តួឯក​ស្រី​រឿង "ហ្លួង​ព្រះស្ដេច​កន" បាត់​មុខ​ឈឹង ស្រាប់​តែ​មាន​ដំណឹង​មាន​កូន​១​ហើយ

  • 2020-03-20 03:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួឯក​ស្រី​ដ៏​ស្រស់​ស្អាត ស៊ិន សក្កដា តួឯក​ស្រី​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​បែប​ប្រវត្តិសាស្ត្រ​រឿង "ហ្លួង​ព្រះស្ដេច​កន" បាន​បន្សាត់​ខ្លួន​បាត់​ឈឹង​ពី​ផ្ទាំង​សំពត់​ស បន្ទាប់​ពី​បាន​សាង​ការ​ចាប់​អារម្មណ៍​តាម​ស្នាដៃ​ជា​ច្រើន ឥឡូវ​មាន​គេ​ឃើញ​នាង​តែង​នៅ​ជាប់​ជា​មួយ​ក្មេង​ប្រុស​ម្នាក់​វ័យ​ប្រមាណ​ជិត​១​ខួប ដែល​សង្ស័យ​ថា ជា​កូន​របស់​នាង។

សក្កដា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​ដំណើរ​តាម​រថយន្ត Rang Rover ពណ៌​ខ្មៅ​មួយ​គ្រឿង រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​វ័យ​ខ្ទង់ ៣០​ឆ្នាំ​ជាង នៅ​ម្ដុំ​ពេទ្យ​ចិន​កាល​ពី​ខែ​មុន ពេល​ដែល​រថយន្ត​របស់​នាង​ចូល​ទៅ​ចាក់​សាំង។ ចំណុច​គួរ​ចាប់​អារម្មណ៍ គឺ​ក្នុង​រថយន្ត​មាន​កូន​ប្រុស​តូច​ម្នាក់​ទៀត។ នេះ​ជា​ការ​ប្រទះ​ឃើញ​យ៉ាង​កម្រ​នៅ​ជីវិត​ឯកជន​របស់​តារា​ស្រី បន្ទាប់​ពី​នាង បាន​បាត់​មុខ​ឈឹង​ពី​សិល្បៈ។

ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត នាង​បាត់​មុខ​ក្រោយ​ពី​នាង បាន និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ការងារ​សិល្បៈ​របស់​នាង​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា​រឿង "ហ្លួង​ព្រះស្ដេច​កន" និង​រឿង “ភ្លៀង​១​តក់" ជា​ដើម។ ការ​បាត់​មុខ​តក់​ក្រហល់​បែប​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់។ ឥឡូវ​ស្រាប់​តែ​គេ​ប្រទះ​ឃើញ​រួម​ដំណើរ​ជា​បុរស​វ័យ​ក្មេង​ម្នាក់ រួម​ជា​ក្មេង​ប្រុស​មួយ​រូប​ទៅ​វិញ។

ជុំវិញ​បញ្ហា​នេះ ស៊ិន សក្កដា បាន​ឆ្លើយ​ប្រាប់ Sabay តាម​សារ​អេឡិចត្រូនិក​ថា ចំពោះ​ការ​បាត់​មុខ​នោះ គឺ​ដោយ​សារ​តែ​មាន​ការ​រវល់​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទាំង​មុខ​របរ​រក​ស៊ី ពិសេស​គឺ​ពេល​នេះ​នាង​មាន​ស្វាមី និង​កូន​ម្នាក់​ហើយ ដូច្នេះ​ហើយ នាង​ត្រូវ​ចំណាយ​ពេល​ជាមួយ​ពួក​គេ។

នេះ​ជា​លើក​ទី​១​ដែល​តារា​ស្រី បង្ហើប​ពី​ជីវិត​ផ្ទាល់​ខ្លួន ពិសេស​ដំណឹង​ថា​នាង​មាន​ប្ដី ថែម​ទាំង​កូន​ទៀត ខណៈ​កន្លង​មក​មិន​ដែល​លេច​ដំណឹង​រៀបការ​សោះ។ បញ្ហា​នេះ​សាមី​ខ្លួន អះអាង​ថា នាង​ និង​គ្រួសារ មិន​ទាន់​បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​នៅ​ឡើយ​ដោយ​សារ​តែ​នៅ​រវល់​រឿង​រ៉ាវ​មួយ​ចំនួន។ ប៉ុន្តែ​យ៉ាង​ណា បាន​ចុះ​អេតាស៊ីវិល​ជាមួយ​គ្នា​រួច​ហើយ ហើយ​ក៏​មាន​រៀប​ពិធី​តិច​តួច​ដើម្បី​ចាស់​ទុំ​ដឹង​លឺ​ផង។

ងាក​ទៅ​រឿង​ពិធី​ជ័យ​តាម​ប្រពៃណី តារា​ស្រី​មុខ​មាន​មន្ត​ស្នេហ៍ ប្រាប់​ថា នាង​ក៏​មាន​គម្រោង​ដែរ ប៉ុន្តែ​រង់ចាំ​កិច្ចការ​មួយ​ចំនួន​បាន​ស្រេច​បាច់​សិន។ "មាន​គម្រោង​បង ពិធី​ជ័យ​ហ្នឹង​គឺ​មាន​គម្រោង តែ​ណា​ការងារ ណា​ផ្ទះ​មិន​ទាន់​បាន​រួច...ចាំ​មើល​ក្រោយ​ផ្ទះ​ធ្វើ​រួច​សិន!”។ សក្កដា ថ្លែង។

តាម​ការ​អះអាង ស៊ិន សក្កដា បាន​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ជាមួយ​ស្វាមី ក្រោយ​ពី​បញ្ចប់​ការ​ថត​រឿង "ហ្លួង​ព្រះស្ដេច​កន" រួច ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ប្រមាណ​ជាង​១​ឆ្នាំ​ហើយ។ ចំពោះ​អត្តសញ្ញាណ​របស់​ខ្លួន សក្កដា គ្រាន់​តែ​បង្ហើប​យ៉ាង​ខ្លី​ថា ឪពុក​របស់​កូន​ប្រុស​នាង មិន​មែន​ជា​អ្នក​សិល្បៈ​ទេ ប៉ុន្តែ​ពាណិជ្ជករ​មួយ​រូប។ យ៉ាង​ណា តារា​ស្រី​វ័យ ៣០​រូប​នេះ មិន​បាន​ប្រាប់​ថា ស្វាមី​នាង​ឡើយ​មាន​ឈ្មោះ​អ្វី​ឡើយ៕

រូបភាព៖ ហ្វេសប៊ុក ស៊ិន សក្កដា

អត្ថបទ៖ ទារិកា