បច្ចេកវិទ្យា 5G របស់ Huawei ជួយឲ្យការផ្សាយផ្ទាល់កិច្ច​សម្ភាសន៍រវាងទូទស្សន៍​ចិន CCTV 4 និង​កម្ពុជា ដំណើរការយ៉ាង​រលូន

  • 2020-04-07 01:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី៥ ខែមេសា វេលាម៉ោង ២១:៣០នាទី (ម៉ោងនៅទីក្រុងប៉េកាំង) កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4 បានបើកកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ជាមួយលោក Ai Xiang ប្រធានក្រុមគ្រូពេទ្យជំនួយចិនប្រចាំនៅកម្ពុជា នៅការិយាល័យក្រុមហ៊ុន Huawei កម្ពុជា។ តាមរយៈការប្រើប្រាស់បណ្តាញ5G ល្បឿនលឿនដែលផ្តល់ដោយបរិក្ខារបស់ក្រុមហ៊ុន Huawei នេះ ជាហេតុធ្វើឲ្យការផ្សាយផ្ទាល់ដែលធ្វើឡើងរវាងទីក្រុងប៉េកាំងនាប្រទេសចិន និងទីក្រុងភ្នំពេញនាប្រទេសកម្ពុជា អាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងគ្មានការរំខានឡើយ។ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា បច្ចេកវិទ្យា 5G នឹងអាចជួយដល់ឧស្សាហកម្មក្នុងស្រុកជាច្រើនដូចជា៖ ការផ្សាយបន្តផ្ទាល់របស់ CCTV ការពិគ្រោះជំងឺពីចម្ងាយ Telemedicine ជាដើម។ ម្យ៉ាងវិញទៀត វាក៏បានជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាទាំងអស់ឲ្យកាន់តែមានភាពល្អប្រសើរឡើងផងដែរ។

បច្ចេកវិទ្យា 5G មានលក្ខណៈពិសេសជាច្រើន ដូចជា៖ ល្បឿនលឿន ប្រើប្រាស់រយៈកាលទាប និងមានភាពចល័តខ្ពស់។ វាគាំទ្រដល់ការបញ្ជូនវីឌីអូកម្រិត HD ក្នុងពេលវេលាពិតប្រាកដReal-time និងប្រកបដោយគុណភាពច្បាស់ល្អ ហើយវាអាចត្រូវបានដាក់ឱ្យដំណើរការបានយ៉ាងលឿនតាមរយៈបច្ចេកវិទ្យា FWA (Fixed Wireless Access) ដែលមិនត្រូវការភាពស្មុគស្មាញ និងការតភ្ជាប់ទៅនឹងបណ្តាញខ្សែកាបមួយម៉ែត្រចុងក្រោយនោះទេ។

ក្រៅពីនេះ ក្រុមហ៊ុន Huawei កម្ពុជាបានបរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដើម្បីជួយគាំទ្រដល់ក្រុមគ្រូពេទ្យជំនាញរបស់ចិនប្រចាំកម្ពុជា ហើយប្រព័ន្ធសន្និសីទវីដេអូនេះនឹងអាចភ្ជាប់ទំនាក់ទំនងរវាងក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែផងដែរ។ ទន្ទឹមនឹងនេះ ការធ្វើអន្តរទំនាក់ទំនងដោយរយៈពេលដំណើរការជាក់ស្តែង (Real-time) រវាងក្រសួងសុខាភិបាលកម្ពុជា មណ្ឌលសុខភាពខេត្ត និងមន្ទីរពេទ្យទូទាំង ២៥ រាជធានី ខេត្ត នឹងអាចដាក់ដំណើរការទៅបាន ដើម្បីបង្ការ និងព្យាបាលអ្នកជំងឺកូវីដ១៩ ក៏ដូចជាការពិគ្រោះយោបល់ពីចម្ងាយដោយរយៈពេលដំណើរការជាក់ស្តែង (Real-time)។

ប្រព័ន្ធនេះដំណើរការរួមគ្នាជាមួយបណ្តាញសាកល្បង 5G ដែលផ្តល់ដោយប្រតិបត្តិករនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ។ បរិក្ខា Huawei wireless router 5G CPE រួមជាមួយប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដែលគាំទ្រតំណភ្ជាប់យ៉ាងលឿន ជាពិសេសនៅតំបន់ដាក់អ្នកេជំងឺដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ។ ការធ្វើរោគវិនិច្ឆ័យ និងការណែនាំពីចម្ងាយអាចធ្វើឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយវេជ្ជបណ្ឌិត និងអ្នកជំនាញ និងសូម្បីតែអ្នកជំនាញដែលមានទីតាំងនៅឯប្រទេសចិនប្រសិនបើចាំបាច់។ ការប្រើប្រាស់ប្រព័ន្ធ 5G Telemedicine នេះ មិនត្រឹមតែអាចជួយបង្កើនប្រសិទ្ធភាពទូទៅក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ វាក៏អាចជួយសន្សំសំចៃពេលវេលានៃប្រតិបតិ្តការការងារនៃកិច្ចប្រយុទ្ធប្រឆាំងផងដែរ ។

នាពេលបច្ចុប្បន្ននេះ ស្ថានភាពជំងឺរលាកសួតថ្មីកូវីដ១៩ កំពុងមានការវិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Huawei ជាសហគ្រាសមួយដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងបានប្រតិបត្តិការធុរកិច្ចនៅកម្ពុជាអស់រយៈពេល ២១ឆ្នាំមកហើយ ហើយយើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “នៅកម្ពុជាដើម្បីកម្ពុជា” ។ ដោយមានការណែនាំ និងជំនួយយ៉ាងមុតមាំពីស្ថានទូតចិនប្រចាំកម្ពុជា ក្នុងនាមក្រុមហ៊ុន Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាឈានមុខគេនៅលើពិភពលោក យើងនឹងខិតខំប្រើប្រាស់នូវវិធីសាស្ត្របច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់ខ្លួនរួមមាន៖ បច្ចេកវិទ្យា 5G បញ្ញាសិប្បនិម្មិត AI និងជាពិសេសប្រព័ន្ធសន្និសីទវីដេអូ Huawei cloud ដើម្បីគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនេះ ពីព្រោះយើងជឿជាក់ថា បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT បានក្លាយជាមធ្យោបាយដ៏សំខាន់ដើម្បីលើកកម្ពស់ដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទថ្មី