សេដ្ឋីបច្ចេកវិទ្យាស្រុះដៃគ្នាបរិច្ចាគម៉ាស់រាប់លាន ជួយប្រយុទ្ធនឹងកូវីដ១៩

  • 2020-03-24 02:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សេដ្ឋី​បច្ចេកវិទ្យា​ជា​ច្រើន​នាក់ បាន​ចូល​រួម​បរិច្ចាគ​ម៉ាស់​ការពារ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ​១៩ ដែល​ក្នុង​នោះ​រួម​មាន​លោក Tim Cook នាយក​ប្រតិបត្តិ​ Apple, លោក Mark Zuckerberg នាយក​ប្រតិបត្តិ Facebook និង​លោក Jack Ma ស្ថាបនិក​ Alibaba ជា​ដើម។

Jack Ma ៖ ១០,២ លាន​ម៉ាស់

លោក Jack Ma បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ Twitter ជា​លើក​ដំបូង​កាល​ពី​ដើម​ខែ​មីនា​ ហើយ​លោក​បាន​ប្រកាស​ថា​នឹង​បរិច្ចាគ​ម៉ាស់​ការពារ​ចំនួន ១ លាន (រួម​ជា​មួយ​ឧបករណ៍​តេស្ត​រក​កូវីដ​១៩ ចំនួន ៥០ ម៉ឺន) ដល់​សហរដ្ឋអាមេរិក។

ក្រោយ​មក​លោក​បាន​ប្រកាស​ថា​នឹង​ដឹក​ជញ្ជូន​ម៉ាស់​ ១០ ម៉ឺន​ សម្រាប់​ប្រទេស​នីមួយៗ​នៅ​ទ្វីប​អាហ្វ្រិក ដែល​សរុប​ទៅ​គឺ​មាន ៥,៤ លាន​ម៉ាស់។ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​អ្នក​បង្កើត Alibaba រូប​នេះ ក៏​បាន​ប្រកាស​ថា​នឹង​បរិច្ចាគ​ម៉ាស់​ ១,៨ លាន សម្រាប់​ចែក​ទៅ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន, បង់ក្លាដេស, កម្ពុជា, ឡាវ, ម៉ាល់ឌីវ, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, នេប៉ាល់, ប៉ាគីស្ថាន និង​ស្រីលង្កា​។ មិន​ចប់​ត្រឹម​នេះ គឺ​លោក Jack Ma បន្ត​ផ្ដល់​ម៉ាស់​ ២ លាន​បន្ថែម សម្រាប់​ប្រទេស​​នៅ​អាមេរិក​ឡាទីន​ចំនួន ២៤ ប្រទេស​ផង​ដែរ។

Apple ៖ តិច​បំផុត ២ លាន​ម៉ាស់​

លោក Tim Cook បាន​ប្រកាស​នា​ថ្ងៃ​សៅរ៍​ថា​ Apple នឹង​បរិច្ចាគ​ម៉ាស់​រាប់​លាន​ដល់​បុគ្គលិក​សុខាភិបាល​នៅ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប​។ បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​សំណាក់​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence ចំនួន​ម៉ាស់​ដែល​ Apple បរិច្ចាគ​ដល់​សហរដ្ឋអាមេរិក​គឺ​មាន ២ លាន​ម៉ាស់។

Facebook ៖ ៧២ ម៉ឺន​ម៉ាស់ និង​​មាន​ជា​បន្ត​បន្ទាប់​ទៀត

ក្នុង​ការ​បង្ហោះ​​លើ Facebook កាល​ពី​ថ្ងៃ​អាទិត្យ លោក Mark Zuckerberg និយាយ​ថា​ Facebook នឹង​បរិច្ចាគ​ម៉ាស់​​ដែល​បាន​រក្សា​ទុក​ប្រើ​សម្រាប់​ពេល​អាសន្ន​ចំនួន ៧២ ម៉ឺន​ម៉ាស់ និង​ស្វែង​រក​ម៉ាស់​រាប់​លាន​ទៀត​ដើម្បី​បរិច្ចាគ​បន្ថែម។

Tesla និង SpaceX ៖ ២៥ ម៉ឺន​ម៉ាស់ និង​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម ១ ពាន់

ក្នុង​អ៊ីមែល​ដែល​ផ្ញើ​ទៅ CleanTechnica កាល​ពី​ថ្ងៃ​សៅរ៍ លោក Elon Musk និយាយ​ថា​ Tesla និង SpaceX មាន​ម៉ាស់ N95 ចំនួន ២៥ ម៉ឺន ត្រៀម​សម្រាប់​ដឹក​ចេញ​ទៅ ដោយ​នឹង​ចែក​ចាយ​ដល់​មន្ទីរពេទ្យ។ នៅ​សប្ដាហ៍​បន្ទាប់​ក្រុមហ៊ុន​ក៏​នឹង​ផ្ដល់​ជូន​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​ជាង​ ១ ពាន់​ផង​ដែរ។

​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម