ថ្ងៃចូលឆ្នាំខ្មែរ កុំភ្លេចចំណាយពេលធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍

  • 2020-04-07 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់តែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងឈានចូលមកដល់។ ប្រជាពលរដ្ឋនៅ​ទូ​ទំាង​ប្រទេសនឹងបានឈប់សម្រាកគ្រប់ៗ​គ្នាដោយវិលត្រឡប់មកលេងស្រុកកំណើតរៀងៗខ្លួន។ ស្រប​ពេល​នឹង​ស្ថានភាព​ជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាជនខ្មែរមួយចំនួនខ្លាចរអាក្នុងការដើរកម្សាន្តឆ្ងាយៗ ទៅទទួល​អា​ហារ​នៅ​ខាងក្រៅ ពិសេសគឺការជួបជុំមនុស្សច្រើនកុះករ។ យ៉ាងនេះហើយ ស្របពេល​ខែបុណ្យ​ទានជា​ថ្ងៃឈប់​សម្រាក​ដ៏ល្អជួបជុំក្រុមគ្រួសារនោះ អ្នកអាចលៃគិតធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍រួមមានដូចជា៖

១. ចម្អិនម្ហូបអាហារដោយផ្ទាល់ដៃជូនព្រះរស់

ជារៀងកត្តញ្ញូប្រកបដោយសេចក្តីជ្រះថ្លា កូនប្រុសកូនស្រីគប្បីចេះលៃធ្វើបាយសម្ល បង្អែម​នំចំណី​ឆ្ងាញ់​ជូន​លោក​ពិសា។ សាកគិតមើលទៅថា ក្នុងមួយឆ្នាំមានម្តងអ្នកអាចនឹងរវល់ការសិក្សារៀនសូត្រ ធ្វើការ ពុំមាន​ពេល​នៅជាមួយលោកទាំងពីរច្រើនឡើយ ដូច្នោះឆ្លៀតក្នុងថ្ងៃបុណ្យទាននេះ អ្នកអាចធ្វើបាយសម្ល និង​នំចំណី​ដោយ​ផ្ទាល់ដៃជូនលោកអ្នកមានគុណពិសាដើម្បីសុំពរជ័យសិរីសួស្តីឲ្យបានសេចក្តីសុខសប្បាយ។

២. បង្សុកូលនៅផ្ទះ​ ឬ ចែកទានដល់ជនក្រីក្រនៅក្នុងភូមិ

ពិធី​បង្សុកូលនេះមិនតម្រូវឲ្យធ្វើគ្រប់ផ្ទះឡើយ គឺអាស្រ័យទៅតាមទម្លាប់របស់គ្រួសារនីមួយៗ។ ជាធម្មតា ការ​បង្សុ​កូលគឺតែងធ្វើនៅថ្ងៃទី២ ដោយនិមន្តព្រះសង្ឍអមនឹងលោកអាចារ្យមកបង្សុ​កូលដល់​ញាតិការ​ទាំងឡាយ​ណា​ដែល​បានចែកឋានទៅ និងសុំសេចក្តីសុខសួស្តីដល់សមាជិកក្រុមគ្រួសារទាំងមូល។ ក្រៅពីការបង្សុកូល អ្នកអាចធ្វើទានចំពោះជនក្រីក្រទុគ៌តដើម្បីទទួលបានមគ្គផលសម្រាប់ខ្លួនយើងនិងក្រុមគ្រួសារយើងទាំងមូល។ អ្នកអាចធ្វើទានតិចក្តីច្រើនក្តីទៅតាមការសុទ្ធាជ្រះថ្លារៀងៗខ្លួន។

៣. លេងល្បែងកម្សាន្តប្រជាប្រិយជួបជុំបងប្អូន

ថ្វីត្បិតតែការជួបជុំលេងល្បែងប្រជាប្រិយនៅក្រៅមនុស្សច្រើនត្រូវបានកាត់បន្ថយ មិនមែន​មានន័យ​ថាអ្នក​អាច​លេង​សប្បាយមិនបាននោះទេ។ អ្នកអាចទិញអង្គុញសម្រាប់បោះលេងបងប្អូន ញាតិមិត្តរបស់អ្នកនៅផ្ទះបាន។ ក្រៅ​ពី​នេះ អ្នកអាចលេងលាក់កន្សែង ពង្រាត់កូនកម្លោះកូនក្រមុំ បោះឈូង វាយក្អម នៅជាមួយ​សមាជិក​គ្រួ​សារ​បានយ៉ាងរីករាយ។ ការលេងបែបនេះមិនត្រឹមតែនាំភាពរីករាយដ៏គ្រួសារប៉ុណ្ណោះទេ វាថែមទាំង​ជួយ​អភិ​រក្ស​ល្បែងកម្សាន្តប្រជាប្រិយខ្មែរបានថែមទៀតផង។

៤. ធ្វើពិធីស្រង់ព្រះរស់

ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ៣ ថ្ងៃ អ្នកអាចធ្វើពិធីស្រង់ព្រះរស់បាននៅផ្ទះបាន។ អ្នកគប្បី​រៀបចំទឹក​​ក្នុងធុង​លាយ​ជាមួយទឹកអប់ ផ្កាឈូក ផ្កាម្លិះ សម្រាប់មុជទឹក​ឲ្យលោក​ឳពុកអ្នកម្តាយដើម្បីសុំពរជ័យនិងសុំខមាទោស ការ​ឆ្គំា​ឆ្គងដោយប្រការណាមួយពីលោកទាំងពីរ។

តោះ! មករៀនធ្វើបង្អែមពងមាន់នំអ៊ីទុកញុំាជុំគ្រួសារ ក្នុងឱកាសចូលឆ្នាខ្មែរ

៥. បង្កើនបរិយាកាសសប្បាយរីករាយក្នុងក្រុមគ្រួសារ

ខែចែត្រចូលឆ្នំា ជារៀងរាល់ឆ្នាំនៅតាមវត្តអារាមមួយចំនួនមានកម្មវិធីលេងល្បែងកម្សាន្ត ការរំា​ច្រៀង​លេង​ជា​ច្រើន។ តែដោយឡែកឆ្នាំនេះ កម្មវិធីអស់ទាំងនេះ​​មិនតម្រូវ​ឲ្យមាន​ការជួបជុំ​មនុស្ស​ច្រើន​​ទេដើម្បី​ចៀស​វាងហា​និ​ភ័យ​នៃការឆ្លងជំងឺកូវីដ១៩។ បើដូច្នោះមែន ហេតុអ្វី​បានជា​អ្នកមិន​បង្កើត​បរិយាកាស​រីករាយ​ក្នុងក្រុម​គ្រួសារ​របស់​អ្នក? ជារឿងងាយស្រួលទេ អ្នកអាចច្រៀងចម្រៀងប្រពៃណីជាតិចូលឆ្នំាខ្មែរ រាំលេង ជាមួយ​សមាជិករ​បស់​អ្នក​បានយ៉ាងស្រួលនិងមានសុវត្ថិភាព៕

ចុចអានបន្ត៖

គ្រឿងរណ្តាប់សម្រាប់សូត្រមន្តលើករាសីនៅផ្ទះមុនចូលឆ្នាំ

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម