ជិះឡានចង់ប្ដូរស៊េរី លក់​កុំ​ឲ្យ​ខាត​ច្រើនទាល់តែ​ដឹង​គន្លឹះ​ប៉ុន្មាន​ចំណុច​​នេះ​

  • 2020-03-31 06:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ដែល​អ្នក​ទិញ​ប្រើមួយ​រយៈ​ ចង់​លក់​ចេញប្ដូរ​ស៊េរី​ថ្មី ឬ​តម្រូវ​ការ​លុយ​ប្រើប្រាស់​ជាក់​ស្ដែង អ្នក​ប្រាកដ​ជា​ចង់​បាន​តម្លៃ​ខ្ពស់ ដោយ​​មិន​ចង់​ខាត​ច្រើន​នោះទេ​។ 

បើ​ពឹង​លើ​ឈ្មួញ​កណ្ដាល​ជួយ​លក់ គេ​នឹង​ផ្តល់​កម្រៃ​ទាប​ដើម្បី​បាន​ចំណេញ ក្នុង​ការ​លក់​បន្ត។ ចុះ​បើ​អ្នក​ចង់​លក់​ផ្ទាល់​តែ​ម្ដង អាច​សាកល្បង​គន្លឹះ​ទាំង​នេះ ជួយ​បាន​ច្រើន​ក្នុង​ការ​លើក​តម្លៃ​រថយន្ត​មួយ​ទឹក របស់​អ្នក​។ 

១. ផ្សព្វផ្សាយ​ឲ្យ​ត្រូវ​កន្លែង​

អ្នក​មាន​ជម្រើស​ច្រើន ដូចជា​សរសេរ​ផ្លាក​បិទ​ខាងមុខ​រថយន្ត ផ្សព្វផ្សាយ​តាម​កាសែត ឬ​តាម​គេហទំព័រ​។​ 

ជា​ការ​ល្អ អ្នក​គួរ​ជ្រើសរើស​គេហទំព័រ​មាន​អ្នក​ចូល​មើល​ច្រើន ដោយ​ប្រហែល​ជា​ត្រូវ​ចំណាយ​ប្រាក់​ខ្លះ តែ​អាច​បង្កើន​តម្លៃ​រថយន្ត និង​ឱកាស​លក់​ចេញ​បាន​ខ្ពស់។ 

២. ដឹង​ពី​លក្ខណៈសម្បត្តិ​រថយន្ត​

ពេល​នរណា​ម្នាក់​ទាក់ទង​មក​កាន់​អ្នក ពួកគេ​ប្រាកដ​ជា​មាន​សំនួរ​ច្រើន​ណាស់ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ព័ត៌មាន​ពី​រថយន្ត​អ្នក​​ឲ្យ​បាន​កាន់​តែ​ច្រើន កាន់​តែ​ល្អ ដូចជា​ប្រភេទ​ម៉ាស៊ីន ចំនួន​គីឡូម៉ែត្រ​បាន​ប្រើប្រាស់ ទំហំ មុខងារ​សុវត្ថិភាព កង់​រថយន្ត និង​ព័ត៌មាន​ជា​ច្រើន​ទៀត​។ បើ​រថយន្ត​មាន​បញ្ហា អ្នក​គួរ​ជួសជុល​ចេញ​។ 

៣. កំណត់​តម្លៃ​

អ្នក​គួរ​ធ្វើ​ការ​ស្រាវជ្រាវ​តម្លៃ​រថយន្ត លក្ខណៈសម្បត្តិ និង​ឆ្នាំ​ស្រដៀង ឬ​ដូច​នឹង​រថយន្ត​អ្នក​។ បើ​ឃើញ​ថា រថយន្ត​អ្នក​មាន​លក្ខណៈ​សម្បត្តិ​ច្រើន​ជាង អ្នក​អាច​បង្កើន​តម្លៃ​បាន​។ ពួកគេ​នឹង​មិន​ទិញ​រថយន្ត​អ្នក​ទេ​ បើ​តម្លៃ​រថយន្ត​ថ្លៃ ខណៈ​លក្ខណៈ​សម្បត្តិ​ និង​គុណភាព​ទាប​ជាង​រថយន្ត​មាន​លើ​ទីផ្សារ​។ 

៤. ធ្វើការ​សម្អាត​

អ្នក​គួរ​ចំណាយ​ថវិកា​មួយ​ភាគ​ទៀត ធ្វើ​ការ​លាង​សម្អាត​រថយន្ត ទាំង​ក្នុង និង​ក្រៅ ដើម្បី​លុប​បំបាត់​ក្លិន និង​ភាព​កខ្វក់​។ រូបរាង​ជា​ចំណុច​ទាក់​ចិត្ត​ដំបូង ពេល​អតិថិជន​ឃើញ​រថយន្ត​អ្នក​។ 

៥. រូបភាព​បង្ហាញ​អត្ថន័យ​គ្រប់​យ៉ាង​

រថយន្ត​មួយ​ទឹក​បង្ហាញ​លើ​អ៊ីនធឺណិត ជាមួយ​នឹង​រូបភាព​ជាច្រើន ធ្វើ​ឲ្យ​អតិថិជន ងាយស្រួល​សម្រេច​ចិត្ត​ដំណាក់កាល​ដំបូង​។ 

អ្នក​គួរ​ធ្វើការ​ថតរូប ទាំង​ផ្នែក​ខាងក្នុង និង​ខាង​ក្រៅ ក៏​ដូចជា​សមាសធាតុ​រថយន្ត​សំខាន់ៗ​ផ្សេង​ទៀត ធ្វើ​យ៉ាង​ណា ឲ្យ​អតិថិជន​មាន​ចំណេះ​គ្រប់គ្រាន់​វាយ​តម្លៃ​គុណភាព​រថយន្ត​អ្នក​។ 

៦. ការ​សរសេរ​

អ្នក​អាច​សរសេរ​បរិយាយ លើ​លក្ខខណ្ឌ​ទូទៅ​មួយ​ចំនួន ដែល​ប្រហែល​ជា​អតិថិជន​អាច​នឹង​សួរ ដូចជា ឆ្នាំ​ផលិត​ម៉ូដែល​ចំនួន​គីឡូម៉ែត្រ​​បាន​ប្រើប្រាស់ ប្រភេទ​សាំង ឬ​ម៉ាស៊ូត តម្លៃ បញ្ហា​តិចតួច និង​លេខ​ទូរសព្ទ​សម្រាប់​ទំនាក់ទំនង​។ 

៧. ឯកសារ​​

ក្នុង​ការ​លក់​រថយន្ត​ទៅ​ឲ្យ​អ្នក​ដទៃ អ្នក​ត្រូវ​ត្រៀម​ឯកសារ​ស្រប​ច្បាប់​ពាក់ព័ន្ធ​នឹង​រថយន្តអ្នក​ទាំងអស់ ដូចជា​ពន្ធ​ជាដើម​។ 

៨. វិធី​បង់​ប្រាក់​

ជា​ធម្មតា ការ​បង់​ប្រាក់​គឺ​ផ្ទេរ​ដោយ​ផ្ទាល់​ជា​សាច់ប្រាក់​សុទ្ធ ឬ​ប្រើ​គណនី​ធនាគារ ដោយ​ផ្លាស់ប្ដូរ​ជាមួយ​ឯកសារ​ផ្ទេរ​ត្រឹមត្រូវ​។ 

៩. ការ​ដោះដូរ​ជា​សាធារណៈ​

អ្នក​ប្រហែល​ជា​អាចស្មុគស្មាញ​ច្រើន ពេល​ចរចា​លក់​រថយន្ត​ជាមួយ​មនុស្ស​មិន​ស្គាល់​។ ដូច្នេះ អ្នក​គួរ​ហៅ​ពួកគេ ពិភាក្សា​នៅ​កន្លែង​សាធារណៈ ដោយ​មាន​វត្តមាន​មិត្តភក្ដិ​អ្នក​ម្នាក់ ហើយ​បើ​ពួកគេ​ចង់​សាក​រថយន្ត អ្នក​គួរ​ទៅ​ជាមួយ ហើយ​គួរ​មាន​របស់​ធានា​ខ្លះ ដូចជា​អត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ ដើម្បី​ការពារ​ហានិភ័យ​កើតឡើង​ផ្សេងៗ​។ 

១០. បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​

ពេល​រថយន្ត​អ្នក​បាន​លក់​ចេញ អ្នក​គួរ​បិទ​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​រថយន្ត​អ្នក ឬ​កែប្រែ​ព័ត៌មាន​ថា​បាន​លក់​។ ហើយ​ត្រូវ​ប្រាកដ​ថា គ្រប់​សេវា​អ្នក​បាន​ប្រើ​ជាមួយ​រថយន្ត​នោះ បាន​លុប​បំបាត់​ចោល ដូចជា​ធានារ៉ាប់រង​ជាដើម ដើម្បី​កុំ​ឲ្យ​ឈឺក្បាល​ពេល​ក្រោយ​៕ 

ប្រភព៖ howstuffworks   ប្រែសម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី