យុវជន ៥ រូបនៅ​លីគអេស្ប៉ាញ ដែល​ក្លឹប​ធំៗនៅ​ Premier League ចាប់​អារម្មណ៍

  • 2020-04-07 04:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ Sabay បាន​បង្ហាញ​​ប្រិយមិត្ត​នូវ​កីឡាករបាល់​ទាត់​​វ័យ​ក្មេង​ កំពុង​លេង​នៅ​លីគបារាំង ដែល​ក្លឹប​ធំ​ៗ​នៅ​អង់គ្លេស​ អាច​ប្រជែង​គ្នា​ទិញ ប៉ុន្តែ​ថ្ងៃ​នេះ​សូម​លោក​អ្នក មក​មើល​កីឡាករ​​​ទាំង​៥​នៅ​លីគ​អេស្ប៉ាញ​វិញម្ដង ដែល​ក្លឹប​នៅ Premier league ចាប់​អារម្មណ៍ចង់​បាន​ដូចគ្នា។ តើ​ពួកគេ​ជា​នរណា​? មក​ពី​ក្លឹប​ណា​ខ្លះ?

១- ខ្សែ​ប្រយុទ្ធ​ស្លាប MIKEL OYARZABAL របស់ Real Sociedad

Sociedad ជា​ក្រុម​មួយ​សំបូរ​ដោយ​កីឡាករ​វ័យ​ក្មេងក្នុង​លីគកំពូល​អេស្ប៉ាញ La Liga នា​ពេល​បច្ចុប្បន្ន ហើយ​ MIKEL Oyarzabal វ័យ​២២​ឆ្នាំ ជា​កីឡាករ​​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ម្នាក់។

លោក David Moye បាន​ឱ្យ​គេ​សម្រាក​អស់ពេល​យ៉ាងយូរ និង​ដល់​ពេល​​ដែល​លោក​ត្រូវ​យក​គេ​មក​ប្រើ​ហើយ។ ក្នុង​​រដូវ​កាល​២០១៩-២០២០ OYARZABAL បង្ហាញ​ខ្លួន​បាន​ ២៦​ប្រកួត រក​បាន​ ៨ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ ៦​លើក។

តាម​សារព័ត៌មាន The Sun កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ ត្រូវ​បាន​ក្លឹប​មេឃ​ខៀវ Manchester City ចាប់​អារម្មណ៍។

២- ខ្សែ​បម្រើ​កណ្ដាល OSCAR RODRIGUEZ របស់​ក្លឹប Leganes

កីឡាករ Rodriguez វ័យ​២១​ឆ្នាំ ត្រូវ​បាន​ Leganes ខ្ចីជើង​ពី​ Real Madrid ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨ មក ប៉ុន្តែ​អនាគត​របស់​គេ​នា​ពេល​នេះល្អ​ប្រើសើរ​ណាស់។ រូបគេ​បង្ហាញ​ខ្លួន​បាន ២៦ប្រកួត រក​បាន​ ៧គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ ២លើក។

៣- ខ្សែ​ប្រយុទ្ធ​ស្លាប FERRAN TORRES របស់ Valencia

ក្រៅ​ពី​ចចាមអារ៉ាមមាន​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា ៩១លាន​ផោន ខ្សែ​ប្រយុទ្ធ​ស្លាប​ FERRAN TORRES របស់ Valencia វ័យ​២០​ឆ្នាំ ក៏​មិន​ខ្វះ​អ្នក​ចែចូវ​ ហើយ​ក្នុង​នោះ​ក៏​មាន Liverpool ដែរ។ រូប​គេ​នឹង​ផុត​កុងត្រា ១​ឆ្នាំ​ទៀត​ ដូច្នេះ ​Valencia អាច​នឹង​លក់​រូប​គេ​ចេញ​។

កីឡាករអេស្ប៉ាញ TORRES ក្នុង​រដូវ​កាល​ ២០១៩-២០២០ បង្ហាញ​ខ្លួន​បាន​ ២៥​ប្រកួត រក​បាន​ ៤​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ ៤លើក។

៤- ខ្សែ​បម្រើ​កណ្ដាល MARTIN ODEGAARD របស់ Real Sociedad

កីឡាករ​សញ្ជាតិ​ន័រវេស MARTIN ODEGAARD ជា​ទ្រព្យ​ដ៏​សំខាន់​បំផុត​របស់​ទ្វីបអឺរ៉ុប។ រូប​គេ​បាន​ចូល​លេង​ឱ្យ Real Madrid ក្នុង​តម្លៃ​ខ្លួន ២,៥លាន​ផោន នៅ​អាយុ​១៦​ឆ្នាំ ប៉ុន្តែ​បង្ហាញ​ខ្លួន​បាន​មួយ​ប្រកួត​ប៉ុណ្ណោះ​ឱ្យ​ពួកគេ។ បច្ចុប្បន្ន​កីឡាករ​វ័យ ២១​ឆ្នាំ លេង​ឱ្យ Sociedad ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ជា​កូន​សោរ​សំខាន់​មួយ​របស់លោក Imanol Alguacil។

ODEGAARD ក្នុង​រដូវ​កាល​ ២០១៩-២០២០ បង្ហាញ​ខ្លួន​បាន​ ២៣ប្រកួត រក​បាន​ ៤​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ ៥លើក។

៥- ខ្សែ​ការពារឆ្វេង MARC CUCURELLA របស់ Getafe

បន្ទាប់​ពី​ចុះ​កុងត្រា​​អចិន្ត្រៃយ៍ពី​ក្លឹប Barcelona ហើយបាន​ចំណាយ​ពេល​នៅ Getafe ពាក់​កណ្ដាល​រដូវកាល ពេល​នេះ MARC CUCURELLA អាច​ផ្ទេរ​ទៅ​កាន់​ក្លឹប​ថ្មី​ជា​ថ្មី​ម្ដង​ទៀតក្នុង​តម្លៃ​ផ្ដាច់​កុងត្រា ២៣លាន​ផោន។

កីឡាករ​វ័យ ២១​ឆ្នាំ​ ដែល​អាច​លេង​ស្លាប​បាន​នេះ កំពុង​មាន​ក្លឹប​ជាច្រើន​ចាប់​អារម្មណ៍ ពោលគឺ Tottenham, Arsenal, Leverkusen និង Borussia Monchengladbach។

ក្នុង​រដូវ​កាល​ ២០១៩-២០២០ MARC CUCURELLA បង្ហាញ​ខ្លួន​បាន​ ២៦ប្រកួត រក​បាន​ ១គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ ៤លើក៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ