កុំគិតថាមិនអី! អ្នកអាចក្លាយជាជនរងគ្រោះឆ្លង Covid-19 បើនៅសប្បាយបន្តធ្វើវា

  • 2020-03-27 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រៅ​ពី​មនុស្ស​ចាស់​មាន​ជំ​ងឺ​ប្រចាំ​កាយ អ្នក​ជក់​បារី​និង​អ្នក​ផឹក​ស្រា ​ក៏​ត្រូវ​បាន​គេ​យល់​ថា​ងាយ​ប្រឈម​នឹង Covid 19 ​ផង​ដែរ។

រូបតំណាង

​តាម​ការ​សិក្សា​ពី​​ដេប៉ាតឺម៉ង់​​ចិត្ត​សាស្រ្ត​និង​​វេជ្ជសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ជូឡា​ឡុង​កន​ ​ប្រទេស​ថៃ លោក​វេជ្ជ​បណ្ឌិត Ratsook Kalayasiri ​គូស​បញ្ជាក់​ថា អ្នក​​ចូល​ចិត្ត​ផឹក​ស្រា​ងាយ​បង្កើត​ឱកាស​ឆ្លង​ ​ដោយសារ​​ស្រា​​អាច​បំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​ បណ្ដាល​ឲ្យ​កោសិកា​ឈាម​ស​មិន​អាច​សម្លាប់​​មេរោគ​ក្នុង​​រាង​កាយ​បាន​។ ​​ហានិភ័យ​កាន់​តែ​ធ្ងន់ ​បើ​ពួក​គេ​ផឹក​ជុំ​គ្នា​ជា​វង់​ជាមួយ​មិត្តភក្កិ ឬ​​​ក្រុម​មនុស្ស​ច្រើន​ នោះ​កាន់​តែ​ងាយ​ចម្លង​ទៅ​អ្នក​ដទៃ។ ​​ពេល​អង្គុយ​ក្បែរ​គ្នា​ ​ងាយ​ឆ្លង​តាម​រយៈ​ខ្យល់​ដង្ហើម ​​​បើ​មាន​នរណា​ម្នាក់​ក្អក ​ឬ​កណ្ដាស់​វា​ងាយ​ចម្លង​គ្នា​ណាស់​ក្នុង​កា​លៈ​ទេ​សៈ​នេះ ឬ​បើ​ពួក​គេ​ប្ដូរ​កែវ​គ្នា​ផឹក​ទៀត ​វា​ក៏​អាច​ឆ្លង​តាម​រយៈ​ទឹក​មាត់​​ថែម​ទៀត ​។

រូបតំណាង

​ដូច្នេះ​សម្រាប់​អ្នក​​តែង​ផឹក​ស្រា​​ញឹក​ញាប់​ ​ដាច់​ខាត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សុខភាព​ឲ្យ​បាន​​ខ្ពស់​ជាង​អ្នក​ដទៃ​។ ​ទន្ទឹម​នឹង​នេះ ​ការ​សិក្សា​បាន​រក​ឃើញ​ថា ​អ្នក​ផឹក​ស្រា​ច្រើន ​ងាយ​វិវត្ត​ទៅ​ជា​ជំ​ងឺ​សួត​ ​២ , ៩ ដង ​និង​អត្រា​​ស្លាប់​ ១៣ ,​៥ % ​ ​ក្នុង​ចំណោម​អ្នក​ជំ​ងឺ​របេង​ និង​រលាក​សួត ​​ផង​ដែរ។

ចំណែក​អ្នក​ជក់​បារី​វិញ ​លោក​វេជ្ជបណ្ឌិត Wasin Phiphatanachat ​ជំនួយ​ការ​​​​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​​ចំណេះដឹង​សម្រាប់​​ការ​ទប់​ស្កាត់​​​ថ្នាំ​ជក់ និយាយ​ថា ​​​​កត្តា​ងាយ​ឆ្លង​របស់​ពួក​គេ​មាន​​ដូច​ជា​៖ ​​ ​ជា​ទូ​ទៅ ​​បារី​បំផ្លាញ​សួត​ ​ប្រព័ន្ធ​ដង្ហើម ​រួម​នឹង​សុខភាព​ងាយ​ចុះ​ខ្សោយ ហើយ​បើ​ជក់​រយៈ​ពេល​យូរ​ទៀត​នឹង​ធ្វើ​ឲ្យ​កើត​ជំ​ងឺ​រលាក​សួត​រ៉ាំ​រ៉ៃ​ ​ដែល​នេះ​ជា​ហានិភ័យ​កាន់​តែ​ខ្លាំង។ ​យោង​តាម​​របាយ​ការណ៍​ពី​ប្រទេស​ចិន ​អត្រា​អ្នក​​ជំ​ងឺ Covid 19 ​ស្លាប់​ដោយ​ជក់​បារី​មាន​ ១៤​ដង​ ជាង​អ្នក​មិន​ជក់។ លើស​ពី​នេះ ​បើ​បារី​មួយ​ដើម ​ពួក​គេ​ចែក​​គ្នា​ជក់​ច្រើន​​នាក់ ​ការ​ឆ្លង​តាម​រយៈ​ទឹក​មាត់​​ ងាយ​កើត Covid 19 ​បំ​ផុត​។ ​ផ្អែក​តាម​ព័ត៌មាន​កន្លង​មក ​នៅ​ប្រទេស​ថៃ ធ្លាប់​​​មាន​អ្នក​ឆ្លង​ជំ​ងឺ​នេះ​តាម​រយៈ​បារី ​​ផង​ដែរ។ ​

រូបតំណាង

ម្ល៉ោះ​ហើយ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ណែ​នាំ​ថា ​"​ដល់​​ពេល​ត្រូវ​ឈប់​ជក់​បារី​​ហើយ​ ​ព្រោះ​បើ​សុខភាព​អ្នក​​មិន​ល្អ​ ​អ្នក​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​ងាយ​ឆ្លង Covid 19 ​បំ​ផុត​"។ ផ្អែក​តាម​​របាយ​ការណ៍​​ពី​សេវា​សុខភាព​សាធារណៈ​របស់​ប្រទេស​អង់​គ្លេស ​​នៅ​ពេល​អ្នក​​ឈប់​បារី ​សុខភាព​បេះ​ដូង​អ្នក​​​អាច​វិល​​មក​កម្រិត​ធម្មតា​វិញ​ ។ ​កម្រិត​សម្ពាធ​ឈាម​កើន​ឡើង​​ចាប់​ផ្តើម​ចុះ​ថយ ​​កោសិកា​ឈាម​ក៏​វិវត្ត​មក​ជា​​មាន​​ភាព​ល្អ​​ប្រសើរ​ដោយ​​អាច​ជួស​ជុល​កោសិកា​ដែល​ងាប់​ៗ​ក្នុង​សួត​ឲ្យ​​ត្រល​ប់​មក​​សុខភាព​ល្អ​ និង​ដំណើរ​ការ​បាន​​វិញ​​ផង​ដែរ។

រូបតំណាង

ដើម្បី​ពង្រឹង​សុខភាព​សួត​ ថ្លើម​និង​ទប់​ស្កាត់​ការ​ប្រឈម​ពី​ជំ​ងឺ Covid 19 ​ទាំង​អ្នក​ជក់​បារី ​និង​ផឹក​ស្រា ​គប្បី​​បញ្ឈប់​ទម្លាប់​ទាំង​នេះ។ ​ងាក​មក​ថែ​ទាំ​សុខភាព ​ការពារ​ខ្លួនឯង​ដោយ​​​កុំ​​ជួប​ជុំ​ជាមួយ​មនុស្ស​ច្រើន ​កុំ​ប្រើ​​សម្ភារៈ​រួម​គ្នា ​ញ៉ាំ​អាហារ​សុខភាព ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​រាង​កាយ​រឹង​មាំ ពាក់​ម៉ាស ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​ដ៏​កាច​សាហាវ​នេះ​៕​​ ​​​

អានបន្ត របៀបធ្វើតេស្តរកជំងឺ​ Covid-19 ដោយខ្លួនឯង

ប្រភព៖ Sanook   ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម