Samsung សម្រេចឈប់ផលិតអេក្រង់ LCD ដែល Apple និយមប្រើត្រឹមចុងឆ្នាំ ២០២០

  • 2020-03-31 06:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Display ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ផ្នែក​មួយ​របស់​ Samsung Electronics បាន​សម្រេច​ចិត្ត​បញ្ចប់​ការ​ផលិត​បន្ទះ​អេក្រង់ LCD នៅ​កូរ៉េ និង​នៅ​ចិន​ នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ នេះ។

កាល​ពី​ខែ​តុលា​ឆ្នាំ​កន្លង​ទៅ Samsung Display បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ផ្អាក​សង្វាក់​ផលិតកម្ម​​នៃ​អេក្រង់​ LCD នៅ​ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន ដោយ​សារ​តម្រូវ​ការ​សម្រាប់​អេក្រង់ LCD មាន​​ការ​ថយ​ចុះ។ ក្នុង​សេចក្ដី​ថ្លែងការណ៍ Samsung Display បាន​និយាយ​ថា ៖ "យើង​នឹង​ផ្គត់ផ្គង់​ការ​កុម្ម៉ង់​នៃ​អេក្រង់ LCD ជូន​ដល់​អតិថិជន​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ ដោយ​មិន​មាន​បញ្ហា។”

កន្លង​មក​ Samsung Display បាន​ផលិត​អេក្រង់ LCD សម្រាប់​ផលិតផល​ដូច​ជា iPhone, iPad និង Mac ផង​ដែរ ប៉ុន្តែ​តម្រូវ​ការ​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ Apple និង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដទៃ​ងាក​ទៅ​ប្រើ​អេក្រង់ OLED វិញ។

យ៉ាងណាក្ដី​អេក្រង់ OLED នេះ​ក៏​ Samsung Display ជា​អ្នក​ផ្គត់ផ្គង់​ដែរ ដោយ​អាច​ទទួល​បាន​ចំនួន​កុម្ម៉ង់​​ទិញ​យ៉ាង​ធំ​ពី Apple សម្រាប់ iPhone តម្លៃ​ថ្លៃ និង​ Apple Watch ហើយ LG ទទួល​បាន​មួយ​ចំណែក​ដែរ​ពី Apple។ ​តាម​ការ​ចុះ​ផ្សាយ​កន្លង​មក​នៅ​ឆ្នាំ ២០២០ ឬ ២០២១ ក្រុមហ៊ុន​ BOE អាច​នឹង​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់ OLED ម្នាក់​ដែរ​ឲ្យ Apple៕​​​

ប្រភព៖ Reuters | AppleInsider   ប្រែ​សម្រួល៖ សុខហេង