លោក ពុយ គា ណែនាំ៩ចំណុច ដើម្បីពិនិត្យឲ្យដឹងថា ព័ត៌មានពិត ឫក្លែងក្លាយ?

  • 2020-03-11 12:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះព័ត៌មានក្លែងក្លាយកំពុងក្លាយជាប្រធានបទក្ដៅគគុក នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ កាន់តែផុសផុលអំពីបញ្ហាព័ត៌មានក្លែងក្លាយ គឺស្របពេលនៃការផ្ទុះឡើង នៃជំងឺរលាកផ្លូវដង្ហើមថ្មី Covid-19 ដែលកាន់តែធ្វើឲ្យមានការពុលកាន់តែខ្លាំងនៅក្នុងសង្គម។

រូបភាពយកពីផេករបស់ លោក ពុយ គា

ទាក់ទងនឹងព័ត៌មានក្លែងក្លាយនេះ លោក ពុយ គា ត្រូវបានស្គាល់ថាជាអ្នកកាសែតជើងចាស់ និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន បានលើកឡើងថា ដើមឡើយគេនិយមហៅថា «ព័ត៌មានចចាមអារ៉ាម» តែបច្ចុប្បន្ននេះ គេនិយមហៅថា «ព័ត៌មានក្លែងក្លាយ»។

ម៉្លោះហើយ តើត្រូវធ្វើយ៉ាងណាដើម្បីដឹងថាព័ត៌មាននោះពិត ឫក្លែងក្លាយ? ឆ្លើយនឹងសំណួរនេះ លោកពុយ គា បានចែករំលែក និងធ្វើបទបង្ហាញមួយនៅឯសន្និសីទសារព័ត៌មានស្ដីពី ចំពោះមុខ Covid-19 និងព័ត៌មានក្លែងក្លាយ នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីព្រឹកថ្ងៃទី ១១ មីនា ដោយបានផ្ដល់គន្លឹះ ៩ចំណុចដូចខាងក្រោម៖

  • ទី១. នៅពេលដែលអានព័ត៌មាន គួរពិចារណាលើប្រភពព័ត៌មាននោះ តើបុគ្គលជាអ្នកសរសេរ ជាសកម្មជនហ្វេសប៊ុក ឬចេញមកពីស្ថាប័នព័ត៌មានវិជ្ជាជីវៈ?

  • ទី២. សូមកុំអានតែចំណងជើង សូមអានអត្ថបទទាំងមូលដើម្បីឲ្យដឹងថា ចំណងជើងនោះឆ្លុះបញ្ចាំងទៅនឹងខ្លឹមសារអត្ថបទទាំងមូលដែរឫទេ? ពេលខ្លះចំណងជើងសរសេរដូចជារឿងពិត ប៉ុន្ដែខាងក្នុងអត់មានអ្វីជាអំណះអំណាងទាល់តែសោះ។

  • ទី៣. គួរពិនិត្យមើលអ្នកនិពន្ធ អ្នកសរសេរ តើគាត់ជាអ្នកនិពន្ធ អ្នកសរសេរដែលមានវិជ្ជាជីវៈត្រឹមត្រូវដែរឫទេ?

  • ទី៤. គួរពិនិត្យលើប្រភពព័ត៌មានរបស់អ្នកសរសេរ តើមានប្រភពច្បាស់លាស់ ឫគាត់ដកស្រង់ពីគេ?

  • ទី៥. តើព័ត៌មាននោះមានកាលបរិច្ឆេទត្រឹមត្រូវទេ? ពេលខ្លះគេយករឿងរ៉ាវដែលកើតឡើងកាលពីឆ្នាំមុន ពីរឆ្នាំមុន ឬ៥ឆ្នាំមុន មករំលឹក ឫបង្ហោះឡើងវិញក៏មាន។

  • ទី៦. សំណេរខ្លះគ្រាន់តែជាការកំប្លែងលេង ជាការចំអកឡកឡើយ ដើម្បីជាការកម្សាន្ត ដើម្បីលក់ផលិតផល ឫដើម្បីគ្រាន់តែជាការទាក់ទាញអ្នកអានឲ្យបានច្រើនតែប៉ុណ្ណោះ។

  • ទី៧. តើអ្នកសរសេរវាយតម្លៃ ឬសន្និដ្ឋានរឿងនោះដោយខ្លួនឯង ដោយមានចេតនាលំអៀង ឬដាក់កំហុសលើភាគីម្ខាងទៀត ឬយ៉ាងណា?

  • ទី៨. អត្ថបទមានដកស្រង់ពីអ្នកជំនាញ ដែលពាក់ព័ន្ធនឹងសាច់រឿងដែលខ្លួនសរសេរនោះដែរឬទេ? ឧទាហរណ៍ ករណី Covid-19 ទាមទារដាច់ខាតត្រូវសួរទៅក្រសួងសាមីនោះ គឺក្រសួងសុខាភិបាល ព្រោះមានតែក្រសួងសុខាភិបាល ឬវិទ្យាស្ថានជាតិ ប៉ាស្ទ័រ ទេ ដែលអាចបញ្ជាក់ថា បុគ្គលណាម្នាក់ពិតជាបានឆ្លងវវីរុសនេះពិតមែន។

  • ទី៩. អត្ថបទបំផុសឲ្យមានការភ័យខ្លាច និងប្រុងប្រយ័ត្នហួសពីការពិត។ រឿងបែបនេះ ធ្លាប់កើតមានឡើងរដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលពេលនោះមានគ្រួសារមួយ មានសមាជិក ៥នាក់ ត្រូវបានគេយកសំណាកដើម្បីពិនិត្យមើលមេរោគឆ្លង អេបូឡា ប៉ុន្ដែអត្ថបទព័ត៌មានមួយបែរជាសរសេរថាពលរដ្ឋអាមេរិកាំងក្នុងស្រុកមួយនេះ ត្រូវបានគេបង្ខាំងទុកឲ្យនៅឆ្ងាយពីគេ ព្រោះខ្លាចចម្លងដល់អ្នកដទៃ។

ទាំង៩ចំណុចខាងលើនេះ គឺជាការចែករំលែកពី អ្នកកាសែតជើងចាស់ លោក ពុយ គា ដើម្បីឲ្យដឹងថា តើព័ត៌មានប្រភេទណាជាព័ត៌មានពិត ឬក្លែងក្លាយ?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម