អតីតអ្នកចាំទី គឹម មករា ទទួលបានចំណងដៃកូនស្រីស្រស់ស្អាតមួយរូប
- 2020-03-25 03:54:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកចាំទី គឹម មករា ទទួលបានចំណងដៃកូនស្រីស្រស់ស្អាតមួយរូប
ចន្លោះមិនឃើញ
អតីតអ្នកចាំទីបឹងកេត គឹម មករា កាលពីម៉ោង១រំលងអាធ្រាត្រថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០យប់មិញនេះ ទទួលបានចំណងដៃកូនស្រីដ៏ស្រស់សោភាមួយរូប។
បើតាមការឱ្យដឹងរបស់គ្រូបង្វឹក U18 របស់បឹងកេតរូបនេះ កូនស្រីរបស់ខ្លួនមានទម្ងន់ ២,៩ គីឡូក្រាម ហើយទាំងម្ដាយទាំងកូនមានសុខភាពល្អធម្មតា ក្រោយពីសម្រាលក្នុងមន្ទីរសម្ភព ណូប៊ែល NOBEL Maternity រួចមក។
បើនិយាយពីអារម្មណ៍កាលពីយប់មិញវិញគ្រូចាំទី គឹម មករា ភ័យផងអរផង ដ្បិតភរិយាត្រូវវះកាត់ ហើយណាមួយលោកទើបក្លាយជាឪពុកថ្មីថ្មោងផង។
លោកគ្រូពន្យល់បែបនេះ ៖«យប់មិញភ័យអរភ័យអរបង ជាពិសេសភ័យច្រើនជាង នៅពេលហ្នឹងយើងត្រូវស៊ីញ៉េអី ព្រោះអីយើងវះ ដល់អ៊ីចឹងយើងរៀងភ័យ ដល់ពេលវះហើយឃើញមុខកូន ខ្ញុំសប្បាយចិត្តណាស់»។
ចំណែកឈ្មោះរបស់កូនស្រីសំណព្វចិត្ត លោកគ្រូមិនទាន់នឹកឃើញនៅឡើយ រង់ចាំលោកយាយមកពីស្រុក ទើបដាក់ឈ្មោះឱ្យ។ លោកគ្រូចាំទី គឹម មករា បានរៀបការជាមួយភរិយាឈ្មោះ ឈឹម សូលីដា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។
គឹម មករា បានមកលេងនៅក្លឹបបឹងកេតចុងឆ្នាំ ២០១៤ និងបានឈប់ពីអាជីពជាអ្នកចាំទីនៅឆ្នាំ ២០២០ ស្របពេលគ្នាជាមួយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ក្រោយជើងរបស់លោកវះហើយមិនជាដូចដើម ហើយបច្ចុប្បន្នលោកជាគ្រូបង្វឹក U18 របស់ក្លឹបបឹងកេត៕