អបអរសាទរ! So Ji Sub រៀបការ​បញ្ចប់​ភាព​នៅ​លីវហើយ

  • 2020-04-07 01:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​តារាសម្ដែង​ So Ji Sub និង​គូស្នេហ៍​ Cho Eun Jung បាន​រៀបការ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​ហើយ​ ក្រោយ​មើល​ចិត្ត​ថ្លើម​គ្នា​ជាង​ ១ឆ្នាំ។

ខាង​ផលិតកម្ម​ 51K របស់ Ji Sub បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ឲ្យ​ដឹង​ថា​ មង្គល​ការ​របស់​ តារា​ប្រុស​រូប​នេះ​ គឺ​ធ្វើ​នៅ​ថ្ងៃ​ទី ០៧ ខែមេសា​នេះ​តែម្ដង។ គូស្នេហ៍​ទាំង​២ បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​រួមគ្នា​រួច​ហើយ​ ប៉ុន្តែ​សម្រេច​មិន​រៀប​ចំ​ពិធី​មង្គលការ​ឡើយ​ ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ COVID-19។

មូលហេតុ​នេះ​ ពួកគេ​សម្រេច​មិន​ធ្វើ​ពិធី​អ្វី​ធំដុំ​ ប៉ុន្តែ​សុខចិត្ត​រក្សា​ពេល​វេលា​រីករាយ​ និង​មាន​ន័យ​នេះ​ស្ងាត់ៗ ជាមួយ​នឹង​គ្រួសារ​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នោះ​ ផលិតកម្ម 51K ក៏​​ឲ្យ​ដឹង​ដែរ​ថា​ គូស្វាមី​ភរិយាថ្មី​បាន​សម្រេច​បរិច្ចាគ​លុយ​ ៥០លានវ៉ុន (ខ្ទង់​ ៤០ ៨៩១ដុល្លារ) ទៅដល់​អង្គការ​ Good Neighbors ដើម្បី​ជួយ​កុមារ​ដែល​ខ្វះខាត នូវ​ឧបករណ៍​ទំនើបៗ​ ជា​ច្រើន​គ្រឿង​ ក្នុង​បំណង​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​ពួកគេ។

រម្លឹក​ទៅ​កាល​ពី​ផ្ទុះ​ព័ត៌មាន​ស្នេហា​របស់​ពួកគេ​កាល​ពី​ដំបូង​គឺ​នៅ​ខែមីនា ឆ្នាំ ២០១៩។ ពេល​នោះ Dispatch បាន​ទម្លាយ​ថា​អ្នក​ទាំង ២​បាន​ស្រឡាញ់​គ្នា​ ហើយ​ផលិតកម្ម​ 51K ក៏បាន​ទទួល​ស្គាល់​ថា​វា​ជា​ការពិត​ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី