មកដឹងយុទ្ធសាស្ត្រទប់មិនឲ្យជំងឺកូវីដ១៩ផ្ទុះលើកទីពីរ របស់រោងចក្រដំឡើង iPhone

  • 2020-04-09 10:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​បើក​​​ខេត្ត/ទីក្រុង​ដែល​បាន​បិទ​ព្រោះ​ជំងឺ​កូវីដ​១៩​ជា​បណ្ដើរៗ​ហើយ ដោយ​សារ​តែ​អត្រា​នៃ​ការ​ឆ្លង​គឺ​មាន​​កាន់​តែ​តិចទៅៗ ហើយ​រោងចក្រ​ក៏​បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ឡើង​វិញ និង​មនុស្ស​ចាប់​ផ្ដើម​វិល​ចូល​ធ្វើ​ការ​ផង​ដែរ។ យ៉ាងណាក្ដី​គ្រោះ​ថ្នាក់​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយ​អ្នក​ជំនាញ​បាន​ព្រមាន​ថា​ការ​ផ្ទុះ​ជា​លើក​ទីពីរ​អាច​នឹង​កើត​មាន​ឡើង ប្រសិន​គ្មាន​ការ​ប្រយ័ត្នប្រយែង។

ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ជា​លើក​ទី​ពីរ​ ក្រុម​ប្រឹក្សា​រដ្ឋ​ចិន បាន​ណែនាំ​ឲ្យ​និយោជក​ផ្ដល់​ម៉ាស​​មុខ​ដល់​បុគ្គលិក និង​ត្រូវ​វាស់​កម្ដៅ​ពួក​គេ​ជា​ប្រចាំ​ថ្ងៃ។ យ៉ាងណាក៏ដោយ​ ក្រុមហ៊ុន​ដូច​ជា​ Foxconn ដែល​ជា​អ្នក​ដំឡើង​ iPhone ដ៏​ធំ​មួយ បាន​អនុវត្តន៍​លើស​ពី​នេះ​ទៅ​ទៀត។

​​បុគ្គលិក Foxconn នៅ​រោងចក្រ​ Zhengzhou ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​ ពួក​គេ​ទទួល​បាន​ម៉ាស​មុខ​ ហើយ​មាន​ការ​វាស់​កម្ដៅ​ជា​រៀងរាល់​ព្រឹក ដែល​ស្រប​តាម​ការ​តម្រូវ​របស់​ក្រុម​ប្រឹក្សា​រដ្ឋ។ បន្ថែម​ពី​នេះ Foxconn ក៏​ធ្វើ​ការ​ត្រួត​ពិនិត្យ​កម្ដៅ​បុគ្គលិក​តាម​រយៈ​​កាមេរ៉ា​​វីដេអូ Infrared ផង​ដែរ ដើម្បី​ដឹង​អំពី​សញ្ញា​​ដំបូង​នៃ​ជំងឺ។ មិន​តែ​ប៉ុណ្ណោះ​នៅ​​ពេល​បាយ​ថ្ងៃ​ត្រង់​ តុ​នៅ​កន្លែង​ទទួល​អាហារ​គឺ​ត្រូវ​បាន​បាំង​ដោយ​របាំង​​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​រវាង​បុគ្គលិក​និង​បុគ្គលិក។ កៅអី​អង្គុយ​នៅ​កន្លែង​ទទួល​ទាន​អាហារ​ក៏​មាន​នូវ​ QR Code សម្រាប់​បុគ្គលិក​ស្កេន ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​បាន​ដឹង​ថា​ពួក​គេ​​ផ្លាស់​ទី​ទៅ​​កន្លែង​ណា​ខ្លះ។

​បុគ្គលិក​ត្រូវ​បាន​គេ​រៀប​ចំ​ជា​ក្រុមៗ​មាន​ ២០ នាក់ ដែល​ពួក​គេ​ទទួល​ទាន ធ្វើ​ការ និង​រស់​នៅ​ជា​មួយ​គ្នា​ផង​ដែរ។ នៅ​ពេល​​ដែល​ពួក​គេ​ត្រឡប់​មក​​​ពី​ធ្វើ​ការ មក​ដល់​កន្លែង​ស្នាក់​នៅ​ដែល​ក្រុមហ៊ុន​ផ្ដល់​ជូន (Dorm) គឺ​មាន​ទីតាំង​សម្រាប់​ឲ្យ​ពួក​គេ​ទុក​អាវ​ក្រៅ និង​កាតាប​ដើម្បី​សម្លាប់​មេរោគ​ជា​មុន​សិន។

Foxconn បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​ទៅ​កាន់ Washington Post ថា​ ខ្លួន​ក៏​មាន​ប្រើ​ប្រាស់​ការ​​ធ្វើ​តេស្ត​សុខភាព និង​ប្រើ​ X-Ray ដើម​ទ្រូង​ផង​ដែរ​នៅ​ពេល​ដែល​ចាំ​បាច់។ គោលការណ៍​ដែល Foxconn បាន​អនុវត្តន៍​គឺ​ជា​គោលការណ៍​តឹងរ៉ឹង​បំផុត​មួយ​នៅ​ប្រទេស​ចិន ដោយ​សារ​ក្រុមហ៊ុន​ត្រូវ​​ធ្វើ​ការ​ឲ្យ​ទាន់​ពេល​ iPhone ​ថ្មី​​ដែល​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ៕​​​

ប្រភព៖ Mashable   ប្រែ​សម្រួល៖ សុខហេង