ចេញ​ជា​ទ្រង់ទ្រាយ​ធំ សិល្បករ​ខ្មែរ​ប្រមាណ ៣០នាក់ ចេញ​យុទ្ធនាការ​ប្រឆាំង Covid-19

  • 2020-03-31 04:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​ទទួល​បាន មាន​សិល្បករ​ខ្មែរ​ល្បី​ៗ​ប្រមាណ​ជាង ៣០នាក់ បាន​ស្រុះស្រួល​គ្នា​ចេញ​សកម្មភាព​ផ្សព្វផ្សាយ​សារ​អប់រំ​ពី​ការ​បង្ការ និង​ការពារ​ខ្លួន​ ក៏​ដូច​ជា​ប្រឆាំង​មេរោគ Covid-19។

គម្រោង​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា "iamyouweareus" ដែល​មាន​ន័យ​ជា​ខេមរភាសា​ថា "ខ្ញុំ គឺ​អ្នក អ្នក​គឺ​យើង​ទាំង​អស់​គ្នា"។ លោក ជា លាងឈែ ដែល​ជា​សិល្បករ​ម្នាក់​នៅ​ក្នុង​គម្រោង​ដែល​រៀបរៀង និងផលិតដោយ Cheky មក​ពី C Nation Studio បាន​ឲ្យ​បញ្ចេញ​ឲ្យ​ដឹង​ពី​បញ្ហា​នេះ។ លោក​ថា សិល្បករ​ទាំង​នោះ លោក កញ្ញា ទេព បូព្រឹក្ស លោក ខាត់ វ៉ៃហុំាង កញ្ញា យូប៊ីន ប្ដី​ប្រពន្ធ ជា វិបុល-គង់ សុជាតិ និង​ប្ដី​ប្រពន្ធ គង់ ចាន់ស្រីមុំ ជា​ដើម បាន​ចូល​រួម​ជាមួយ​គម្រោង​ខាង​លើ។

សិល្បករ​ខ្មែរ​ល្បី​ៗ​ទាំង​អស់ នឹង​ត្រូវ​មុខ​នៅ​ក្នុង​វីដេអូ​មួយ និយាយ​ចែក​រំលែក​សារ​អប់រំ​អំពី​មេរោគ Covid-19 និង​វិធានការ​បង្ការ និង​ការពារ​ខ្លួន​ពី​ជំងឺ។ តាម​លោក លាង​ឈែ គោល​បំណង​ធំ​នៃ​គម្រោង​ខាង​លើ គឺ​ដើម្បី​បញ្ញាក់​អារម្មណ៍ ក៏​ដូច​ជា​ដាស់​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​មេរោគ​រលាក​សួត​ថ្មី​ខាង​លើ ខណៈ​បច្ចុប្បន្ន​នៅ​មាន​បង​ប្អូន​ខ្លះ​នៅ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ។

“គោល​បំណង គឺ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មេរោគ​កូរ៉ូណា​ហ្នឹង ឲ្យ​យើង​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ចេះ​ការ​ពារ​ខ្លួន និង​ចេះ​ប្រុង​ប្រយ័ត្ន​ចៀស​វាស​ឆ្លង​មេរោគ​សាហាវ​នេះ"។ លាងឈែ បន្ត។

នេះ​គឺ​ជា​សកម្មភាព​ជា​ក្រុម​ទ្រង់​ទ្រាយ​ដំបូង​របស់​សិល្បករ សិល្បការិនី​ខ្មែរ​ល្បី​ៗ ទប់​ទល់​នឹង​ការ​រីករាលដាល​របស់​មេរោគ​រលាក​សួត​ថ្មី ឬ Covid-19 ចាប់​តាំង​ពី​មេរោគ​នេះ​បាន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​មុន​នេះ សិល្បករ​ខ្មែរ​ៗ​មួយ​ចំនួន​ក៏​បាន​ធ្វើ​សកម្មភាព​ស្រដៀង​គ្នា ក្នុង​លក្ខណៈ​ឯកត្តជន ក្នុង​នោះ​មាន​ដូច​ជា អ្នក​នាង នៅ សុនីតា ទេព បូព្រឹក្ស វ៉ាន់ នីឡា និង យូប៊ីន ជា​ដើម។

សកម្មភាព​ទាំង​អស់​របស់​សិល្បករ​ខាង​លើ គឺ​បន្ទាប់​ជំងឺ​សាហាវ បាន​បន្ត​ពង្រីក​ឥត​ឈប់ ពោល​គឺ​អ្នក​ជំងឺ​កើន​ឡើង​ថ្មី​មាន​ស្ទើរ​រាល់​ថ្ងៃ ក្លាយ​ជា​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ទូទាំង​សកល​លោក។ គិត​ត្រឹម​ក្នុង​ស្រុក នៅ​ព្រឹក​មិញ​នេះ ក្រសួង​សុខាភិបាល ទើប​បាន​ប្រកាស​ពី​ករណីថ្មី ២ នៃ​វីរុសកូវីដ១៩ កើត​លើ​ជនជាតិ​ខ្មែរ ២រូប​ នៅ​ខេត្ត​សៀមរាប ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ១៩ នៅ​កម្ពុជា កើន​ដល់ ១០៩នាក់ ដែល​ក្នុង​នោះ មាន ២៣នាក់​បានជា​សះស្បើយ៕

រូបភាព៖ C Nation Studio

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម