Huawei P40 ស៊េរីកប់ជាងគេ តម្លៃប្រមាណ ១៥៤៣ ដុល្លារ

  • 2020-03-27 01:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Huawei បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ត្រកូល P40 ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ ដែល​ក្នុង​នោះ​មាន​បី​ប្រភេទ​ខុសៗ​គ្នា មាន​ Huawei P40, Huawei P40 Pro និង Huawei P40 Pro+។ ពេល​នេះ​មក​ដឹង​លក្ខណៈ​ពិសេសៗ​មួយ​ចំនួន​របស់​ Huawei P40 Pro+ ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់ iPhone 11 Pro Max និង Galaxy S20 Ultra។

ចំណុច​ដែល​ធ្វើ​ឲ្យ​ P40 Pro+ លេច​ធ្លោ​ជាង​​ P40 ពីរ​ប្រភេទ​ទៀត​គឺ​​ ​មាន​​បំពាក់​ឡេន Periscope ​ទំហំ ៨MP ដែល​អាច​ធ្វើ​ការ Zoom បែប​ Optical ដល់​ ១០ ដង, Zoom បែប Hybrid បាន ២០ ដង និង​ Zoom បែប​ឌីជីថល​លាយ​ Optical បាន​ ១០០ដង។ ​​វា​ក៏​​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ៥០MP ដែល​មាន​ Sensor រូបភាព​ធំ​ទំហំ 1/1.28" ដែល​មាន Filter ជា​ប្រភេទ RYYB ដូច​មុន​ដែរ ​គួប​ផ្សំ​ដោយ​កាមេរ៉ា Ultra-Wide ទំហំ ៤០MP និង​ Sensor 3D ToF សម្រាប់​វាស់​ជម្រៅ​រូប​ភាព និង​កាមេរ៉ា Telephoto មួយ​គ្រាប់​ទៀត​ទំហំ ៨MP។

ប្រព័ន្ធ​កាមេរ៉ា​របស់​ P40 Pro+ មាន​សមត្ថភាព​ផលិត​វីដេអូ​ក្នុង​កម្រិត 4K/60fps សម្រាប់​វីដេអូ​ធម្មតា និង​អាច​ថត​កម្រិត 4K សម្រាប់​វីដេអូ​ Time-Lapse បាន​ផង​ដែរ។ វា​ក៏​មាន​មុខងារ Super Steady Telephoto Video ដើម្បី​ពង្រឹង​សមត្ថភាព​ថត​វីដេអូ​លើ​កាមេរ៉ា Telephoto ឲ្យ​មាន​​លំនឹង​ល្អ។ បន្ថែម​ពី​នេះ​កាមេរ៉ា Ultra-Wide អាច​ថត​វីដេអូ​ប្រភេទ HDR និង​មាន​ ISO រហូត​ដល់​ ៥១ ២០០ ពេល​ថត​នៅ​ទី​ងងឹត។​

​P40 Pro+ គឺ​ជា​ស្មាតហ្វូន​ដំបូង​​គេ​បំផុត​ដែល​មាន​ល្បឿន​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​រហូត​ដល់ ៤០ វ៉ាត់។ កន្លង​មក​គេ​ឃើញ​ការ​បង្ហាញ​បច្ចេកវិទ្យា​នេះ​ពី​ក្រុមហ៊ុន​ជា​ច្រើន ប៉ុន្តែ Huawei ដំបូង​គេ​ដែល​ប្រកាស​ប្រើ​វា​ជា​ផ្លូវ​ការ។ សម្រាប់​ការ​សាក​ថ្ម​ប្រើ​ខ្សែ​វិញ​ក៏​មាន​ល្បឿន​ ៤០ វ៉ាត់ និង​ទ្រាំទ្រ​នូវ​ការ​សាក Reverse Wireless ផង​ដែរ សម្រាប់​ថ្ម​ទំហំ ៤២០០ mAh របស់​វា។

P40 Pro+ គឺ​មាន​បំពាក់​ឈីប Kirin 990 5G និង​មាន​ RAM ទំហំ ៨GB ដូច​ជា​ P40 ពីរ​ប្រភេទ​ទៀត​ដែរ ប៉ុន្តែ​មាន​បំពាក់​អង្គ​ផ្ទុក​ទំហំ ៥១២GB ដែល​ជា​ជម្រើស​តែ​មួយ​គត់។

P40 Pro+ និង P40 Pro គឺ​មាន​ប្រើ​ប្រាស់​រចនាបថ​ Quad-Curve ដែល​មាន​ន័យ​ថា​ក្រៅ​ពី​មាន​អេក្រង់​កោង​​នៅ​ផ្នែក​ខាង​ឆ្វេង​និង​ខាង​ស្ដាំ ក៏​មាន​កោង​នៅ​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​ផង​ដែរ។ P40 Pro+ គឺ​ធ្វើ​ឡើង​ពី​សារធាតុ​សេរ៉ាមិចដ៏​រឹង​មាំ​ និង​មាន​សមត្ថភាព​ការពារ​ទឹក​/ធូលី​កម្រិត IP68។

អេក្រង់​របស់ P40 Pro+ ដូច​ជា​ P40 Pro ដែរ គឺ​មាន​ទំហំ ៦,៥៨ អ៊ីញ ជា​ប្រភេទ OLED មាន Refresh Rate 90Hz ដែល​មាន​កម្រិត​បង្ហាញ ១២០០x២៦៤០ ភីកសែល។ នៅ​លើ​អេក្រង់​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ និង​មាន​​ចោះរន្ធ​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ៣២MP ដែល​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 4K/60fps និង​មាន​​អម​ដោយ​ប្រព័ន្ធ​ស្កេន​មុខ​ IR ដ៏​មាន​សុវត្ថិភាព​ផង​ដែរ។

ស្មាតហ្វូន​ត្រកូល​ P40 ទាំង​អស់​គឺ​មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 និង​ EMUI 10.1 ហើយ​មិន​មាន​នូវ​សេវាកម្ម Google Mobile Services ឡើយ ដែល​ពឹង​ផ្អែក​លើ​ Huawei Mobile Services ជំនួស​វិញ។​

តម្លៃ​របស់ P40 Pro+ នៅ​ទីផ្សារ​អឺរ៉ុប​គឺ​មាន​តម្លៃ​ ១៣៩៩ អឺរ៉ូ ដែល​ស្មើ​ប្រមាណ ១៥៤៣ ដុល្លារ និង​ចេញ​លក់​ចាប់​ពី​ខែ​មិថុនា​ត​ទៅ៕​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង