មកស្គាល់អ្នកបង្កើតកម្មវិធីប្រជុំអនឡាញ ៣ខែចុងក្រោយនេះរកបាន ៤ពាន់លានដុល្លារ
- 2020-04-03 01:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អ្នកបង្កើតកម្មវិធីប្រជុំអនឡាញ ៣ខែចុងក្រោយនេះរកបាន ៤ពាន់លានដុល្លារ
ចន្លោះមិនឃើញ
លោក Eric Yuan ជនជាតិចិនកាត់អាមេរិកមួយរូប គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Startup ដែលមានឈ្មោះថា Zoom Technologies, Inc.,។ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ទ្រព្យសម្បត្តិរបស់លោក កើនឡើង ១១២% ឡើងមកដល់ ៧,៥៧ ពាន់លានដុល្លារ ខណៈដែលពិភពលោកត្រៀមខ្លួននឹងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ១៩។
មុនការបង្កើត Zoom លោក Yuan ធ្លាប់កាន់តួនាទីជាអនុប្រធាននៅក្រុមហ៊ុនសម្ភារៈទូរគមនាគមន៍ Cisco Systems ហើយគំនិតនៃការបង្កើត Zoom ដែលជាកម្មវិធីប្រជុំតាមអនឡាញនេះ គឺកើតមាននៅពេលដែល Yuan ព្យាយាមស្វែងរកវិធីទំនាក់ទំនងមិត្តស្រីដែលរស់នៅប្រទេសចិន ខណៈខ្លួននៅសហរដ្ឋអាមេរិក។
សេដ្ឋីវ័យ ៤៩ ឆ្នាំនេះ បានបង្ហាញគម្រោងការអំពីប្រព័ន្ធប្រជុំលើអនឡាញនេះដល់ Cicso នាឆ្នាំ ២០១១ ប៉ុន្តែពេលនោះគំនិតរបស់លោកមិនត្រូវចៅហ្វាយនាយគាំទ្រនោះឡើយ ហើយលោកក៏បានសម្រេចចិត្តចាកចេញពី Cisco ដើម្បីទៅបង្កើត Zoom។
ដើម្បីបង្កើត Zoom នេះបានក៏មិនមែនជារឿងងាយនោះទេ ដោយសារតែមិនអាចបញ្ចុះបញ្ចូលអ្នកបណ្ដាក់ទុនណាម្នាក់ឲ្យជួយជ្រោមជ្រែងខ្លួនបាន លោក Yuan បានសម្រេចចិត្តខ្ចីលុយពីមិត្តភ័ក្ដិនិងក្រុមគ្រួសារដើម្បីបង្កើត Zoom នៅឆ្នាំ ២០១១។
នៅខែមេសាឆ្នាំ ២០១៩ ក្រុមហ៊ុន Zoom បានដាក់លក់ហ៊ុនរបស់ខ្លួនជាសាធារណៈ ធ្វើឲ្យលោក Yuan មានទ្រព្យសម្បត្តិអាចមានឈ្មោះជាមហាសេដ្ឋីនាពេលនោះ។ បច្ចុប្បន្ននេះក្រុមហ៊ុន Zoom មានតម្លៃខ្ទង់ ៣៥ ពាន់លានដុល្លារ។ Zoom មានអតិថិជនជាដៃគូជាង ៣ ម៉ឺននាក់ ក្នុងនោះរួមមាន Samsung, Uber, Walmat និង Capital One ផងដែរ។
ចាប់តាំងពីខែធ្នូឆ្នាំ ២០១៩ មក ការប្រើប្រាស់ Zoom មានកំណើនរហូតដល់ ១ ៩០០% ដោយសារសាលា សកលវិទ្យាល័យ និងកន្លែងធ្វើការជាច្រើន បានប្ដូរមកនៅលើអនឡាញព្រោះតែការផ្ទុះនូវជំងឺកូវីដ១៩។
តម្លៃភាគហ៊ុនរបស់ Zoom មានកំណើនលើសពីពីរដងក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Yuan មានការកើនឡើងដូចគ្នា។ ទ្រព្យសម្បត្តិ ៧,៥៧ ពាន់លានដុល្លាររបស់លោក Yuan មួយភាគធំគឺបានមកពីចំណែកភាគហ៊ុន ១៩% ដែលមាននៅ Zoom។
ពេលនេះលោក Yuan ស្ថិតនៅចំណាត់ថ្នាក់លេខ ១៩២ ក្នុងបញ្ជីកំពូលអ្នកមានទាំង ៥០០ នាក់លើលោករបស់ Bloomberg។ មុនឆ្នាំ ២០២០ លោកមិនមានឈ្មោះក្នុងបញ្ជីនេះឡើយ៕