កូកា-កូឡា ផ្អាក​ចំណាយ​លើ​ការ​​​ផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បី​យក​ថវិកា​​​ទៅ​បរិច្ចាគ​ ​ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩

  • 2020-03-31 04:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​សម្រេច​ផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ដើម្បីបង្វែរថវិកាជាជំនួយសម្រាប់ឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩និងភាពប្រសើរឡើងនៅកម្ពុជា។

ជាក់ស្ដែង កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនបាន​បរិច្ចាគជាសម្ភារៈបង្ការនិងការពារ ដែលគិតជាសាច់ប្រាក់មានចំនួន ២០ ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងជួយសម្រាលការរីករាលដាលនៃវីរុសកូវីដ-១៩ ព្រមទាំងសម្រាប់ឆ្លើយតបទៅសហគមន៍ដែលកំពុង និងងាយទទួលរងផលប៉ះពាល់បំផុតនៅកម្ពុជា។

ក្រុមហ៊ុន​ ក៏នឹងបន្ត​សហការយ៉ាងស្អិតរមួតជាមួយក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីផ្តល់ជូននូវសម្ភារៈបង្ការនិងការពារ រួមមាន៖ សាប៊ូ អាល់កុល ឧបករណ៍វាស់កម្តៅ ម៉ាស់ ឯកសណ្ឋាន-ឧបករណ៍ការពារផ្ទាល់ខ្លួន និងសម្ភារៈជាសារអប់រំអំពីការបង្ការនៃវីរុស ព្រមទាំងភេសជ្ជៈជូនដល់បុគ្គលិកសុខាភិបាល សហគមន៍ដែលបានកំពុង និងងាយរងផលប៉ះពាល់ នៅតាមបណ្តាមន្ទីរពេទ្យ មណ្ឌលសុខភាព តំបន់​ចត្តាឡីស័ក ជាដើម នៅទូទាំងប្រទេស ។

លោក ដេវីដ វ៉ីងហ្គល់វើដ ជានាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា «នេះជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា យើងប្តេជ្ញាយ៉ាងមុតមាំថានឹងព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចជួយបាន ដើម្បីជួយសម្រាលដល់ស្ថានភាពនាពេលនេះ។ អាទិភាពចម្បងរបស់យើងនាពេលនេះ គឺរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកយើង ព្រមទាំងសហគមន៍របស់យើងទាំងមូល។ យើងសង្ឃឹមថា ការបរិច្ចាគរបស់យើងនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពារសុខភាពសាធារណៈ និងចំពោះសហគមន៍ដែលងាយរងគ្រោះ»។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ដែរថា៖ «ការចូលរួមរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ពិតជាមានសារៈសំខាន់។ យើងសូមកោតសរសើរខ្ពស់ចំពោះក្រុមហ៊ុន កូកា-កូឡា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងគ្រាដ៏លំបាកនេះ។ ការរួមចំណែករបស់ក្រុមហ៊ុន ពិតជាជួយក្នុងការបង្កើនការប្រុងប្រយ័ត្នរបស់ប្រជាជនពីការឆ្លងវីរុសនេះ និងពន្លឿនរាល់គំនិតផ្តួចផ្តើមនានាដើម្បីការពារសុខភាពសាធារណៈនៅកម្ពុជា»។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងដោយមោទកភាព ចំពោះកិច្ចសហការនេះថា «ការគ្រប់គ្រង និងការរារាំងទប់ស្កាត់វីរុសកូវីដ-១៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ក្នុងន័យនេះ វិភាគទានរបស់ក្រុមហ៊ុន កូកា-កូឡា គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់វិស័យឯកជនក្នុងចលនាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងនោះបុគ្គលិកសុខាភិបាលគ្រប់កម្រិត ដោយមានការចូលរួមចំណែកពីវិស័យឯកជន ជាពិសេសការយល់ដឹងពីអនាម័យ និងការការពារខ្លួនពីប្រជាជនគ្រប់រូប នឹងធ្វើឲ្យកម្ពុជាអាចទប់ស្កាត់បានជោគជ័យនូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ យើងមិនអាចពន្យារពេលបានទេ ខ្ញុំច្បាស់ណាស់ថា រួបរួមគ្នា យើងនឹងជោគជ័យ។»

កូកា-កូឡា បានបន្ថែមទៀតថា បន្ថែមពីការចូលរួមជាមួយរាជរដ្ឋាភិបាល និងដៃគូសហការទាំងនេះ ក្រុមហ៊ុនកំពុងត្រៀមសកម្មភាពផ្សេងៗទៀតជាមួយដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជាមួយវីរុសរាលត្បាតមួយនេះ «រួមគ្នាដើម្បីសុខភាពសាធារណៈ រួមគ្នាដើម្បីស្ថិរភាពសេដ្ឋកិច្ច»។

អត្ថបទពេញនិយម
អត្ថបទថ្មី