សុគន្ធ​កញ្ញា ជម្រះ​រឿង​ពាក់​ព័ន្ធ​នឹង វង្ស ដារ៉ារតនា ក្នុង​ The Voice Cambodia

  • 2014-11-24 17:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ជម្រះ​មន្ទិល​កើត​លើ​នាង​ក្នុង​កម្មវិធី The Voice Cambodia ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មី​ៗ ខណៈ​មាន​ការ​វាយ​តម្លៃ​ថា នាង​បាន​ប្រើ​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​រើស​យក​បេក្ខជន វង្ស ដារ៉ា​រតនា ឲ្យ​ឆ្លង​វគ្គ​ម្ដង​ហើយ​ម្ដង​ទៀត ឯ​មហាជន​យល់​ថា បេក្ខជន​រូប​នេះ​សមត្ថភាព​នៅ​មាន​កម្រិត។

 

“សុគន្ធ​កញ្ញា មិន​ដែល​ក្បត់​ឧត្តម​គិត​ខ្លួន​ឯង​ឡើយ ខ្ញុំ​មាន​បទ​ពិសោធន៍​ជាង​១០​ឆ្នាំ​ក្នុង​ផ្នែក​នេះ អីចឹង​ខ្ញុំ​យក​បទ​ពិសោធន៍​នេះ​ប្រើ​ក្នុង​ការ​រើស​យក​នរណា​ម្នាក់​ដែល​មាន​សមត្ថភាព​ទៅ​វគ្គ​បន្ត!"។ សុគន្ធ​កញ្ញា និយាយ​ម៉ាត់ៗ និង​ច្បាស់​លាស់​បញ្ជាក់​ពី​អ្វី ដែល​នាង​បាន​ធ្វើ​ក្នុង​នាម​ជា Coach របស់​កម្មវិធី The Voice Cambodia ។

 

កញ្ញា បន្ត​ថា កម្មវិធី The Voice Cambodia គឺ​សង្កត់​ធ្ងន់​បំផុត​ទៅ​លើ​សំឡេង ដូច្នេះ​ហើយ​សម្រាប់​កញ្ញា​ខ្លួន​ឯង​គឺ​ចង់​យក​អ្វី​ដែល​ប្លែក​មក​ជូន​ទស្សនិកជន គឺ​កញ្ញា​ចង់​រក​អ្នក​ដែល​មាន​សំឡេង​ប្រភេទ Rock ឬ Pop ​ជា​ដើម។ យោង​លើ​​ហេតុផល​នេះ កញ្ញា បាន​រើស​យក វង្ស ដារ៉ា​រតនា បន្ត​រហូត​មក​ដល់​វគ្គ Live Show  ប៉ុន្តែ​ថា មិន​មាន​ពាក់​ព័ន្ធ​នឹង​មនោសញ្ចេតនា​ស្គាល់​គ្នា​រវាង​នាង និង រតនា​ឡើយ។

 

“សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​គាត់​ជា​អ្នក​ចម្រៀង ដោយ​សារ​ធ្លាប់​ឃើញ​គាត់​ឡើង Concert និង​ឡើង​ប៉ុស្តិ៍​អី​ជា​ដើម ប៉ុន្តែ​ខ្ញុំ​អត់​ស្គាល់​ឈ្មោះ​គាត់​ទេ ទាល់​តែ​គាត់​មក​ប្រឡង តែ​ដំបូង​ក៏​អត់​ដឹង​ថា​គាត់​ដែរ ព្រោះ​វគ្គ​ដំបូង​យើង​បែរ​ខ្នង អ្នក​ណា​ទៅ​ចាំ​សំឡេង​អ្នកណា​ជា​អ្នក​ណា រហូត​ដល់​បង្វិល​កៅ​អី ហើយ​ខ្ញុំ​សួរ​គាត់ ទើប​ដឹង​ថា អូហ៍​គាត់​ឈ្មោះ រតនា!”។ កញ្ញា ថ្លែង។

 

ឆ្លង​ផុត​វគ្គ Blind Audition មក​ដល់​វគ្គ Live Show សប្ដាហ៍​ទី​១-៣ វង្ស ដារ៉ា​រតនា នៅ​តែ​ត្រូវ​បាន​រើស​ដោយ​ផ្ទាល់​ពី សុគន្ធ​កញ្ញា ឲ្យ​ឆ្លង​វគ្គ​ម្ដង​ហើយ​ម្ដង​ទៀត ឯ​ការ​រិះគន់​ដដែល​នៅ​តែ​កើត​មាន។ មក​ដល់​សប្ដាហ៍​ទី​៤ ដារ៉ារតនា ត្រូវ​បាន​ជម្រុះ ខណៈ​មហាជន ពិសេស​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​បាន​វិភាគ​ថា សុគន្ធ​កញ្ញា ធ្វើ​ដើម្បី​គេច​ការ​រង​សម្ពាធ​កាន់​តែ​ខ្លាំង​បើ​នៅ​តែ​បន្ត​អូស​យក ដារ៉ារតនា។

 

ប៉ុន្តែ​សាមី​ខ្លួន បាន​បដិសេធ "ខ្ញុំ​អត់​ដែល​មាន​សម្ពាធ​អី​ទេ ជា​ទូ​ទៅ​ខ្ញុំ​អត់​ដែល​មាន​សម្ពាធ​ទេ ខ្ញុំ​ដឹង​ថា​មនុស្ស​យើង​បើ​អត់​ធ្វើ​បាន​អត់​ខុស តែ​បើ​ធ្វើ​គឺ​មិន​អាច​ផ្គាប់​ចិត្ត​បាន​ទាំង​អស់​ទេ ហើយ​ខ្ញុំ​ក៏​ដឹង​ថា ទស្សនិកជន​ប្រាកដ​ជា​មាន​មតិ​ខុស​គ្នា អីចឹង​បើ​ពួក​គាត់​ពេញ​ចិត្ត​អ្នក​ណា គាត់​បោះ​ឆ្នោត​ឲ្យ​អ្នក​នោះ អីចឹង​រតនា​ក៏​ដូច​គ្នា បើ​គាត់​មិន​ធ្លាក់​សប្ដាហ៍​នោះ សប្ដាហ៍​ក្រោយៗ​ក៏​គាត់​នៅ​តែ​ធ្លាក់​ដែរ ព្រោះ​គាត់​អត់​ជាប់ Vote ទេ!"។

កញ្ញា បន្ត​ពន្យល់​ថា ដារ៉ា​រតនា នៅ​សប្ដាហ៍​ទី​៣​នោះ មាន​សមត្ថភាព​លើស​តែ​បន្តិច​ប៉ុណ្ណោះ​ទៅ​នឹង​បេក្ខជន​ម្នាក់​ទៀត​ដែល​ធ្លាក់ ដូច្នេះ​មក​ដល់​សប្ដាហ៍​ក្រោយ គាត់​បាន​ប្រឈម​នឹង​បេក្ខជន​ដែល​ឈ្នះ Vote ពី​មហាជន​ពី​សប្ដាហ៍​មុន។ កញ្ញា សង្កត់​ធ្ងន់​ថា នាង​មិន​មាន​សិទ្ធិ​រក្សា​ទុក​អ្នក​ណា​ទាំង​អស់ តាម​តែ​នាងចូល​​ចិត្ត​ទេ ប៉ុន្តែ​គ្រាន់​តែ​អាច​រក្សា​ទុក​អ្នក​ដែល​មាន​សមត្ថភាព​ស្រប​តាម​ការ​កំណត់​របស់​កម្មវិធី​ប៉ុណ្ណោះ។ "ខ្ញុំ​សង្ឃឹម​ថា ត្រឹម​ប៉ុណ្ណឹង​ទាំង​អស់​គ្នា នឹង​លែង​មាន​មន្ទិល​ទៀត"។

 

ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​នានា​របស់ Coach ទាំង​៤ លោក អ៊ិន ទីតូ ​អ្នក​រៀប​ចំ​កម្មវិធី​ ធ្លាប់​បាន​ប្រាប់ Sabay ថា​លោក​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ ហើយ​លោក​ក៏​ដឹង​ថា ការ​រិះគន់​ជា​រឿង​ចៀស​មិន​រួច ព្រោះ​តែ​បេក្ខជន មាន​អ្នក​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត​រៀង​ខ្លួន។

 

បើ​ទោះ​មាន​ការ​រិះគន់​ខ្លះ ប៉ុន្តែ​ប្រការ​គួរ​កត់​សម្គាល់​មួយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក៏​ធ្លាប់​បាន​លើក​សរសើរ​ពី​កម្មវិធី The Voice និង Coach ទាំង​បួន​ថា មាន​សមត្ថភាព​មិនធម្មតា​ដែរ៕

 

ផ្សេង​ៗ​ទៀត​ពី​ឱក សុគន្ធ​កញ្ញា មាន​នៅ​ទី​នេះ…!!!

អត្ថបទ​ផ្សេង​ៗ​ស្ដី​ពី​សកម្មភាព​តារា​ជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ​ផ្សេង​ៗ​ជុំ​វិញ​តារាជាតិ​ ​មាន​នៅ​ទី​នេះ…!!!

អត្ថបទ៖ ទារិកា