Apple បើកការប្រជុំមួយ សម្រេចថ្ងៃប្រកាសចេញ iPhone ថ្មីតម្លៃ ៣៩៩ដុល្លារ

  • 2020-04-01 02:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អះអាង​ថ្មី​មួយ​ពី​ Jon Prosser ម្ចាស់​គណនី YouTube ឈ្មោះ Front Page Tech បាន​ឲ្យ​ដឹង​ថា​ Apple បាន​បើក​កិច្ច​ប្រជុំ​​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​​កន្លង​ទៅ ដែល​បាន​សម្រេច​លើ​​ថ្ងៃ​ប្រកាស​ចេញ និង​បញ្ចេញ​លក់ iPhone តម្លៃ​ធូរ​ជំនាន់​ថ្មី។ '

ប្រភព​ខាង​លើ​អះអាង​ថា​ iPhone តម្លៃ​ធូរ​ថ្មី ដែល​កន្លង​មក​គេ​និយម​ហៅ​វា​ថា iPhone 9 នឹង​ត្រូវ​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ១៥ ខែ​មេសា ហើយ​ការ​បញ្ចេញ​លក់​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២២ ខែ​មេសា។ ដើម្បី​ជួយ​ដល់​ការ​ប្រកាស​ចេញ​នេះ នៅ​ក្នុង​រយៈពេល ២ សប្ដាហ៍​ខាង​មុខ Apple បាន​ដឹក​ជញ្ជូន​ iMac ដល់​បុគ្គលិក​លក់​រាយ​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ ដែល​ពួក​គេ​នឹង​ត្រូវ​ហ្វឹកហាត់​ក្នុង​ការ​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​លើ​អនឡាញ​ដល់​អតិថិជន។

Prosser ធ្លាប់​បាន​ចែក​រំលែក​ដំណឹង​ច្បាស់​ការណ៍​ពី​មុន​មក​ដែរ។ តួយ៉ាង​ដូច​ជា​នៅ​ខែ​តុលា​ឆ្នាំ​មុន លោក​បាន​ចែក​រំលែក​អំពី​ថ្ងៃ​ប្រកាស​ចេញ​ AirPods Pro មុន​កាស​ឥត​ខ្សែ​ស៊េរី​ថ្មី​នេះ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ប៉ុន្មាន​ថ្ងៃ។ យ៉ាងណាក្ដី​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​ជំងឺ​រាតត្បាត​នេះ រឿង​រ៉ាវ​អាច​នឹង​​មាន​ការ​ផ្លាស់​ប្ដូរ។

iPhone 9 រំពឹង​ថា​នឹង​មាន​រូបរាង​ខាង​ក្រៅ​ស្រដៀង​នឹង iPhone 8 ខ្លាំង ដោយ​នឹង​មាន​អេក្រង់ Retina ទំហំ ៤,៧ អ៊ីញ មាន​ Touch ID និង​មាន​ខ្នង​ខាង​ក្រោយ​ស្រោប​ដោយ​កញ្ចក់​សម្រាប់​ទ្រាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ។ នៅ​ផ្នែក​ខាង​ក្នុង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​អាច​នឹង​បំពាក់​ឈីប A13 Bionic ដែល​មាន​ប្រើ​លើ​ត្រកូល iPhone 11។

អ្នក​វិភាគ​ល្បី​ឈ្មោះ​ Ming-Chi Kuo បាន​រំពឹង​ថា iPhone 9 អាច​នឹង​កំណត់​តម្លៃ​លក់​ប្រហែល ៣៩៩ដុល្លារ នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ដែល​តម្លៃ​នេះ​គឺ​ដូច​គ្នា​នឹង iPhone SE ចេញ​នា​ឆ្នាំ ២០១៦ ដែរ៕​​​

ប្រភព៖ Cultofmac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម