ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ នេន ទុំ ត្រូវ​ប្រឈម​នឹង​រឿង​មួយ​ទៀត

  • 2020-03-30 05:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេន ទុំ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​របស់​លោក​បាន​បុក​ក្របី​ដើរ​ឆ្លង​ថ្នល់​មួយ​ក្បាល​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ហើយ​ឥឡូវ​នេះ​លោក​ថា លោក​មាន​បញ្ហា​ត្រូវ​ប្រឈម​មួយ​បន្ថែម​ពី​ក្រោយ​ពី​គ្រោះ​ថ្នាក់​នោះ។

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី ១១ មីនា វេលា​ដែល​លោក និង​មិត្ត​ភ័ក្ដិ​ម្នាក់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ដោយ​ពេល​នោះ​បាន​វាក់អឺ​ជាមួយ​ក្របី​មួយ​ក្បាល បណ្ដាល​ឲ្យ​បុក​ហើយ​សត្វ​ពាហនៈ​ស្លាប់​នៅ​នឹង​កន្លែង ដោយ​ឡែក​លោក និង​មិត្តភ័ក្តិ​របួស​ស្រាល ប៉ុន្តែ​រថយន្ត​ខូច​ខាត​មួយ​កំណាត់​មុខ​ស្ទើរ​តែ​ទាំង​ស្រុង។

លោក ទី ទុំ ហៅ នេន ទុំ ប្រាប់​ថា ការ​ត្រូវ​រ៉ាប់រង​ការ​​ចំណាយ​ទៅ​លើ​ការ​ជួសជុល​រថយន្ត​ដែល​លោក​ទើប​ទិញ​ជិះ​មិន​ទាន់​បាន​១​ឆ្នាំ​នេះ គឺ​ជា​បញ្ហា​ដែល​លោក​ត្រូវ​ប្រឈម​ក្រោយ​កើត​គ្រោះ ខណៈ​ដែល​លោក​មិន​អាច​រក​សំណង​ប៉ះប៉ូវ​ខ្លះ​ពី​ម្ចាស់​សត្វ​ពាហនៈ​​ដែល​ដើរ​លើ​ផ្លូវ​បង្ក​ជា​គ្រោះ​នេះ​បាន​ឡើយ។ លោក​ថា លោក​មិន​អាច​រក​អត្តសញ្ញាណ​ម្ចាស់​ក្របី ព្រោះ​ការ​សាកសួរ​មិន​បាន​តម្រុយ​ទាល់​តែ​សោះ ពោល​គឺ​មិន​មាន​នរណា​ចូល​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ទេ។

ដូច្នេះ​ហើយ លោក​មាន​តែ​ត្រូវ​ចំណាយ​លើ​ការ​ជួសជុល​ដោយ​ខ្លួន​ឯង។ ចំពោះ​ការ​ចំណាយ​នេះ លោក ទុំ ប្រាប់​ថា គិត​ត្រឹម​ពេល​នេះ ការ​ជួសជុល​អស់​ប្រមាណ ៥ពាន់​ដុល្លារ​ហើយ។ ទោះ​យ៉ាង​ណា មិន​ទាន់​រួច​រាល់​នៅ​ឡើយ លោក​ថា តាម​ការ​ប៉ាន​ស្មាន ការ​ចំណាយ​អាច​កើត​ជាង​នេះ​ទៀត ព្រោះ​ការ​ជួសជុល​មិន​រួច​រាល់​ទាំង​ស្រុង​នៅ​ឡើយ។

នេះ​គឺ​ជា​ការ​ខាត​បង់​ធំ​មួយ​របស់​លោក ក្នុង​ពេល​ដែល​បច្ចុប្បន្ន​គ្រប់​គ្នា​សុទ្ធ​តែ​ប្រឈម​នឹង​សេដ្ឋកិច្ច​ដោយ​សារ​តែ ខូវីដ-១៩ គឺ​ពិបាក​រក​លុយ​បំផុត។ ចំពោះ​ប្រាក់​ជាង ៥ពាន់​ដុល្លារ​ដែល​យក​មក​ចំណាយ​ជួសជុល​រថយន្ត​ដែល​ខូច​ខាត​នេះ នេន ទុំ ប្រាប់​បន្ថែម​ថា មិន​មែន​ជា​លុយ​សុទ្ធ​របស់​ខ្លួន​ឡើយ គឺ​លោក​បាន​ខ្ចី​បុល​គេ​ខ្លះ ដើម្បី​យក​មក​ជួសជុល...ព្រោះ​ថា អត់​រថយន្ត​សម្រាប់​ធ្វើ​ដំណើរ​ពិត​ជា​ពិបាក...ដូច្នេះ​ទោះ​អស់​ប៉ុន្មាន​ក៏​ត្រូវ​តែ​ស្ទុះស្ទា​រក​លុយ​មក​ធ្វើ​ដែរ។

រូបភាព៖ហ្វេសប៊ុក ទុំ

តារា​ចម្រៀង​រ៉េប ថ្លែង។ "និយាយ​ទៅ​ខ្ចី​គេ​បង ក្នុង​នោះ​គឺ​ខ្ញុំ​បាន​ខ្ចី​ពូ គឺ​ខ្ចី​ចំនួន ៥០% ក្រៅ​ពី​ប្អូន ២០% ហើយ​ខ្លួន​ឯង​មាន​តែ​ប្រមាណ ៣០%​ទេ!”។ លោក​បាន​បន្ត​ថា រយៈ​ពេល​នៃ​ការ​ជួសជុល​រថយន្ត គឺ​អាច​នឹង​ពន្យារ​ដល់​១​សប្ដាហ៍​ទៀត ព្រោះ​ថា ការ​ខូច​ខាត គឺ​មាន​ទំហំ​ធំ៕

អត្ថបទ៖ ទារិកា