ប៉ូលិសថៃចាប់ជនជាតិវៀតណាម លក់ម៉ាស់មុខ និងជែលលាងដៃកេងយកចំណេញខ្ពស់
- 2020-04-02 03:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសថៃចាប់ជនជាតិវៀតណាម លក់ម៉ាស់មុខ និងជែលលាងដៃកេងយកចំណេញខ្ពស់
ចន្លោះមិនឃើញ
លោកសំពង់ ឈីងឌួង ប្រធានប៉ូលិសអន្តោប្រវេសន៍ថៃ បាននិយាយកាលពីថ្ងៃអង្គារទី៣១មីនាថា ជនជាតិវៀតណាមចំនួន៦នាក់ត្រូវប៉ូលិសអន្តោប្រវេសន៍ចាប់ខ្លួនដោយពីបទប្រមូលទិញស្តុកទុកច្រើនហួសតម្រូវការជាក់ស្តែងនូវជាតិអាល់កុលលាងដៃនិងម៉ាស់មុខ។ នេះបើយោងតាមវេបសាយnationthailand។
ពួកគេត្រូវបានចាប់ខ្លួននៅផ្ទះមួយនៅទីក្រុងបាងកក ។ តាមសេចក្តីរាយការណ៍ ប៉ូលិសបានរកឃើញម៉ាស់មុខចំនួន១៤២.៥០០ ម៉ាស និងជែលលាងដៃចំនួន ១២.០០០ដប អាល់កុលចំនួន១៣ធុង, ម៉ាស៊ីនផលិតជែលចំនួន៣គ្រឿង កាំភ្លើងខ្លី២ដើម និងថ្នាំញៀនមេតំហ្វេតាមីន និង ថ្នាំMDMA មួយចំនួនតូច។ លោកសំពង់ ឈីងឌួង បាននិយាយថា” យើងបានរៀបចំក្លែងធ្វើជាទិញម៉ាស់មុខមួយប្រអប់ពីជនសង្ស័យទាំងនោះក្នុងតម្លៃ៣២.៥០០ បាត ឬ ១៥បាតក្នុងម៉ាសមួយហើយបានចាប់ខ្លួនពួកគេនៅសង្កាត់ផាតាណាកាន់។ លោកបាននិយាយថា ” យើងបានស៊ើបអង្កេតលើទីតាំងរបស់ពួកគេនៅផ្ទះមួយនៅសង្កាត់នេះ ។ ផ្ទះនោះ បានប្រែក្លាយជាការិយាល័យភ្នាក់ងារទេសចរណ៍ដែលមានឈ្មោះថាAn An Bangkok Travel Co Ltd ។ ស្ត្រីម្នាក់ក្នុងចំណោមពួកគេនេះ ដែលជាម្ចាស់ការិយាល័យភ្នាក់ងារទេសចរណ៍នេះបានប្រាប់ប៉ូលិសថា គាត់បានបើកដំណើរការ ” ការិយាល័យភ្នាក់ងារទេសចរណ៍” នេះអស់ពេលប្រហែល៨ខែមកហើយ ប៉ុន្តែ វាមិនដំណើរការល្អ ដោយសារមិនសូវមានទេសចរហើយ គាត់ក៏បានទាក់ទងមិត្តរបស់គាត់នៅវៀតណាមឱ្យនាំចូលម៉ាសមុខនិងជែលលាងដៃ ដើម្បីលក់នៅប្រទេសថៃ។
ជនសង្ស័យទាំង ៦នាក់នេះ ត្រូវប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ដោយរួមទាំងការស្តុកទុកទំនិញ ការលក់ផលិតផលដោយតម្លៃខ្ពស់ពេកមានគ្រឿងញៀន មានអាវុធប្រើប្រាស់ដោយគ្មានលិខិតបញ្ជាក់អនុញ្ញាតនិងធ្វើការក្នុងប្រទេសថៃ គ្មានការអនុញ្ញាត៕