើយរបស់ Duy Nhat ទាក់ទងនឹងចំណុចខ្លាំង និងចំណុចខ្សោយរបស់ សុខ ធី។
Nguyen Tran Duy Nhat បានឆ្លើយពីចំណុចខ្លាំងរបស់ សុខ ធី ថា៖
"អ្នកប្រហែលជាដឹងហើយថា សុខ ធី មិនមែនជាប្រដាល់មួយថៃនោះទេ។ គាត់គឺជាអ្នកប្រដាល់គុនខ្មែរ ដែលនាំយកក្បាច់ពិសេសៗរបស់គុនខ្មែរ ទៅប្រឡូកក្នុងសង្វៀនមួយថៃ។ ប្រសិនបើអ្នកហ៊ានតែចាត់ទុកគាត់ថាជាអ្នកប្រដាល់មួយថៃធម្មតាម្នាក់ អ្នកនឹងបរាជ័យដោយសារគាត់មិនខាន"។
"អ្នកប្រដាល់គុនខ្មែរ ចូលចិត្តម៉ាត់ កែង និងឱបដើម្បីបញ្ចេញក្បាច់ពិសេសនានា។ ពួកគេមិនបារម្ភរឿងនៅកៀកគូប្រកួតនោះទេ ព្រោះពួកគេអាចចាប់ឱកាសនេះ ដើម្បីផ្ដួលគូប្រកួត។ បើនិយាយពីសុខ ធី វិញ គឺជាអ្នកប្រដាល់ដែលមិនងាយសន្លប់ដោយសារកណ្ដាប់ដៃវ៉ៃចូលមុខនោះទេ។ គាត់នៅក្មេង ទើបអាយុ ២៣ឆ្នាំ។ គាត់ជាអ្នកប្រដាល់ដ៏ខ្លាំងម្នាក់"។
ចំពោះចំណុចខ្សោយវិញ Nguyen Tran Duy Nhat បានលើកឡើងដូចខាងក្រោម៖
"ប្រសិនបើនិយាយពីចំណុចខ្សោយវិញ គឺចលនារបស់ សុខ ធី។ ពេលគាត់ប្រកួតមួយថៃ គាត់ហាក់ដូចជាយឺតបន្តិច ឯការធ្វើចលនា ក៏មិនសូវរលូនប៉ុន្មានដែរ"។
សូមបញ្ជាក់ថា Nguyen Tran Duy Nhat មិនទាន់ចាញ់នៅសង្វៀន ONE Championship នោះទេ គឺឈ្នះអ្នកប្រដាល់ម៉ាឡេស៊ី Azwan Che Wil (សន្លប់ទឹក៣) និងឈ្នះអ្នកប្រដាល់ជប៉ុន Yuta Watanabe (សន្លប់ទឹក២)។ ចំណែក សុខ ធី មិនទាន់ឈ្នះនៅសង្វៀនលំដាប់ពិភពលោកនេះទេ គឺចាញ់អ្នកប្រដាល់ថៃ Lerdsila Phuket Top Team ២ដង និងចាញ់ Rodtang Jitmuangnon៕
ចុចអាន៖ ផ្លូវការ១០០% សុខ ធី ជួបប៉ួខាវវៀតណាម នៅទីក្រុងហូជីមីញ