មុន​ជួប​គ្នា​កម្មវិធី​ខ្សែក្រវាត់​ ឪពុក​ សេរីវណ្ណថង​ សរសើរ​ ទួនប៉េ​ ជា​កីឡាករ​ខ្ញី​ចាស់​

  • 2020-03-12 02:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​ ឈិត​ សេរីវណ្ណថង​ សរសើរ​មិន​ដាច់​ពី​មាត់​អំពី​សមត្ថភាព​ដ៏​ល្អ​របស់​កីឡាករ​ខ្លា​ចាស់​ ទួន​ប៉េ​ មុន​ការ​ប្រកួត​មក​ដល់​រវាង​កូន​ប្រុស​របស់​លោក​ និង​អ្នក​លេង​គុន​ថៃ​រូប​នេះ​ដើម្បី​ដណ្ដើម​កៅអី​ជា​បន្ត​កម្មវិធី​ខ្សែក្រវាត់​របស់​សង្វៀន​ CNC ។​

ទួនប៉េ ពេលឈ្នះ​កីឡាករ​កន្លងទៅ

កីឡាករ​ ឈិត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប៉ះ​ខ្លា​ចាស់​ ទួនប៉េ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ហើយ​លើ​សង្វៀន​ CNC​ ក្នុង​កម្មវិធី​ជម្រុះ​វគ្គ​ទី២​ ដើម្បី​មាន​ឱកាស​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ។​ ចំណែក​ការ​ប្រកួត​ជម្រុះ​១គូ​ទៀត​នោះ​គឺ​ ឡុង​ ជិន​ ប៉ះ​កីឡាករ​ថៃ​ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​វគ្គ​ទី២​ នេះ ដូច​គ្នា។​

លោក​ ឈុត​ សេរី​ ឪពុក​របស់​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​សមត្ថភាព​របស់​ ទួនប៉េ​ វិញ​គឺ​ល្អ​គ្រប់​ទាំង​អស់​ ជា​កីឡាករ​ចាស់​វស្សា​មែន​ប៉ុន្តែ​ក្បាច់​ស្នៀត​វិញ​នៅ​តែ​ល្អ។​ មួយ​វិញ​ទៀត​នោះ​អ្នក​លេង​គុន​ថៃ​រូប​នេះ​គឺ​ល្អ​ដើរ​បុក​ ដូច្នេះ​បើ​កីឡាករ​ដែល​មាន​កម្លាំង​ខ្សោយ​ជាង​គឺ​យ៉ាប់​របស់ខ្ញី​ចាស់​ម្នាក់​នេះ​ហើយ។​

លោក​ ឈុត​ សេរី

ចំពោះ​ការ​ហ្វឹកហាត់​របស់​កូន​ប្រុស​លោក​វិញ​ គ្រូ​ប្រចាំ​ក្លឹប​រាហ៊ូកីឡាខេត្តបាត់ដំបងខាង​លើ​នេះ​បញ្ជាក់​ថា​ បាន​ហាត់​យូរ​ដែរ​ហើយ​ ប៉ុន្តែ​មិន​បាន​ពេញលេញ​ដូច​មុននោះ​ទេ​ ដោយ​សារ​តែ​ជាប់​រៀន​នៅ​សកល​វិទ្យាល័យ។​ សម្រាប់​ការ​ប្រកួត​លើក​នេះ​ ឪពុក​របស់​ វណ្ណថង​ សង្ឃឹម​ត្រឹម​ឈ្នះ​ ៥០% ។​

រំលឹក​ដែរ​ថា​ សម្រាប់​ការ​ជម្រុះ​វគ្គ​ទី២​ នៃ​កម្មវិធី​កម្ពុជា​ជើងឯក​សង្វៀន​គុន​ខ្មែរ​នេះ​គឺ​មាន​ខ្មែរ​២រូប​ ថៃ​២រូប​ ត្រូវ​ប្រកួត​នា​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី១៤​ ខែ​មីនា​ ២០២០។​ ឈិត​ សេរីវណ្ណថង​ ប៉ះ​ ទួនប៉េ​ និង​ ឡុង​ ជិន​ ប៉ះ​ បាប់ផៃរី​ អ្នក​ដែល​ឈ្នះ​បាន​ឡើងទៅវគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត​ដើម្បី​ក្លាយ​ជា​ជើងឯក​វគ្គ​២​ រួច​បាន​ឡើង​ទៅ​វគ្គ​​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​ ធន់​ មករា​ ដែល​ជា​ជើងឯក​ប្រចាំ​វគ្គ​មុន៕​

រូបភាពរបស់ CNC

អត្ថបទ៖ នួន ស៊ីណា​