អ្នកវិទ្យាសាស្ត្រប្រើកុំព្យូទ័រកម្លាំងខ្លាំងជាងគេក្នុងលោក ដើម្បីរកវិធីព្យាបាលកូវីដ១៩
- 2020-03-18 08:56:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រប្រើកុំព្យូទ័រកម្លាំងខ្លាំងជាងគេក្នុងលោក ដើម្បីរកវិធីព្យាបាលកូវីដ១៩
ចន្លោះមិនឃើញ
ខណៈដែលកូវីដ១៩ បន្តរីករាលដាលកាន់តែខ្លាំងឡើងនោះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្វែងរកវិធីព្យាបាលវីរុសនេះ ដោយប្រើប្រាស់កុំព្យូទ័រកម្លាំងខ្លាំងជាងគេក្នុងលោកម៉ូដែល Summit របស់ក្រុមហ៊ុន IBM។
ម៉ាស៊ីនកុំព្យូទ័រ Summit គឺមាននូវ Processor រាប់ម៉ឺនគួបផ្សំគ្នា ដែលវាមានទីតាំងនៅមន្ទីរពិសោធន៍ Oak Ridge National។ ដោយប្រើប្រាស់សមត្ថភាពរបស់វា អ្នកស្រាវជ្រាវអាចបង្កើតការសាកល្បងមើលថាម៉ូលេគុលចំនួន ៨ ពាន់ផ្សេងគ្នា នឹងមានប្រតិកម្មបែបណាជាមួយវីរុសកូរ៉ូណា ដែលដំណើរការនេះគឺកុំព្យូទ័រធម្មតាមិនអាចធ្វើទៅរួចឡើយ។
Jeremy Smith នាយកនៃសកលវិទ្យា University of Tennessee ដែលជាអ្នកស្រាវជ្រាវសំខាន់មួយក្នុងការសិក្សាលើវីរុសកូរ៉ូណានេះ បានលើកឡើងថា ៖ "យើងចំណាយពេល ១ ថ្ងៃ ឬ ២ ថ្ងៃប៉ុណ្ណោះ ដែលសម្រាប់កុំព្យូទ័រធម្មតាត្រូវប្រើពេលរាប់ខែឯណោះ។”
ការសាកល្បងតែម្យ៉ាងមិនអាចបញ្ជាក់ថាវិធីសាស្ត្រព្យាបាលនឹងមានប្រសិទ្ធភាពនោះទេ ប៉ុន្តែគម្រោងការនេះអាចស្វែងរកម៉ូលេគុលជាប់ជាបេក្ខភាពចំនួន ៧៧ ម៉ូលេគុល ដែលអ្នកស្រាវជ្រាវដទៃទៀតអាចតេស្ត ក្នុងដំណាក់កាលសាកល្បង។
ការប្រយុទ្ធជាមួយកូវីដ១៩ បានបង្ហាញជាឧទាហរណ៍មួយស្ដែងឲ្យឃើញអំពីសារៈសំខាន់នៃម៉ាស៊ីនកុំព្យូទ័រមហាកម្លាំង។ គួរដឹងម៉ាស៊ីន Summit ដែលមានតម្លៃ ២០០លានដុល្លារនេះ រួមជាមួយម៉ាស៊ីនស្រដៀងនេះ ធ្លាប់បានបង្ហាញឲ្យឃើញអំពីការកកើតនៃចក្រវាឡ ការផ្ទុះនៃគ្រាប់បែបអាតូម និងបង្ហាញឲ្យឃើញពីហេតុការស្មុគស្មាញដទៃទៀត៕