ពែកមី លេច​មុខ​គាំទ្រ​ប្អូន​ធម៌​ចេញ​រក​ស៊ី​ដំបូង​ ចំ​ពេល Covid-19 កំពុង​វាយ​លុក

  • 2020-03-17 03:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ពែកមី ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​លូក​កាន់​តែ​ជ្រៅ​ក្នុង​មុខ​ជំនួញ​ពិសេស​ជំនួញ​អចលនទ្រព្យ​នោះ ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លេច​មុខ​ក្នុង​ពិធី​បើក​ការដ្ឋាន​ថ្មី​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​កំពង់​ស្ពឺ ប៉ុន្តែ​ភ្លាម​ៗ​នាយ​បាន​បដិសេធ​ថា នោះ​មិន​មែន​ជា​ជំនួញ​របស់​នាយ​ឡើយ។

តារា​កំប្លែង​មក​ពី​ខេត្ត​ស្វាយ​រៀង បញ្ជាក់​​ថា នាយ​មិន​ទាន់​មាន​គម្រោង​វិនិយោគ​ណា​មួយ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​លើ​វិស័យ​អចលនទ្រព្យ​នោះ​ឡើយ។ ដូច្នេះ​ច្បាស់​ណាស់​ថា វត្តមាន​របស់​នាយ​នា​ពេល​នេះ គឺ​មិន​មែន​ក្នុង​នាម​​ម្ចាស់​ភាគហ៊ុន​អ្វី​នោះ​ទេ ពោល​គឺ​លោក​គ្រាន់​តែ​ចូល​រួម​គាំទ្រ​ប្អូន​ធម៌​របស់​លោក​ប៉ុណ្ណោះ។

តាម​ការ​បញ្ជាក់​របស់ ពែកមី ប្អូន​ធម៌​របស់​លោក​មាន​ឈ្មោះ ជោត លាង​ហេង គឺ​អគ្គ​នាយក​ក្រុមហ៊ុន​លំនៅ​ដ្ឋាន ឈាំង ហេង ដែល​ទើប​ដំណើរ​ការ​បុក​គ្រឹះ​សាងសង់​ម្សិលមិញ​នេះ។ តារា​កំប្លែង​បញ្ជាក់​ថា ពួក​លោក​បាន​ជួប​ស្គាល់​គ្នា និង​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ក្រុមហ៊ុន "ត្រាស់​មី" ហើយ​ក៏​បាន​រាប់​អាន​គ្នា​ជា​បង​ប្អូន​រហូត​មក។

លុះ​ម្សិលមិញ​នេះ នាយ​ត្រូវ​បាន​អគ្គនាយក​ក្រុមហ៊ុន​ដែល​ជា​ប្អូន​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​បើក​សម្ពោធ​​ចេញ​រកស៊ី​ផ្ទាល់​ខ្លួន​ជា​លើក​ដំបូង ផ្សំ​នឹង​ប្អូន​ប្រុស​រូប​នេះ អះអាង​ពី​សក្ដានុពល​មុខ​ជំនួញ​ដំបូង​របស់​ខ្លួន​ផង នាយ​ក៏​បាន​ឆ្លៀត​មក​ចូល​រួម​​លើក​ទឹកចិត្ត និង​បាន​មើល​ឃើញ​ថា គម្រោង​អចលនទ្រព្យ​របស់​ប្អូន​ប្រុស ពិត​ជា​អំណោយ​ផល​ល្អ។

ពែកមី ថា ប្អូន​ប្រុស​លោក​ភ្នែក​មុត ទើប​រើស​បាន​គម្រោង​ដែល​ស្ថិត​នៅ​ទីតាំង​ល្អ ពោល​គឺ​កណ្ដាល​ក្រុង​កំពង់​ស្ពឺ ជាប់​ផ្លូវ​ជាតិ ហើយ​ព័ទ្ធ​ជុំ​វិញ​ដោយ​មន្ទីរ​ពេទ្យ សាលារៀន និង​រោងចក្រ​ថែម​ទៀត។ "ឃើញ​អីចឹង​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ប្អូន​រើស​បាន​ទីតាំង​ល្អ...កន្លែង​ទំនង ចេញ​លក់​ទៅ​ដឹង​តែ​បង​ប្អូន​គាំទ្រ​ហើយ អីចឹង​ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត និង​អបអរ​សាទរ​គាត់"។

លោក ជោត លាងហេង អគ្គនាយក

យ៉ាង​នេះ​ក្ដី តារា​កំប្លែង​ស៊ីធីអិន​បញ្ជាក់​ថា លោក​មិន​មាន​គម្រោង​រួម​វិនិយោគ​ជាមួយ​ប្អូន​ធម៌​នោះ​ទេ ព្រោះ​លោក​ជា​ក្រុម​ប្រឹក្សា​ភិបាល​របស់ "ត្រាស់មី" រួច​ហើយ ដែល​តាម​តួនាទី​នេះ លោក​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ។ គម្រោង "ឈាំង ហេង" ស្ថិត​នៅ​កណ្ដាល​ក្រុង​ច្បារ​មន លើ​ដី​ទំហំ​កន្លះ​ហិកតា និង​​មាន​សំណង់​លំនៅ​ដ្ឋាន​ចំនួន ៣៩​ល្វែង។

គម្រោង​នេះ រួម​វិនិយោគ​បុគ្គល​ពីរ​នាក់​សំខាន់​ៗ គឺ​លោក ជោត លាងហេង ជា​អគ្គនាយក និង​លោក "ឈាំង" ដូច្នេះ​ហើយ ទើប​គម្រោង​នេះ មាន​ឈ្មោះ​ថា "ឈាំង ហេង" បាន​មក​ពី​ការ​បញ្ចូល​គ្នា​នៃ​ម្ចាស់​ហ៊ុន​ទាំង​ពីរ។គម្រោង​របស់​ប្អូន​ធម៌ ពែកមី បាន​បើក​ដំណើរការ​ចំ​ពេល​ជំងឺ Covid-19 បាន និង​កំពុង​គំរាម​ពិភព​លោក រួម​ទាំង​កម្ពុជា​ផង ដែល​នាំ​ឲ្យ​មាន​ការ​ប៉ាន់​ស្មាន​ថា គម្រោង​អាច​ជួប​បញ្ហា​មួយ​ចំនួន​។

យ៉ាងណា ឯកឧត្តម ជួន គន្ធា ហៅ សីហា ដែល​ជា​ភាគទុនិក​មួយ​រូប​ដែរ​បាន​បញ្ជាក់​ថា អំឡុង​ពេល​នេះ សំណង់​ផ្ទះ​ល្វែង​នៅ​ធូរ​ថ្លៃ ផ្ទះ​ទំហំ​២ជាន់​កន្លះ​តម្លៃ​ចាប់​ពី ៧ម៉ឺន ប៉ុន្តែ​រង់​ចាំ​ដល់​អ្វី​ៗ​វិល​មក​ប្រក្រតី​វិញ ប្រាកដ​ណាស់​ថា អចលនទ្រព្យ​នឹង​ឡើង​ថ្លៃ ដូច្នេះ​វិនិយោគ​ក្នុង​ពេល​នេះ ល្អ​ពេល​ក្រោយ៕

អត្ថបទ៖ ទារិកា