Huawei បរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ជូនដល់ក្រសួងសុខាភិបាលកម្ពុជាក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩

  • 2020-04-08 02:20:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ពិធី​បរិច្ចាគ​ប្រព័ន្ធ​សន្និសីទ​វីដេអូ Cloudlink របស់ក្រុមហ៊ុន Huawei កម្ពុជា ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​​ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម​ Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក Yao Yuya អគ្គនាយកក្រុមហ៊ុន Huawei ប្រចាំកម្ពុជា។

ក្នុងរយៈពេលថ្មីៗនេះ ស្ថានភាពជំងឺរលាកសួតថ្មីកូវីដ១៩ កំពុងមាន​ការវិវឌ្ឍន៍​ឥតឈប់ឈរនៅ​ក្នុងប្រទេសកម្ពុជា​ ដូចនេះ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយ និងឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា ICTឈានមុខគេនៅលើពិភពលោក ក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី បានធ្វើសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដើម្បីជាជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុង​កិច្ចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ​បង្អស់ដូច​​ជា​ Cloud និងបញ្ញាសិប្បនិម្មិត AI ជាដើម ហើយប្រព័ន្ធសន្និសីទវីដេអូនេះនឹងអាចភ្ជាប់ទំនាក់ទំនងគ្នាបានរវាងក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។​ លើសពីនេះទៅទៀត ការធ្វើអន្តរទំនាក់ទំនងដោយរយៈពេលដំណើរការជាក់ស្តែង (Real-time) រវាងក្រសួងសុខាភិបាលកម្ពុជា មណ្ឌលសុខភាពខេត្ត និងមន្ទីរពេទ្យទូទាំង ២៥ រាជធានី ខេត្ត នឹងអាចដាក់ដំណើរការទៅបាន ដើម្បីពិនិត្យ និងតាមដាននូវករណីនៃជំងឺ ពិគ្រោះយោបល់ពីចម្ងាយដោយរយៈពេលដំណើរការជាក់ស្តែង (Real-time) ដែលវាមិនត្រឹមតែអាចជួយបង្កើនប្រសិទ្ធភាពទូទៅក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ វាក៏អាចជួយសន្សំសំចៃពេលវេលានៃប្រតិបតិ្តការការងារផងដែរ ។

ប្រព័ន្ធសន្និសីទវីដេអូនេះអាចបង្កើតឡើងបានក្រោមការព្រមព្រៀងរបស់ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍នៃកម្ពុជា ដែលអនុញ្ញាត​ឲ្យ​មានការបើកបណ្តាញសាកល្បង 5G ជាបណ្តោះអាសន្ន និងការដាក់ពង្រាយនូវបណ្តាញសាកល្បង 5G ដែលប្រតិបត្តិករអាចដាក់ដំឡើងបានយ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើ​ឲ្យ​អន្តរទំនាក់ទំនងដោយប្រព័ន្ធអ៊ីនធឺណិតឥតខ្សែ(wireless broadband interconnection) រវាងក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមន្ទីរពេទ្យតាមបណ្តាខេត្តអាចដាក់ដំណើរការទៅបាន។ ក្រៅពីនេះ បច្ចេកវិទ្យា 5G ដែលមានល្បឿនលឿន និងប្រើប្រាស់រយៈកាលខ្លីបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយសម្រាប់ការប្រើប្រាស់ប្រព័ន្ធពិគ្រោះជំងឺពីចម្ងាយ​ (telemedicine) នេះ។ ជាមួយនឹងការរីកចម្រើននៃយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បច្ចេកវិទ្យា5G (Cloud) និងបញ្ញាសិប្បនិម្មិតAI ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅគ្រប់ស្ថានការណ៍ទាំងអស់ ជាពិសេសគឺការពិគ្រោះជំងឺពីចម្ងាយ telemedicine និងការពិនិត្យតាមដានមេរោគ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានមានប្រសាសន៍ថា៖ “ប្រព័ន្ធសន្និសីទវីដេអូ និង​សម្ភារៈ​ដែលបរិច្ចាគដោយក្រុមហ៊ុន Huawei កម្ពុជានាពេលនេះ បានជួយដល់ក្រសួងសុខាភិបាលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមន្ទីរពេទ្យទទួលបន្ទុកជំងឺកូវីដ១៩ នេះ​នៅទូទាំង ២៥ រាជធានី ខេត្ត ដែលរួមចំណែកបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងសុខាភិបាល​ឲ្យ​កាន់តែប្រសើរជាងមុន ជាពិសេសគឺចំណេញពេលវេលាក្នុងកិច្ចការប្រយុទ្ធប្រឆាំង និងបង្ការការរីករាលដាលនេះ ពីព្រោះថា ​ព័ត៌មាន​នឹងត្រូវបានចែករំលែក និងបែងចែកទៅគ្រប់ស្ថាប័នពាក់ព័ន្ធដោយប្រើរយៈពេលត្រឹមតែម្តងប៉ុណ្ណោះ។ ម៉្យាងវិញទៀត បណ្តាញ5G នេះបានផ្តល់នូវបទ​ពិសោធន៍​អ៊ីនធឺណិតល្បឿនលឿន និងជំនួយយ៉ាងទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាផ្ទាល់។ ដូចនេះ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Huawei ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់នឹងការរាតត្បាតនៃជំងឺនេះ។”

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “សហគ្រាសចិននៅកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពបរិច្ចាគផ្សេងៗ ដើម្បីរួមចំណែកក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ក្នុងនោះដែរ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាឈានមុខគេនៅលើពិភពលោក បានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលមានជំងឺរាតត្បាតនេះ ដែលជាគំរូមួយដ៏ល្អប្រសើរសម្រាប់សហគ្រាសចិនទាំងអស់។”

ក្នុងឱកាសនោះ លោក Yao Yuya អគ្គនាយកក្រុមហ៊ុន Huawei Technologies ប្រចាំកម្ពុជាបានមានប្រសាសន៍ផងដែរថា៖ “នាពេលបច្ចុប្បន្ននេះ ស្ថានភាពជំងឺរលាកសួតថ្មីកូវីដ១៩ កំពុងមានការវិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា ក្នុងនាមក្រុមហ៊ុន Huawei ជាសហគ្រាសមួយដែលមានទំនួលខុសត្រូវបម្រើដល់ប្រជាពលរដ្ឋ និងបានប្រតិបត្តិការធុរកិច្ចនៅកម្ពុជាអស់រយៈពេល ២១ឆ្នាំមកនេះ យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “នៅកម្ពុជាដើម្បីកម្ពុជា” ។ ដោយមានការណែនាំ និងជំនួយយ៉ាងមុតមាំពីស្ថានទូតចិនប្រចាំកម្ពុជា ក្នុងនាមក្រុមហ៊ុន Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាឈានមុខគេនៅលើពិភពលោក យើងនឹងខិតខំប្រើប្រាស់នូវ​វិធីសាស្ត្របច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់ខ្លួនរួមមាន៖ បច្ចេកវិទ្យា 5G បញ្ញាសិប្បនិម្មិត AI និងជាពិសេសប្រព័ន្ធសន្និសីទវីដេអូ Huawei cloud ដើម្បីគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនេះ ពីព្រោះយើងជឿជាក់ថា បច្ចេកវិទ្យាព័ត៌មានវិទ្យា ICTបានក្លាយជាមធ្យោបាយដ៏សំខាន់ដើម្បីលើកកម្ពស់ដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះនៅក្នុងប្រទេសកម្ពុជា។”

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Huawei​ ប្រចាំកម្ពុជា​:https://www.facebook.com/HuaweiTechKH/

អត្ថបទពេញនិយម