ម៉េចបាន...ចាន់ នីកា ដល់​អាយុច្រើនទើបគិតគូររឿងប្ដីសី?

  • 2020-03-10 08:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ការិនី អ្នកនាង ចាន់ នីកា ប្រកាស​ថា​នឹង​គិតគូរ​រឿង​ប្ដីសី​នៅ​អាយុ​៣០​ឆ្នាំ ស្រប​ពេល​ដែល​អ្នកនាង​មិន​ទាន់​មើល​ឃើញ​បុរស​ណា​ម្នាក់​ក្នុង​ចំណោម​បុរស​ជាច្រើន​នាក់​ដែល​កំពុង​ចាប់​ចិត្ដ​លើនាង​ ដោយលក្ខណៈ​សម្បត្តិ​បុរសទាំងនោះមិនទាន់ត្រូវ​ចិត្ដរបស់នាង។

បច្ចុប្បន្ន នីកា មាន​វ័យ​២៥​ឆ្នាំ​ហើយ ហើយ​នាង​ធ្លាប់​ជួប​ស្នេហា​បែកបាក់​ជាមួយ​អតីត​សិស្ស​វិទ្យាល័យ​ដូច​គ្នា​កាល​ពី​៧​ឆ្នាំ​មុន។ ទំនាក់ទំនង​ស្នេហា​របស់​នាង​កាល​ណោះ​មាន​លក្ខណៈ​ស៊ីជម្រៅ​រហូត​ដល់​ចង់​ទិញ​ឡាន និង​ផ្ទះ​បង់​រំលស់​រស់នៅជាមួយ​គ្នា​មុន​ពេលចូល​រោងការ ក្រាបផ្ទឹម​​ទៀត​ផង ទើប​ធ្វើ​ឲ្យ​នាង​រាងចាល​នឹង​ពាក្យ​ស្នេហា ហើយ​ខ្លាចរអា​ចំពោះ​បុរស​ដែល​សុំ​ស្រឡាញ់​នាងហើយ បែរជាដោះដៃចោលវិញ។

ទោះជាយ៉ាងណា នីកា បាន​បញ្ចេញ​សារ​ទាក់ទង​នឹង​រឿង​ស្នេហា​ជា​ថ្មី​កាល​ពី​ថ្ងៃទី៩ ខែ​កុម្ភៈ ហាក់​បង្ហាញ​ពី​ការ​ជ្រះស្រឡះ​ពី​អតីត​សិស្ស​រួម​សាលា និង​រួម​ស្នេហា​ម្នាក់​នោះ​ទៀត​ហើយ ហើយ​ចង់បាន​គូរស្រករ ឬ​អ្នក​យល់​ចិត្ដ​ថ្មី​ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អ។

ប៉ុន្តែ​នៅ​ក្នុង​សារ​នោះ​បាន​បញ្ជាក់​ថា ៥​ឆ្នាំ​ទៀត​បាន​នាង​យក​ប្ដី។ ចំពោះ​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ដល់​អាយុ​ច្រើន​ហើយ​ទើប​គិតគូរ​រឿង​រៀបការ? អ្នកនាង​បានឆ្លើយ​តបសំណួររបស់ Sabay យ៉ាង​ខ្លី​ថា រង់ចាំ​ឲ្យ​អាជីព​សិល្បៈ​រឹងមាំសិន ហើយ​មាន​ពេល​ច្រើន​ដើម្បី​មើល​ចិត្ដ​បុរសៗ។

ចាន់ នីកា៖" អនាគត​ស្វាមី​ខ្ញុំ មិន​សុំ​ច្រើន​ទេ។ មិន​ត្រូវ​ការ​ភាព​ហ៊ឺហា អាយុ​ច្រើន​ជាង​ខ្ញុំ មាន​សន្ដានចិត្ត​ល្អ​ជាមួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន ម៉ត់ចត់ ម៉ឺងម៉ាត់ តែ​ទន់ភ្លន់​ជាមួយ​មនុស្ស​ស្រី ចេះ​ទូន្មាន​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​ល្អ ចេះ​ប្រចណ្ឌ​តិចៗ ស្រឡាញ់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ"។

រូបភាព៖ ហ្វេសប៊ុក ចាន់ នីកា

អ្នកនាង ចាន់ នីកា មាន​ប្រវត្តិ​តស៊ូ​ក្នុង​អាជីព​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍ Fresh News និង​ធ្វើ​ជា​ពិធី​ការិនី​នៅ​តាម​កម្មវិធី​ផ្សេងៗ ព្រម​ទាំង​សម្ដែង​ភាពយន្ត និង​បទចម្រៀង​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន​អស់ពេលជិត២​ឆ្នាំ។ នីកា ត្រូវ​បាន​ទស្សនិកជន​ស្គាល់​ច្រើន​តាម​រយៈ​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា"ហេតុ​អី​កុហក​បង​ថា​គ្មាន​សង្សារ​របស់​ផលិតកម្ម​សាន់ដេរ ដែល​ច្រៀង​ដោយ​នាយ​ចឺម"៕

អត្ថបទ៖ ជិន សុភ័ក្រ្ត