ផ្សារទំនើបឡាក់គី ប្តេជ្ញាចូលរួមពេញទំហឹង ក្នុងការចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩

  • 2020-04-01 03:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនឌី អេហ្វ អាយឡាក់គី ដែលកំពុងដំណើរការយ៉ាងសកម្មនូវផ្សារទំនើបឡាក់គី ផ្សារឡាក់គីអ៊ិចប្រេស ផ្សារឡាក់គីព្រីមៀម និងហាងសុខភាពសម្រស់ហ្គាឌៀន បាននាំយកអំណោយដែលមានម៉ាស់ពេទ្យចំនួន ១០២៥០០ម៉ាស់ អាកុលលាងដៃ ១៨៥០ដប និងគ្រឿងបរិក្ខារសុខាភិបាលមួយចំនួនទៀត ដែលមានស្រោមដៃ ១០០០០គូ និងអាវពេទ្យការពារចំនួន ១០០០ឈុត ផ្តល់ជូនក្រសួងសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងមហាផ្ទៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ខណ្ឌទាំង ១៤នៃរាជធានីភ្នំពេញ អាជ្ញាធរខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបង។

បើតាមលោកសេ្តហ្វាន ផារិនតេ នាយកគ្រប់គ្រង់ជាន់ខ្ពស់នៃក្រុមហ៊ុនបានលើកឡើងថា នេះជាកិច្ចការចំបង និងចាំបាច់មួយទៀតដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានយកចិត្តទុកដាក់បំផុតដើម្បីចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ និងជួយគ្នាក្នុងពេលវេលាលំបាកនេះ ដើម្បីជោគជ័យរួមគ្នា។

លោកបានបន្តថា កិច្ចការចំបងទី១របស់យើង គឺធ្វើយ៉ាងណាធានា​ឲ្យ​បាននូវការផ្គត់ផ្គង់ទំនិញ ដោយមានស្ថេរភាពសម្រាប់តម្រូវការកើនឡើងយ៉ាងគំហុកពីសំណាក់អតិថិជន ដើម្បីចូលរួមទប់ស្កាត់នូវការដំឡើងថ្លៃដែលមិនសមស្រប និងមានលក្ខណៈឱកាសនិយម។ យោងតាមស្ថានភាពរាតត្បាតនៃជំងឺកូវិដ១៩ នាពេលបច្ចុប្បន្ននេះ ពួកយើងបានរៀបចំផែនការយ៉ាងច្បាស់លាស់ ដើម្បីធានាអោយបាននូវទំនិញដែលមានសុវត្ថិភាព បរិមាណគ្រប់គ្រាន់ និងមានគុណភាព ព្រមទាំងបរិយាកាស​ទិញទំនិញប្រកបដោយសុវត្ថិភាព។ ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនបានដាក់ចេញនូវគោលការណ៍គំលាតសុវត្ថិភាពដំបូងគេ និងគោលការណ៍អនាម័យដើម្បីសំដៅទប់ស្កាត់ការរាលដាលនៃមេរោគនេះ។ ហើយអ្វីដែលចាំបាច់បំផុតគឺសុខភាព និងសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់យើង។

គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន ឌី អេហ្វ អាយឡាក់គី គឺជាក្រុមហ៊ុនលក់រាយដែលមាន វត្តមានក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានសាខាជាង៤០កន្លែងទូទាំងប្រទេសដែលក្នុងនោះមាននៅ រាជាធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបង៕